ខេត្តប៉ៃលិន៖ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ព្រះសង្ឃមួយអង្គ ត្រូវបានសមត្ថកិច្ចសហការគ្នាឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈមិនបានសម្រេច ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ នៅចំណុចបន្ទប់ទឹក ខាងក្រោយការិយាល័យទេសចរណ៍ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប៉ុន្តែត្រូវចាប់ផ្សឹកភ្លាមៗ
បន្ទាប់ពីសាកសួររួចរាល់ពីសមត្ថកិច្ច និងមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន នេះបើតាមការឲ្យដឹងពី លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន។ព្រះសង្ឃជាជនសង្ស័យ ឈ្មោះ ពិន ចាន់សេរីរ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ ជាព្រះសង្ឃ គង់នៅវត្តក្រពើ ស្ថិតនៅក្នុងភូមិក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមកស្នាក់នៅខេត្តប៉ៃលិន មិនដឹងវត្តច្បាស់លាស់ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ម.ន.ម.ល.យ អាយុ០៣ឆ្នាំ
រស់នៅជាមួយឪពុកម្តាយក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៃស្នងការនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋរងគ្រោះថាមានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ មិនបានសម្រេច សមត្ថកិច្ចជំនាញ ក៏ចុះស្រាវជ្រាវរកព្រះសង្ឃ ដែលជាជនសង្ស័យ ប៉ុន្តែត្រូវបានជម្លៀសខ្លួនតាមរថយន្ត ទៅកាន់ខេត្តបាត់ដំបង ពេលនោះសមត្ថកិច្ចជំនាញក៏បានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ ដែលកំពុងដាក់គោលដៅត្រួតពិនិត្យចរាចរណ៍តាមផ្លូវជាតិលេខ៥៧ ឃាត់រថយន្ត
ដែលជនសង្ស័យជិះ រួចក៏ឃាត់ខ្លួនបានតែម្តង។ប្រភពព័ត៌មានបានបន្តថា ក្រោយពីឃាត់ខ្លួនព្រះសង្ឃ ដែលជាជនសង្ស័យរួច សមត្ថកិច្ចជំនាញបានបញ្ជូនជននេះ មកកាន់ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរបន្ថែមទៀត រួចប្រគល់ឲ្យខាងមន្ទីរធម្មការ និងសាសនា ជាអ្នកដោះស្រាយបន្ត។ចំណែក លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ក៏បានឲ្យដឹង កាលពីរសៀលថ្ងៃទី១១ធ្នូនេះដែរថា រឿងហេតុខាងលើ គឺមានការយល់ច្រលំខ្លះៗ ដោយសារតែករណីនេះគឺលោក បានឲ្យលុយក្មេងស្រីរងគ្រោះចំនួន៥០០រៀល ហើយក្មេងស្រីរងគ្រោះតាមព្រះសង្ឃទៅខាងលើក្រោយកន្លែងកើតហេតុ។ ដោយមិនចង់ឲ្យខេត្តប៉ៃលិនមានឈ្មោះអាស្រូវ ខាងមន្ទីរក៏ប្រជុំជាមួយមន្ត្រីសង្ឃខេត្ត ឲ្យលោក ដែលជាជនសង្ស័យផ្សឹកតែម្ដង គឺនៅថ្ងៃកើតហេតុខាងលើ។លោកបន្តទៀតថា ព្រះសង្ឃ ដែលជាជនសង្ស័យ មកស្នាក់នៅខេត្តប៉ៃលិន ដោយមិនដឹងគង់នៅវត្តណានោះទេ តែលោកបានបញ្ជាក់ថា ព្រះសង្ឃជាជនសង្ស័យ
គឺធ្លាប់គង់នៅវត្តក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ផងដែរ។សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ព្រះសង្ឃជាជនសង្ស័យ ធ្លាប់ដើរបិណ្ឌបាត ក្នុងក្រុងប៉ៃលិន រយៈពេលជាងកន្លះខែមកហើយ ប៉ុន្តែមិនដឹងនៅវត្តណានោះទេ តែបើតាមការសាកសួរពីព្រះសង្ឃនេះផ្ទាល់ថា លោកគង់នៅវត្តភ្នំយ៉ាតតែម្ដង៕ (អត្ថបទដោយ ទេព វណ្ណះ)