ប្រទេសបារាំង៖ នៅក្នុងប្រទេសបារាំង មានព្រឹត្តិការណ៍បាញ់ប្រហារមួយបានកើតមាននៅក្នុងទីក្រុង Strasbourg កាលពីយប់ថ្ងៃអង្គារ ទី១១ ធ្នូលើទីផ្សារណូអែល។ ជនខ្មាន់កាំភ្លើងម្នាក់បានបាញ់រះលើហ្វូងមនុស្សដោយបណ្តាលឲ្យស្លាប់ ៣នាក់ របួស១៣នាក់ ក្នុងនោះមានរបួសធ្ងន់ ៨នាក់ និងរបួសស្រាល ៥នាក់។ ក្រោយឧប្បត្តិហេតុ ជនខ្មាន់កាំភ្លើងដែលគេស្គាល់អត្តសញ្ញាណកំពុងបន្តរត់គេចខ្លួនដោយមិនដឹងថា តើកំពុងពួនសម្ងំក្នុងទីក្រុង Strasbourg ឬមួយក៏បានចាកចេញពីទឹកដីបារាំងរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នភេរវនិយម ហើយខណៈនេះ កម្លាំងប៉ូលិស និងប៉េអឹមកំពុងចេញប្រតិបត្តិការយ៉ាងសកម្មតាមក្របួច ក រូបជនដៃដល់។
អ្វីៗបានចាប់ផ្តើមនៅវេលាម៉ោង ៧ និង៥០នាទីយប់ម៉ោងក្នុងប្រទេសបារាំង ត្រូវជាម៉ោង ១ និង ៥០នាទីរំលងអធ្រាត្រម៉ោងនៅក្នុងប្រទេសកម្ពុជា។ បុរសម្នាក់បានដកកាំភ្លើងខ្លីស្វ័យប្រវត្តិបាញ់រះទៅលើហ្វូងមនុស្សនៅទីផ្សារណូអែលចំទីកន្លែងប្រជុំជនក្នុងទីក្រុង Strasbourg ដែលស្ថិតប៉ែកភាគឦសានប្រទេស និងមានព្រំដែនជាប់ប្រទេសអាល្លឺម៉ង់។ គួរបញ្ជាក់ថា ផ្លូវដែលជនខ្មាន់កាំភ្លើងបើកការបាញ់រះជាផ្លូវដែលសម្បូរដោយហាងលក់ទំនិញ និងភោជនីយដ្ឋាន។ ព័ត៌មានដែលបញ្ជាក់ដោយលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Christophe Castaner ឲ្យដឹងថា ការបាញ់រះបានកើតមានឡើងចំនួន ៣ ដង។
កម្លាំងប៉ូលិសសង្កាត់ កម្លាំងប៉េអឹម និងកម្លាំងទាហានក៏បានរួសរាន់ចេញអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ។ ពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានស្ងើចសរសើរពីអន្តរាគមន៍យ៉ាងឆាប់រហ័សរបស់កម្លាំងសមត្ថកិច្ច។ នៅពេលនោះ មានការបាញ់តគ្នាចំនួនពីរដងរវាងជនខ្មាន់កាំភ្លើង និងកម្លាំងប៉ូលិស ហើយនៅចន្លោះម៉ោង ៨ ២០នាទី និងម៉ោង ៩យប់ ជនខ្មាន់កាំភ្លើងបានបាញ់លើកម្លាំងទាហានដែលកំពុងដើរល្បាត ហើយកម្លាំងទាហានក៏បានបាញ់តវិញ។ ការបាញ់តគ្នានេះបណ្តាលឲ្យរបួសជនខ្មាន់កាំភ្លើង ហើយទាហានម្នាក់បានរងរបួសស្រាល។
អស់រយៈពេលជាច្រើនម៉ោងពេញមួយយប់ថ្ងៃអង្គារ ទី១១ ធ្នូ តំបន់ដែលស្ថិតក្បែរ និងកន្លែងកើតហេតុត្រូវបានបិទខ្ទប់ ហើយមនុស្សជាច្រើននាក់ត្រូវបានបង្ខំាងមិនឲ្យចេញចូល។ ចំណែកជនខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ដោយមិនដឹងថា តើរូបគេកំពុងបន្តលាក់ខ្លួនក្នុងទីក្រុង Strasbourg ឬមួយក៏បានចាកចេញពីទឹកដីបារាំង។ ខណៈនេះ ទីតាំងសំខាន់ៗជាច្រើនក្នុងទីក្រុង Strasbourg កំពុងស្ថិតក្រោមការឡោមព័ទ្ធរបស់កម្លាំងប៉ូលិស ប៉េអឹម និងទាហានជាច្រើនរយនាក់ដែលកំពុងបន្តប្រតិបត្តិការយ៉ាងសកម្មតាមក្របួច ក ជនខ្មាន់កាំភ្លើង។
