បារាំង៖ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍១៣នាទី ដែលមានមនុស្សតាមដានមើល ដល់ទៅ ២៣លាននាក់ លោកប្រធានាធិបតី បារាំង អេម៉ានុយអែលម៉ាក្រុង បានប្រកាសដាក់ចេញវិធានការមួយចំនួនដើម្បីឆ្លើយតបទៅតាមការទាមទាររបស់ចលនាអាវកាក់លឿង ដូចជាដំឡើងប្រាក់ខែអប្បបរមា ដោយបន្ថែម ចំនួន ១០០អឺរ៉ូ ហើយនិងការមិនយកពន្ធលើប្រាក់ធ្វើការថែមម៉ោងជាដើម។ តើវិធានការរបស់លោកម៉ាក្រុងនៅថ្ងៃម្សិលមិញ អាចរំងាប់កំហឹងរបស់ចលនាអាវកាក់លឿង ដែរឬទេ?
នៅ ក្រោយបាតុកម្មរបស់ចលនាអាវកាក់លឿង បានផ្ទុះឡើងជារៀងរាល់ថ្ងៃសៅរ៍ ចាប់តាំងពីចុងខែវិច្ឆិកា ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង នៅយប់ថ្ងៃចន្ទម្សិលមិញ បានប៉ុនប៉ងបន្ថយកំហឹងរបស់ក្រុមអាវកាក់លឿង តាមរយៈ ការសន្យាមួយចំនួន មានដូចជា ការដំឡើងប្រាក់ខែអប្បបរមា ដោយបន្ថែម ប្រាក់ចំនួន ១០០អឺរ៉ូទៀត ក្នុងមួយខែ ដោយគិតចាប់តាំងពី២០១៩តទៅ។ ទី ២ ដើម្បី សម្រាលបន្ទុករបស់អ្នកចូលនិវិត្ត រដ្ឋាភិបាលនឹងលែងទាមទារឲ្យអ្នកដែលមានប្រាក់ចូលនិវត្តតិចជាង ២ពាន់អឺរ៉ូ រ បង់វិភាគទានសង្គមដូចមុន។ ទី៣ រដ្ឋនឹងមិនយកពន្ធលើប្រាក់ចំណូល ដែលបានមកពីការធ្វើការថែមម៉ោង។ និងទី ៤ លោកម៉ាក្រុងបានអំពាវនាវឲ្យក្រុមហ៊ុនបើកប្រាក់រង្វាន់ ដំណាច់ឆ្នាំ សម្រាប់បុគ្គលិក ឲ្យបាន នៅចុងឆ្នាំនេះ ហើយនិងរដ្ឋនឹងមិនគិតយកពន្ធពីលើប្រាក់រង្វាន់ នេះទេ។
ចាប់តាំងពីក្រុមអាវកាក់លឿង ធ្វើបាតុកម្ម នៅរៀងរាល់ថ្ងៃសៅរ៍ រហូតទៅដល់មានបាតុកម្មហិង្សា ពីរលើក នៅថ្ងៃទី ១ និងទី ៨ធ្នូ នេះជាលើកទី ២ ដែលរដ្ឋាភិបាលបារាំង បានប្រកាសធ្វើសម្បទាននយោបាយ ដូចជា បានសម្រេចលុបចោលទៅវិញ ពន្ធលើតម្លៃប្រេងឥន្ធនៈ ដែលជាប្រភពដើមចម នៃការផ្ទុះបាតុកម្ម នៅ ទូទាំងប្រទេសរបស់ក្រុមអាវកាក់លឿង។ ប៉ុន្តែ ដូចជាលើកមុន វិធានការរបស់លោកម៉ាក្រុងថ្ងៃចន្ទ ម្សិលមិញ ទំនងមិនអាចទៅរំងាប់កំហឹងរបស់ចលនាអាវកាក់លឿងនោះទេ។ តាំងពីយប់ថ្ងៃម្សិលមិញ នៅក្រោយការថ្លែងសុន្ទរកថា របស់លោកប្រធានាធិបតី ម៉ាក្រុង ចលនាអាវកាក់ លឿងបានប្រកាសរួចហើយ ថា នឹងនៅតែបន្តធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ទី ១៥ធ្នូ ខាងមុខ នេះទៀត ហើយបើអាចទៅរួច គឺ ក្នុងរយៈពេល៣ខែទៅមុខទៀតតែម្តង។
ហេតុអ្វីបានជាលោកម៉ាក្រុងមិនអាចរំងាប់កំហឹងរបស់ចលនាអាវកាក់លឿង?
