អង់គ្លេស៖ នៅថ្ងៃចន្ទ ទី១០ ធ្នូ តុលាការយុត្តិធម៌អឺរ៉ុបបានសម្រេចថា ប្រទេសអង់គ្លេសមានសិទ្ធិក្នុងការបោះបង់ចោល Brexit និងបន្តរួមរស់ជាមួយសហភាពអឺរ៉ុបជាថ្មីដោយមិនចាំបាច់សួរយោបល់ និងមានភ្លើងខៀវពីសមាជិកអឺរ៉ុបទាំង ២៧ប្រទេសទេ។ ការសម្រេចរបស់តុលាការយុត្តិធម៌អឺរ៉ុបពេលនេះបានធ្វើឡើង ក្នុងពេលដែលលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសតេរ៉េហ្សា ម៉េបានសម្រេចលើកការបោះឆ្នោតនៅក្នុងសភាអង់គ្លេសសេចក្តីព្រាងកិច្ចព្រមពៀងរវាងសហភាពអឺរ៉ុប និងរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃទី២៥ វិច្ឆិកា។
តើវាអាចឬទេដែលអង់គ្លេសបែរជាសម្រេចចិត្តបន្តរួមរស់ជាមួយសហភាពអឺរ៉ុបឡើងវិញ?
គ្មានអ្វីដែលរារាំងមិនឲ្យប្រទេសអង់គ្លេសត្រឡប់ទៅរួមសុខ រួមទុក្ខជាមួយសហភាពអឺរ៉ុបជាថ្មីឡើងវិញទេ ព្រោះទី១ ប្រទេសសមាជិកអឺរ៉ុបមួយនេះនៅមិនទាន់បានផ្តាច់ខ្លួនចេញពីអឺរ៉ុបជាផ្លូវការនៅឡើយ និងទី២ តុលាការយុត្តិធម៌អឺរ៉ុបទើបសម្រេចថា អង់គ្លេសមានសិទ្ធិសម្រេចដោយខ្លួនឯងក្នុងការបោះបង់ចោល Brexit ដោយមិនចាំបាច់ពិគ្រោះយោបល់ ឬសុំភ្លើងខៀវពីសមាជិកអឺរ៉ុបទាំង ២៧ប្រទេសផ្សេងទេ។ គេអាចនិយាយបានថាចាប់ពីពេលនេះតទៅ អង់គ្លេសជាអ្នកសម្រេចជោគវាសនាខ្លួនឯងក្នុងការបន្តរស់ជាមួយគ្រួសារអឺរ៉ុប ឬនៅក្រៅគ្រួសារអឺរ៉ុប។ តែទោះជាត្រូវសម្រេចចិត្តយ៉ាងណាក៏ដោយ អង់គ្លេសត្រូវដើរចូលលើផ្លូវដែលខ្លួនបានដើរចេញពីដំបូង មានន័យថា ត្រូវរៀបចំបោះឆ្នោតប្រជាមតិឡើងវិញដូចកាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ ២០១៦។
គួររម្លឹកថានៅក្នុងការបោះឆ្នោតប្រជាមតិថ្ងៃទី២៣ មិថុនា ២០១៦ មានប្រជារាស្រ្តអង់គ្លេសភាគច្រើនបានសម្រេចចិត្តលះលែងពីសហភាពអឺរ៉ុប។ ជាង ២ឆ្នាំក្រោយមក និងចំពេលដែលកិច្ចចរចាលែងលះកំពុងបន្តមានរវាងរដ្ឋាភិបាលអង់គ្លេស និងសហភាពអឺរ៉ុប តើប្រជារាស្រ្តអង់គ្លេសនៅតែចង់លែងលះ ឬមួយក៏ប្តូរចិត្តវិញ?។ យើងទុកសំណួរមួយនេះឲ្យប្រជារាស្រ្តអង់គ្លេសជាអ្នកឆ្លើយចុះ។ អ្វីដែលយើងអាចនិយាយបានពេលនេះគឺថា ទោះបីជាមានប្រជារាស្រ្តអង់គ្លេសភាគច្រើនបានបោះឆ្នោតដកខ្លួនចេញពីគ្រួសារអឺរ៉ុបក៏ដោយ ក៏សំណុំរឿងមួយនេះកំពុងបន្តបំផុសឲ្យមានមតិខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេស។
មានមតិខ្វែងគំនិតគ្នាចំនួន ៣ នៅក្នុងប្រទេសអង់គ្លេសសព្វថ្ងៃ ទី១ អ្នកដែលមិនចង់ឲ្យអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប ទី២ អ្នកដែលចង់ឲ្យអង់គ្លេសផ្តាច់ខ្លួនចេញពីអឺរ៉ុប តែត្រូវចរចាដើម្បីទទួលបានកិច្ចព្រមព្រៀងច្រើន និងទី៣ អ្នកដែលចង់ឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបឲ្យបានឆាប់ដោយមិនចាំបាច់ទទួលបានកិច្ចព្រមព្រៀងធំដុំអីត្រឡប់វិញទេ។ បើតាមមើលទៅ គឺភាពប្រទាញប្រទង់ផ្ទៃក្នុងនេះឯងដែលបានបង្ខំលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសតេរ៉េហ្សា ម៉េសម្រេចលើកការបោះឆ្នោតនៅក្នុងសភាដែលគ្រោងធ្វើក្នុងថ្ងៃអង្គារ ទី១១ ធ្នូ។ គឺជាការបោះឆ្នោតដែលសភាត្រូវទទួលយក ឬមិនទទួលយកសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី Brexit រវាងរដ្ឋាភិបាលទីក្រុងឡុងដ៏ និងសហភាពអឺរ៉ុបកាលពីថ្ងៃទី២៥ វិច្ឆិកាកន្លងទៅ។
