អាមេរិក៖ លោក Choe Ryong Hae ជំនិតរបស់លោកគីម ជុងអ៊ុន ជាប់ទណ្ឌកម្មអាមេរិកពីបទរំលោភសិទ្ធិមនុស្សសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់កូរ៉េខាងជើង ចំនួនបីរូប ពីបទរំលោភសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងហរិញ្ញវត្ថុ។ វិធានការនេះធ្លាក់មកជួនចំពេលដែលក្រសួងការបរទេសអាមេរិកទើបចេញរបាយការណ៍ប្រចាំឆមាសស្តីអំពីការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។
នៅក្នុងចំណោមអ្នកទទួលខុសត្រូវជាន់ខ្ពស់ទាំងបីរូបដែលជាប់ទណ្ឌកម្មអាមេរិកចាប់ពីថ្ងៃនេះទៅ ម្នាក់គឺលោក Ryong Hae-choe។ លោក Ryong Hae-choe ជាមនុស្សជំនិតបំផុតរបស់លោក គីម ជុងអ៊ុន និងជាមេដឹកនាំនាយកដ្ឋានត្រួតពិនិត្យនិងរៀបចំបក្សពលករកូរ៉េខាងជើង ដែលជាបក្សកាន់អំណាច។ ពីរនាក់ទៀត គឺលោក ក្យុង ថែកជុង Kyong Thaek-jong រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ និង លោក ក្វាង ហូប៉ាក Kwang Ho-pak ប្រធាននាយកដ្ឋានឃោសនា។
ជាមួយទណ្ឌកម្មនេះទ្រព្យធនរបស់អ្នកទាំងបីនឹងត្រូវបង្កក និងដាក់ឱ្យស្ថិតនៅក្រោមច្បាប់អាមេរិក។ បន្ថែមពីលើនេះទៀត អ្នកទាំងបីត្រូវជាប់បម្រាមមិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយជនណាម្នាក់ដែលរស់នៅលើទឹកដីអាមេរិកឡើយ។ នេះបើតាមការលម្អិតរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកដែលពន្យល់ថាចំណាត់ការប្រឆាំងនឹងអ្នកទទួលខុសត្រូវជាន់ខ្ពស់កូរ៉េខាងជើងនេះ ជាចម្លើយតបទៅនឹងសកម្មភាពរំលោភសិទ្ធិមនុស្ស និងការចាប់ពិរុទ្ធដែលរបបព្យុងយ៉ាងបានប្រព្រឹត្តកន្លងមក។
នៅក្នុងរបាយការណ៍ ក្រសួងហិរញ្ញវត្ថុបានរំលឹកអំពីករណីធ្វើបាបជនជាប់ទោសនៅកូរ៉េខាងជើង និងករណី Otto Warmbier និស្សិតអាមេរិក ស្លាប់កាលពីខែមិថុនា២០១៧ ក្រោយពីព្យុងយ៉ាងបានចាប់ឃុំឃាំងអស់រយៈពេល១៧ខែ។
កូរ៉េខាងជើងជាប្រទេសដែលរំលោភសិទ្ធិមនុស្សខ្លាំងគេបំផុតមួយនៅលើពិភពលោក ប្រហារជីវិតមនុស្សដោយគ្មានឆ្លងកាត់តុលាការ បង្ខំឱ្យធ្វើការជាទម្ងន់ ចាប់មនុស្សដាក់ពន្ធនាគារដោយអាងអំណាច ចាប់រំលោភបំពាន បង្ខំឱ្យស្ត្រីរម្លូតកូន រងការបំពានផ្លូវភេទដោយហិង្សា។ នេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបន្ថែមពីលើការផ្សព្វផ្សាយរបាយការណ៍ប្រចាំឆមាសស្តីអំពីការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