ចលនាអាវកាក់លឿងសំដៅដល់បាតុករបារាំង ដែលយកអាវការពារសុវត្ថិភាព ពណ៌លឿងមកពាក់ក្នុងពេលធ្វើបាតុកម្ម ប្រឆាំងនឹងវិធានការដំឡើងពន្ធលើប្រេងឥន្ធនៈ ដែលរដ្ឋាភិបាល គ្រោងចាប់អនុវត្ត ចាប់ពីឆ្នាំ ២០១៩។
ប៉ុន្តែ ការទាមទារបានរីករាលដាលពីប្រេងឡើងថ្លៃ រហូតដល់បញ្ហាពន្ធ ហើយនិងទំនិញឡើងថ្លៃ ដែលធ្វើឲ្យប្រជាជនបារាំងកាន់តែច្រើនចូលរួមតវ៉ា គាំទ្រក្រុមអាវកាក់លឿង។សម្រាប់ចលនាអាវកាក់លឿងមួយចំនួន វិធានការរបស់លោកម៉ាក្រុង គួរតែធ្វើឡើង នៅពេលផ្ទុះកើតឡើងភ្លាម បាតុកម្ម។ លោកម៉ាក្រុងចាត់វិធានការនៅពេលនេះ គឺហួសពេលទៅហើយ។
ក្រុមចលនាអាវកាក់លឿងជ្រុលនិយម នៅតែចង់បន្តធ្វើបាតុកម្ម តទៅទៀត ព្រោះថា សម្រាប់ពួកគេ លោកម៉ាក្រុងមិនបានដោះស្រាយបញ្ហាពិតប្រាកដនោះទេ គឺបញ្ហាសង្គម និងសេដ្ឋកិច្ច ដែលជាលទ្ធផលនៃនយោបាយលំអៀងទៅរកអ្នកមាន របស់មេដឹកនាំបារាំងនោះទេ។
ពិតណាស់ថា វិធានការ ដំឡើងប្រាក់ខែអប្បបរមាជាចំណុចវិជ្ជមាន ប៉ុន្តែ វាមិនបានឆ្លើយតបទៅនឹងការទាមទារជាទូទៅរបស់ចលនាអាវកាក់លឿង ដែលពេលនេះ មានការចូលរួមពីសិស្សសាលា ដែលចង់ឲ្យរដ្ឋាភិបាលលុបចោលទៅវិញ កំណែទម្រង់លើការប្រលងចូលមហាវិទ្យាល័យ ហើយនិងអ្នកចូលនិវត្ត គ្រួសារជីវភាពមធ្យម ដែលតវ៉ាពីការចំណាយកាន់តែខ្ពស់ ក្នុងពេលដែលប្រាក់ខែរបស់ពួកគេនៅតែតិចតួច។
កំណែទម្រង់ ស៊ីជម្រៅ លើប្រព័ន្ធអប់រំ កាត់បន្ថយ គម្លាតរវាងអ្នកមាន និងអ្នកក្រ គឺ ជាអ្វីដែលរដ្ឋាភិបាលរបស់លោកម៉ាក្រុងត្រូវធ្វើជាបន្ទាន់ ប៉ុន្តែ មិនមែនគ្រាន់តែប្រកាសដំឡើងប្រាក់ខែ ឬលុបចោលការបង់ពន្ធដើម្បីបំពេញចិត្តបាតុករមួយក្រុមនោះទេ។ សម្រាប់ អ្នកនាំពាក្យផ្លូវការរបស់ចលនាអាវកាក់លឿង Laëtitia Dewalle ក្រុមអាវកាក់លឿងជាច្រើន និយាយថា ពួកគេនៅតែខកចិត្ត នឹងអត្តចារិក របស់លោកម៉ាក្រុង ដែលបានថ្លែងសារ បំបែកបំបាក់ប្រជាជន បារាំង ជាជាង ស្វែងរកដំណោះស្រាយពិតប្រាកដ។
