ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ បុរសជនជាតិអង់គ្លេសម្នាក់ និងស្ត្រីវៀតណាមម្នាក់ ពីបទទិញពេស្យាចារកុមារ និងបទអូសទាញពេស្យាចារកុមារ ។
សាលក្រមតុលាការក៏បានបង្គាប់ឲ្យជនត្រូវចោទសងជំងឺចិត្តទៅឲ្យកុមារីជាជនជាតិវៀតណាមចំនួន៣នាក់ ក្នុងទឹកប្រាក់សរុបចំនួន១២,០០០ដុល្លារសហរដ្ឋអាមេរិក តែក្មេងស្រីម្នាក់ផ្សេងទៀតមិនទាមទារសំណងជំងឺចិត្តអ្វីឡើយ ។ ហើយសាលក្រមនេះបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើជនជាប់ចោទកើតទុក្ខមិនសុខចិត្តនិងផ្ដន្ទាទោស ។
ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសមានទី១ឈ្មោះ ជាប្តីឈ្មោះ CLIVE ROBERT KING SLEY អាយុ៦៩ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥១៨… និងស្ត្រីជាប្រពន្ធឈ្មោះ ជា សុខធី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ពួកគេបានជួលបន្ទប់ខុនដូ ផ្លូវលេខ១០៩ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ស្នាក់នៅបណ្តោះអាសន្ន ។
រ៉ូបឹត និងជា សុចាន់ធី ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាប់ខ្លួនកាលពីថ្ងៃទី ២៩មេសា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ពួកគេក្នុងសង្កាត់ទួទំពួង១ ខណ្ឌចំការមន ជាមួយនឹងកុមារីវៀតណាមក្មេងៗ៤នាក់ ។ ពួកគេជួលបន្ទប់ខុនដូក្នុងខណ្ឌចំការមនស្នាក់នៅ តែបុរសជាប្តីឧស្សាហ៍ចេញ-ចូលក្រៅប្រទេស ។ ក្រោយមកបុរសជាប្តីក៏មានគំនិតឲ្យប្រពន្ធដើររកទាក់ទងកុមារអាយុក្រោម១៥ឆ្នាំ ដើម្បីយកមកចិញ្ចឹមធ្វើជាកូនធម៌ និងផ្តល់ការរៀនសូត្រដល់ពួកគេ ប៉ុន្តែក្រោយមកត្រូវកុមារទាំងនោះ បានរងគ្រោះដោយបុរសនោះប្រើប្រាស់លុយកាក់ទាក់ទាញទឹកចិត្តជាថ្នូរនឹងការរួមភេទ ។
បើតាមពាក្យការបំភ្លឺពីសំណាក់កុមាររងគ្រោះ ក៏ដូចជាចម្លើយជនសង្ស័យបានឲ្យសមត្ថកិច្ចដឹងថា ជនជាតិអង់គ្លេសរូបនោះបានលួងលោមទិញពេស្យាចារកុមាររួមភេទម្តងតម្លៃ២ពាន់ ទៅ៣ពាន់ដុល្លារអាមេរិក ហើយក្នុងនោះស្ត្រីជាប្រពន្ធក៏ទទួលបានផលពីកុមារម្នាក់១ពាន់ដុល្លារអាមេរិកដែរ នៅក្នុងសវនាការអសាធារណៈកាលពីដើម ខែធ្នូ លោក រ៉ូបឹត និងប្រពន្ធ បានបដិសេធ ចំពោះការចោទប្រកាន់ ប៉ុន្តែអ្នកទាំង២គ្មានភស្តុតាង ដើម្បីដោះបន្ទុកនោះឡើយ ៕ (អត្ថបទដោយ ទេព វណ្ណះ)
