ប្រទេសចិន៖ លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុន HuaweiReutersចិនបានបញ្ចេញប្រតិកម្មដោយកំហឹង នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកាណាដា។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើង ទៅតាមសំណើរបស់សហរដ្ឋអាមេរិក ហើយវាអាចនឹងធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក ដែលទើបនឹងបានធូរស្រាលមកវិញប៉ុន្មានថ្ងៃមកនេះ ត្រូវធ្លាក់ទៅក្នុងភាពតានតឹងឡើងវិញ។
លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ហើយដែលត្រូវជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei ផងនោះ ត្រូវបានចាប់ខ្លួន តាំងពីថ្ងៃទី១ខែធ្នូ នៅពេលដែលលោកស្រីធ្វើដំណើរឆ្លងកាត់ប្រទេសកាណាដា។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌កាណាដា ចេញផ្សាយកាលពីថ្ងៃពុធ លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានចាប់ខ្លួនទៅតាមសំណើរបស់សហរដ្ឋអាមេរិក ហើយតុលាការកាណាដានឹងបើកសវនាការនៅថ្ងៃសុក្រស្អែក ដើម្បីសម្រេចថា តើលោកស្រីអាចនឹងត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នដែរឬក៏យ៉ាងណា នៅក្នុងអំឡុងពេលរង់ចាំសេចក្តីសម្រេចទាក់ទងនឹងការធ្វើបត្យាប័នលោកស្រីទៅកាន់សហរដ្ឋអាមេរិក។
មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន នៅឯទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះថា ចិនបានធ្វើការតវ៉ាជាផ្លូវការទៅកាន់រដ្ឋាភិបាលកាណាដា និងសហរដ្ឋអាមេរិក ដោយទាមទារឲ្យប្រទេសទាំងពីរធ្វើការបកស្រាយជាបន្ទាន់អំពីហេតុផលនៃការចាប់ឃុំខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ព្រមទាំងទាមទារឲ្យដោះលែងលោកស្រីជាបន្ទាន់ផងដែរ។
គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ទាំងកាណាដា ទាំងអាមេរិកមិនបានបញ្ជាក់ឲ្យដឹងនៅឡើយទេថា តើលោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានចាប់ខ្លួន ដោយជាប់ចោទពីបទល្មើសអ្វីពិតប្រាកដ។ ក៏ប៉ុន្តែ កាលពីខែមេសាកន្លងទៅនេះ បណ្តាញសារព័ត៌មានធំៗរបស់អាមេរិកបានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុន Huawei កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរអាមេរិក ជុំវិញការសង្ស័យពីការរំលោភទណ្ឌកម្ម ដែលអាមេរិកដាក់លើអ៊ីរ៉ង់ និងកូរ៉េខាងជើង។
គួរធ្វើការកត់សម្គាល់ផងដែរថា ការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ក្រុមហ៊ុន Huawei នៅថ្ងៃទី១ធ្នូនេះ គឺកើតឡើង នៅចំថ្ងៃតែមួយ ដែលលោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង ជួបគ្នានៅអាហ្សង់ទីន ហើយបានព្រមព្រៀងផ្អាកជាបណ្តោះអាសន្ននូវការដំឡើងពន្ធលើមុខទំនិញគ្នាទៅវិញទៅមក សម្រាប់រយៈពេល ៩០ថ្ងៃ នៅក្នុងពេលកំពុងចរចារកដំណោះស្រាយបញ្ចប់ជាស្ថាពរនូវសង្រ្គាមពាណិជ្ជកម្មនឹងគ្នា។
រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំងនៅតែបញ្ជាក់ពីជំហរចង់បន្តអនុវត្តទៅតាមអ្វីដែលលោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង បានព្រមព្រៀងគ្នានៅអាហ្សង់ទីន។ ក៏ប៉ុន្តែ ការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ អាចនឹងក្លាយជាបញ្ហាចម្រូងចម្រាសមួយបន្ថែមទៀត ដែលអាចចោទជាបញ្ហានៅក្នុងដំណើរការចរចាដោះស្រាយសង្គ្រាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក៕(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