តើជនខ្មាន់កាំភ្លើងជានរណា?រហូតមកដល់ពេលនេះ រដ្ឋអំណាចនៅមិនទាន់បានបញ្ជាក់ពីមូលហេតុនៃទង្វើរបស់ជនខ្មាន់កាំភ្លើងនៅឡើយទេ។ តែក្រុមអ្នកស៊ើបអង្កេតកំពុងបន្តធ្វើការងារស្រាវជ្រាវយ៉ាងសកម្ម។ អ្វីដែលគេដឹង និងអាចនិយាយបាន បុរសខ្មាន់កាំភ្លើងរូបនោះជាជនជាតិបារាំង មានអាយុ ២៩ឆ្នាំ និងមានកំណើតក្នុងទីក្រុង Strasbourg។ រដ្ឋអំណាចនៅមិនទាន់បានចាត់ទុកទង្វើបាញ់រះរបស់ជនខ្មាន់កាំភ្លើងជាទង្វើភេរវកម្មទេ តែអយ្យការក្រុងប៉ារីសបានបើកការស៊ើបអង្កេតក្នុងបទឃាតកម្ម និងការប៉ុនប៉ងធ្វើឃាតដោយមានទំនាក់ទំនងជាមួយចលនាភេរវនិយម។
គួរបញ្ជាក់ថា ជនខ្មាន់កាំភ្លើងវ័យ ២៩ឆ្នាំរូបនេះមានប្រវត្តិរូបមិនល្អទេ។ រូបគេធ្លាប់បានដេកក្នុងគុកបារាំងផង និងគុកអាល្លឺម៉ង់ផងក្នុងបទឧក្រិដ្ឋកម្មជាច្រើន។ ឈ្មោះរបស់ជនដៃដល់មាននៅក្នុងបញ្ជីមនុស្សគ្រោះថ្នាក់ជាច្រើនពាន់នាក់ផ្សេងទៀតដែលស្ថិតក្រោមការតាមឃ្លាំមើលពីស្ថាប័នស៊ើបការណ៍សម្ងាត់បារាំង។ សូមជម្រាបថា នៅព្រឹកថ្ងៃអង្គារ ទី១១ ធ្នូ កម្លាំងប៉ូលិសបានចូលឆែកឆេរផ្ទះរបស់ជនខ្មាន់កាំភ្លើងដើម្បីចាប់រូបគេពាក់ព័ន្ធនឹងបទល្មើសកាលពីរដូវក្តៅកន្លងទៅ។ ក្នុងពេលឆែកឆេរ ជនខ្មាន់កាំភ្លើងមិនបានស្ថិតក្នុងផ្ទះរបស់គេទេ តែប៉ូលិសរឹបអូសបានគ្រាប់បែក ព្រមទាំងចាប់បានមនុស្សរួមគំនិតចំនួន ៣នាក់។
នៅពេលយប់ថ្ងៃដដែល ក៏ស្រាប់តែមានការបាញ់រះលើហ្វូងមនុស្សនៅលើទីផ្សារណូអែល។ ភ្លាមៗក្រោយហេតុការណ៍បាញ់រះ ប៉ូលិសក៏បានភ្ជាប់ព្រឹត្តិការណ៍មួយនេះទៅនឹងព្រឹត្តិការណ៍ចូលឆែកឆេរក្នុងផ្ទះរបស់ជនខ្មាន់កាំភ្លើង។ គេអាចថាជារឿងមួយចៃដន្យ តែសម្រាប់រដ្ឋអំណាចគឺច្បាស់ណាស់ គឺជនរូបនោះឯងដែលបានបាញ់រះនៅទីផ្សារណូអែល។ អ្វីដែលក្រុមអ្នកស៊ើបអង្កេតកំពុងចង់ដឹងនោះគឺថា តើទង្វើរបស់រូបគេជាទង្វើភេរវកម្មឬអត់ ព្រោះរហូតមកដល់ពេលនេះ នៅមិនទាន់មានភស្តុតាងអ្វីដែលអាចបញ្ជាក់ជាទង្វើភេរវកម្មនៅឡើយទេ។ កាំភ្លើងខ្លីដែលរូបគេបានប្រើ និងគ្រាប់បែកដែលកម្លាំងប៉ូលិសរឹបអូសបាននៅក្នុងផ្ទះរបស់គេមិនមែនជាមធ្យោបាយដែលពួកភេរវជនច្រើនប្រើទេ។ ចំណែករបៀបធ្វើសកម្មភាពរបស់រូបគេក៏ហាក់មិនមែនជាសកម្មភាពដែលពួកភេរវជនតែងប្រើដែរ។
លោករដ្ឋអាជ្ញាទីក្រុង Strasbourg បានថ្លែងដោយស្រង់សម្តីសាក្សីជាច្រើនដែលថា គេបានឮជនខ្មាន់កាំភ្លើងស្រែក Allak Akbar ឬ « មានតែព្រះអាឡាធំជាងគេ »។ បើពិតជាមានការស្រែកពាក្យនេះមែន នោះទង្វើរបស់គេពិតជាទង្វើភេរវកម្មរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។ តើបារាំងបានទទួលរងការវាយប្រហារភេរវកម្មជាថ្មីឬ?។ គេត្រូវរង់ចាំលទ្ធផលស៊ើបអង្កេត ពិសេសត្រូវក្របួច ក ជនខ្មាន់កាំភ្លើងទាំងរស់ទៅសួរចម្លើយ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
