អារ៉ាប៊ីសាអូឌីត៖ កិច្ចចរចាសន្តិភាព ក្រោមម្លប់អង្គការសហប្រជាជាតិ ដើម្បីបិទបញ្ចប់សង្គ្រាមនៅយេម៉ែន ដែលអូសបន្លាយតាំងពីឆ្នាំ២០១៤មក នឹងអាចប្រព្រឹត្តទៅបានដូចក្តីប្រាថ្នាបានហើយនៅសប្តាហ៍នេះ នៅប្រទេសស៊ុយអែត។ ក្រុមប្រតិភូតំណាងពួកឧទ្ទាម បានមកដល់ក្រុងស្តុកខុមតាំងពីល្ងាចថ្ងៃអង្គារម្សិលមិញ។ ចំណែកក្រុមប្រតិភូរបស់ភាគីរដ្ឋាភិបាលយេម៉ែននិរទេសខ្លួន កំពុងធ្វើដំណើរឆ្ពោះទៅស៊ុយអែតហើយ នៅព្រឹកមិញ។ នេះជាជំនួបចរចាដ៏សំខាន់ លើកទីមួយ គិតចាប់តាំងពីឆ្នាំ២០១៦មក និងទំនងអាចជាសំណាងចុងក្រោយ នាំយេម៉ែនឱ្យពីសង្គ្រាមបានផង។
កិច្ចចរចាសន្តិភាព ក្រោមម្លប់អង្គការសហប្រជាជាតិ ដើម្បីបិទបញ្ចប់សង្គ្រាមនៅយេម៉ែន ដែលអូសបន្លាយតាំងពីឆ្នាំ២០១៤មក នឹងអាចប្រព្រឹត្តទៅបានដូចក្តីប្រាថ្នាបានហើយនៅសប្តាហ៍នេះ នៅប្រទេសស៊ុយអែត។
តំណាងអង្គការសហប្រជាជាតិមិនបានប្រកាស ជាផ្លូវការអំពីការបើកកិច្ចចរចាយេម៉ែននៅស៊ុយអែតនេះទេ។ ប៉ុន្តែទម្រង់នៃកិច្ចចរចា មានរូបរាងកាន់តែច្បាស់ហើយ។ តំណាងប្រតិភូរបស់ពួកឧទ្ទាម បានមកដល់ប្រទេសស៊ុយអែតហើយ កាលពីល្ងាចមិញ តាមជើងយន្តហោះពិសេសរបស់កូវែត ជាមួយអន្តរការីអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយវិបត្តិយេម៉ែន លោក ម៉ាតាំង ហ្គ្រីហ្វីត ជនជាតិអង់គ្លេសផង។
ចំណែកប្រតិភូរបស់រដ្ឋាភិបាលយេម៉ែន ដែលនិរទេសខ្លួននៅប្រទេសអារ៉ាប៊ីសាអូឌីត មានតំណាងដល់ទៅ១២ រូប និងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស។ ប៉ុន្តែក្រុមប្រតិភូនេះ ទើបតែចាកចេញពីទីក្រុងរីយ៉ាដនៅព្រឹកថ្ងៃពុធនេះទេ។ ភាគីរដ្ឋាភិបាលយេម៉ែន មិនចង់ខកដំណើរដូចជើងមុន។ កាលពីខែកញ្ញាកន្លងទៅ តំណាងរដ្ឋាភិបាលយេម៉ែន បានទៅដល់តុប្រជុំនៅទីក្រុងហ្សឺណែវទៅហើយ ស្រាប់តែខាងពួកឧទ្ទាមហ៊ូទី បែរជាប្តូរចិត្តនៅនាទីចុងក្រោយ មិនមកចូលរួមទៅវិញ។
តើអ្វីទៅជាខ្លឹមសារនៃកិច្ចចរចាដែលភាគីជម្លោះនឹងត្រូវលើកមកជជែកគ្នា ?
កម្មវត្ថុសំខាន់នៃកិច្ចចរចានៅថ្ងៃនេះ គឺធ្វើយ៉ាងណា រៀបចំឱ្យមានក្របខណ្ឌទូទៅមួយសម្រាប់បើកកិច្ចចរចា ស្វែងរកដោះស្រាយវិបត្តិតាមផ្លូវនយោបាយ ពោលគឺស្តារវិធានការដែលផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក និងការដាក់ឱ្យដំណើរការរដ្ឋាភិបាលអន្តរកាល។
បើតាមរដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត ជាម្ចាស់ផ្ទះ កិច្ចចរចានេះនឹងត្រូវជជែកគ្នាជាបឋមអំពី ការបើកអាកាសយានដ្ឋាន ក្រុងសាណា អំពីការស្តារឡើងវិញនូវបទឈប់បាញ់នៅក្រុងកំពង់ផែ ហូដៃដា ដែលជាច្រកនាំចូលជំនួយមនុស្សធម៌មកជួយប្រជាពលរដ្ឋយេម៉ែន និងស្តីអំពី ការដោះដូរអ្នកទោសគ្នា។