សូមជម្រាបថា ទំរាំទទួលបានសេចក្តីព្រាងកិច្ចព្រមព្រៀងមួយនេះ រដ្ឋាភិបាលរបស់លោកស្រីតេរ៉េហ្សា ម៉េ និងសហភាពអឺរ៉ុបបានចរចាគ្នាយ៉ាងតានតឹងអស់រយៈពេល ១ឆ្នាំកន្លះ ហើយបើមានភ្លើងខៀវពីសភាអង់គ្លេស នោះសំណុំរឿងលែងលះរវាងអង់គ្លេស និងសហភាពអឺរ៉ុបត្រូវចប់ជាផ្លូវការនៅថ្ងៃទី២៩ មីនា ឆ្នាំ ២០១៩។ ផ្ទុយទៅវិញ បើសភាអង់គ្លេសមិនបោះឆ្នោតគាំទ្រលើសេចក្តីព្រាងកិច្ចព្រមព្រៀងនោះទេ លោកស្រីតេរ៉េហ្សា ម៉េចាំបាច់បន្តកិច្ចចរចាជាមួយសហភាពអឺរ៉ុបដើម្បីស្វែងរកសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីដែលអាចទទួលបានការយល់ព្រមពីសភាអង់គ្លេស។ តែបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានរកឃើញរវាងអង់គ្លេស និងសហភាពអឺរ៉ុបពីពេលនេះដល់ថ្ងៃទី២៩ មីនា ឆ្នាំក្រោយទេ នោះអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបដោយដៃទទេ ពោលគ្មានកិច្ចព្រមព្រៀង នេះបើផ្អែកតាមមាត្រាទី៥០ នៃសន្ធិសញ្ញាអឺរ៉ុប។
លើសពីនេះ តុលាការយុត្តិធម៌អឺរ៉ុបបានយល់ឃើញថា មាត្រាទី៥០ នៃសន្ធិសញ្ញាអឺរ៉ុបនេះដដែលក៏បានចែងថា ប្រទេសសមាជិកណាដែលបានសម្រេចចិត្តផ្តាច់ខ្លួនមានសិទ្ធិដកការសម្រេចចិត្តរបស់ខ្លួនវិញ ប្រសិនបើការផ្តាច់ខ្លួននោះនៅមិនទាន់ចូលជាផ្លូវការដូចករណីប្រទេសអង់គ្លេសសព្វថ្ងៃ។ អ្វីដែលល្អជាងនេះសម្រាប់អង់គ្លេស គឺមិនចាំបាច់សួរយោបល់ ឬសុំភ្លើងខៀវពីសមាជិកទាំង ២៧ប្រទេសផ្សេងទេ។ តែមានប្រទេសសមាជិកបានជំទាស់នឹងនីតិវិធីមួយនេះដោយយល់ឃើញថា ការសម្រេចចិត្តដើរចេញពីសមាជិកអឺរ៉ុបជាសិទ្ធិរបស់ប្រទេសនោះ តែបើចង់ប្តូរចិត្តបន្តរួមរស់ជាមួយវិញ គឺត្រូវមានការយល់ព្រមពីសមាជិកទាំងអស់ជាមុនសិន ពោលមិនមែនចេញ ចូលស្រេចតែនឹងក្បាលចិត្តនោះទេ។
យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបបានទុកទ្វារចំហសម្រាប់អង់គ្លេស។ តែរហូតមកដល់ពេលនេះ លោកស្រីតេរ៉េហ្សា ម៉េបានបញ្ជាក់ម្តងជាពីរដងពីការមិនបកក្រោយ និងមិនរៀបចំបោះឆ្នោតប្រជាមតិឡើងវិញជាដាច់ខាត។ អ្វីដែលលោកស្រីម៉េកំពុងបន្តព្យាយាមធ្វើពេលនេះ គឺចរចាជាមួយសហភាពអឺរ៉ុបដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីដែលមជ្ឈដ្ឋាននយោបាយនៅអង់គ្លេសមកពីគ្រប់និន្នាការអាចទទួលយកបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៩ មីនាឆ្នាំក្រោយ។ ឃើញថា ពេលវេលាហាក់តែខោចសម្រាប់លោកស្រីតេរ៉េហ្សា ម៉េ ទៅមុខក៏ពិបាក ហើយវិលថយក្រោយវិញក៏មិនងាយដែរ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
