រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់កាសែតធំមួយនៅក្នុងស្រុក អោយដឹងថា ទាក់ទងនឹងករណីអ្នកទោសវៀតណាម ដែលជាប់ក្នុងពន្ធនាគារនៅប្រទេសថៃ ហើយចង់ផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា គឺមិនអាចធ្វើបានទេ និងមិនត្រូវច្បាប់ជាតិ និងអន្តរជាតិឡើយ ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងករណីអ្នកទោសវៀតណាមជាប់ពន្ធនាគារនៅថៃ ហើយចង់ផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា អ្នកណាទៅធ្វើកើត ។ ឥឡូវ អ្នកទោសខ្មែរ រកពន្ធនាគារដាក់មិនបានផង ហើយទៅយកអ្នកទោសបរទេស មកដាក់នៅស្រុកខ្មែរយ៉ាងម៉េច ? នេះទី១ ហើយទី២. វាមិនត្រូវច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយច្បាប់នៅកម្ពុជា គឺមិនអនុញ្ញាតឲ្យយកអ្នកទោសបរទេសមកដាក់នៅកម្ពុជាទេ» ។
សម្តេចបញ្ជាក់ខាងលើ នៅក្នុងបទសម្ភាសន៍កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រោយពីពិធីទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ នៅសាលលមហោស្រពកោះពេជ្រ ។
សូមរម្លឹកថា អ្នកទោសវៀតណាម ក្នុងគុកថៃ សុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជាវិញ កន្លងមកនេះ មានអ្នកទោសខ្លះជាជនជាតិវៀតណាម ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសថៃ ហើយសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ។ ករណីនេះ ស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះស្ថានទូតត្រូវទៅមើលអ្នកទោសនោះ មានសញ្ជាតិអ្វីពិតប្រាកដ ព្រោះស្ថានទូតអាចដោះស្រាយបានលុះត្រាតែអ្នកទោសនោះជាជនជាតិខ្មែរ ។
ក្នុងលិខិតជូនដំណឹងរបស់លោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ឲ្យដឹងថា «មានអ្នកទោសខ្លះសុំផ្ទេរ មកជាប់នៅពន្ធនាគារកម្ពុជា ដោយផ្ទាល់មាត់ លុះដល់ស្ថានទូត ឲ្យធ្វើពាក្យស្នើសុំផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនស្ម័គ្រចិត្តមកបន្តជាប់ពន្ធនាគារនៅកម្ពុជាវិញ បែរជាគាត់មិនព្រម ធ្វើលិខិតស្នើសុំទាល់តែសោះ ។ ស្ថានទូតមិនអាចបង្ខិតបង្ខំទណ្ឌិត ឲ្យផ្ទេរមកកម្ពុជាបានទេ បើសាម៉ីខ្លួនមិនស្ម័គ្រចិត្តផ្ទេរមកកម្ពុជា» ៕ (អត្ថបទដោយ ទេព វណ្ណះ)