មួយវិញទៀត ចលនាអាវកាក់លឿងភាគច្រើន វាយតម្លៃថា លោកម៉ាក្រុង មិនបានថ្លែងសុន្ទរកថា ដោយស្មោះអស់ពីចិត្ត នោះទេ និងថា លោកម៉ាក្រុងនៅតែជាប្រធានាធិបតី របស់អ្នកមាន។ គេចង់សំដៅទៅដល់ជំហរដាច់ណាត់របស់លោកម៉ាក្រុង ដែលប្រឆាំង មិនព្រមយកពន្ធលើទ្រព្យសម្បត្តិ របស់អ្នកមាន ដូចតាមការទាមទាររបស់ចលនាអាវកាក់លឿង។
ដោះស្រាយបញ្ហាឆ្នាំងបាយរបស់បុគ្គលិក ដោយមិនដាក់សំពាធលើក្រុមហ៊ុន
លោកម៉ាក្រុងបានប្រកាសចេញវិធានការនៅថ្ងៃម្សិលមិញ ដើម្បីដោះស្រាយបញ្ហាសង្គម ប៉ុន្តែ ដោយមិនដាក់បន្ទុកខ្លាំង ទៅលើក្រុមអ្នកមាន ឬថៅកែក្រុមហ៊ុន ព្រោះ បើតាមលោកម៉ាក្រុង ការដាក់សម្ពាធទៅលើអ្នកមាន ក្រុមហ៊ុន នឹងធ្វើឲ្យប្រទេសបារាំងបាត់បង់ឱកាសបង្កើតការងាររបស់ក្រុមហ៊ុន និងក្រុមអ្នកមាននេះឯង។ ជាក់ស្តែង លោកម៉ាក្រុង បានប្រកាសដំឡើងប្រាក់ខែអប្បបរមា របស់បុគ្គលិកមែន ប៉ុន្តែ ដោយថៅកែ ក្រុមហ៊ុន គ្មានត្រូវចេញ សូម្បី១សេនពីហៅប៉ៅ នោះទេ។ មានន័យថា គឺរដ្ឋដែលជាអ្នកទទួលបន្ទុក លើការបន្ថែម ប្រាក់១០០អឺរ៉ូ សម្រាប់បា្រក់ខែអប្បបរមាដែលលោកម៉ាក្រុងបានសន្យា។
តាមរដ្ឋមន្រ្តីការងារបារាំង រដ្ឋត្រូវចំណាយថវិកាពី ៨ ទៅ១០ពាន់លានអឺរ៉ូ សម្រាប់វិធានការរបស់លោកម៉ាក្រុងនៅថ្ងៃម្សិលមិញ។ តើរដ្ឋបារាំងនឹងបានប្រាក់មកពីណា សម្រាប់យកទៅចំណាយសម្រាប់វិធានការរបស់លោកម៉ាក្រុងនោះ? គណបក្សឆ្វេងនិយមជ្រុលដែលបានគាំទ្រ ឲ្យមានចលនាបាតុកម្មតវ៉ានៅថ្ងៃសៅរ៍ខាងមុខ វាយតម្លៃថា ដោយមិនព្រមយកពន្ធលើទ្រព្យសម្បត្តិរបស់អ្នកមាន រដ្ឋាភិបាលរបស់លោកម៉ាក្រុងនឹងនៅតែច្របាច់កយកពន្ធពីប្រជាជនបារាំង ដើម្បី មកដោះស្រាយវិបត្តិមួយគ្រាលើកនេះ។
តាមប្រធានសភាបារាំង ដែលមកពីគណបក្សរបស់លោកប្រធានាធិបតីម៉ាក្រុង វិធានការរបស់រដ្ឋាភិបាលបារាំងដើម្បីឆ្លើយតបនឹងការទាមទាររបស់ចលនាអាវកាក់លឿង នឹងធ្វើឲ្យរដ្ឋបារាំង មិនអាចគោរពតាមការកំណត់របស់សហភាពអឺរ៉ុប ដែលចង់ឲ្យបារាំងមានឱនភាពថវិកា ក្រោម ៣ភាគរយ នៅឆ្នាំ ២០២០។ បារាំង នឹងមានឱនភាពសេដ្ឋកិច្ច ក្រោម ៣ភាគរយ នៅឆ្នាំ ២០២០ ប៉ុន្តែ មិនមែននៅឆ្នាំ ២០១៩នោះទេ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