អ្នកទោសខាងរដ្ឋាភិបាល មានចំនួនប្រមាណពី ១៥០០នាក់ទៅ២០០០នាក់។ ឯខាងពួកឧទ្ទាមមានប្រមាណពី ១០០០ ទៅ១៥០០នាក់។ ក្រោយការចរចារួចភ្លាម គេនឹងចាប់អនុវត្តការដោះដូរភ្លាម។ តំណាងពួកឧទ្ទាមបានបញ្ជាក់ការព្រមព្រៀងនេះរួចជាស្រេចហើយ។ ចំណែកខាងកាកបាទក្រហម អន្តរជាតិ ក៏បានប្រកាសដែរថានឹងចូលរួមចំណែកអនុវត្តកិច្ចព្រមព្រៀងដោះដូរអ្នកទោស ដែលជាស្នាដៃរបស់អន្តរការីអង្គការសហប្រជាជាតិ លោក ម៉ាតាំង ហ្គ្រីហ្វីត។ លោក ហ្គ្រីហ្វីត បានផ្តល់ទំនុកចិត្តផ្សេងទៀត ដែលបំពេញចិត្តពួកឧទ្ទាមបាននោះ គឺការធានាឱ្យអ្នករបួសជាពួកឧទ្ទាមបានធ្វើដំណើរទៅព្យាបាលរបួសនៅប្រទេសជិតខាង។ កាលពីថ្ងៃចន្ទពួកឧទ្ទាមរងរបួសជាច្រើននាក់ ត្រូវបានជម្លៀសទៅប្រទេសអូម៉ង់ ដើម្បីបានទទួលការព្យាបាល ទើបប្រតិភូហ៊ូទីព្រមមកចរចានៅស៊ុយអែត។
អ៊ីរ៉ង់ដែលជាអ្នកគាំទ្រនយោបាយ និងផ្គត់ផ្គង់សម្ភារៈបរិក្ខាយោធាដល់ពួកឧទ្ទាមហ៊ូទី ក៏យល់ស្របនឹងសំណើចរចាគ្នានេះដែរ។ ចំណែកអារ៉ាប៊ីសាអូឌីត ដែលការពាររដ្ឋាភិបាលនិរទេសយេម៉ែន ចាត់ទុកកិច្ចចរចានៅស៊ុយអែតនេះជាឱកាសមាស នៃការស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយ ដោយឆ្លៀតគូសបញ្ជាក់អំពីភាពសំខាន់នៃសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ អំពីភាពជាប្រធានាធិបតីស្របច្បាប់របស់លោក ហាឌី និងអំពីការ បំបាត់អាវុធធុនធ្ងន់ ដកថយរបស់ពួកឧទ្ទាម។
អារ៉ាប៊ីសាអូឌីត ត្រៀមដកខ្លួនពីយេម៉ែន ?សង្គ្រាមនៅយេម៉ែន ជាសង្គ្រាមប្រកួតប្រជែងក្នុងតំបន់ រវាងម្ខាងអារ៉ាប៊ីសាអូឌីត និងម្ខាងទៀតអ៊ីរ៉ង់។ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសម្ព័ន្ធក្រុមប្រទេសអារ៉ាប ជាពិសេសអេមៀរ៉ាតអារ៉ាបរួម អារ៉ាប៊ីអាអូឌីត បានលូកដៃខ្លាំងណាស់ក្នុងសង្គ្រាមនេះ ដោយបានដឹកនាំធ្វើប្រតិបត្តិការយោធា លើយេម៉ែន តាំងពីឆ្នាំ២០១៥មក។ សូម្បីតែអាមេរិក និងក្រុមបស្ចឹមលោកក៏គាំទ្រប្រតិបត្តិការនេះដែរ។
ប៉ុន្តែក្រោយហេតុការណ៍ឃាតកម្មលើរូបអ្នកកាសែត ពិភពលោកឱ្យបានឃើញអំពីសកម្មភាពពិតរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងតំបន់។ អាល្លឺម៉ង់ ដាណឺម៉ាក ស៊ុយអែត បានប្រកាសព្យួរការនាំចេញគ្រឿងសព្វាវុធលក់ទៅឱ្យអារ៉ាប៊ីសាអូឌីត និងសង្គ្រាមនៅយេម៉ែននេះឯង។ ហើយនៅថ្ងៃនេះទៀត នៅសហរដ្ឋអាមេរិក ភ្នាក់ងារចារកិច្ចCIA ត្រូវឆ្លើយបំភ្លឺនៅចំពោះមុខព្រឹទ្ធសភា អំពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន ដែលចោទរាជទាយាទ បេនសាល់ម៉ាន ជាអ្នកបញ្ជាឃាតកម្ម។ ព្រឹទ្ធសភាអាមេរិកអាចនឹងចេញវិធានការដាក់ទណ្ឌកម្មអារ៉ាប៊ីសាអូឌីតផងក៏ថាបាន។
ក្រុមប្រទេសមហាអំណាច ដែលជាអ្នកផ្គត់ផ្គង់អាវុធ និងផ្តល់ព័ត៌មានសម្ងាត់ឱ្យអារ៉ាប៊ីសាអូឌីត ដាក់សម្ពាធខ្លាំងលើក្រុងរីយ៉ាដ ឱ្យធ្វើសម្បទានខ្លះ ក្នុងជម្លោះនៅយេម៉ែននេះ។ នៅក្នុងបរិបទបែបនេះ អារ៉ាប៊ីសាអូឌីត ក៏ទំនងត្រៀមដើរចេញពីជម្លោះ យេម៉ែននេះផង ! នេះ បើតាមអ្នកវិភាគជាច្រើន។ ប៉ុន្តែគេនៅមិនទាន់ដឹងថាតើសម្ពាធពីខាងក្រៅ មានទម្ងន់ប៉ុណ្ណា នៅពេលភាគីជម្លោះផ្ទាល់ ចូលអង្គុយទល់មុនគ្នាចរចាមែនទែននោះ។
ការចរចាបានត្រួសត្រាយផ្លូវខ្លះមែន តែដំណើរការនៅវែងឆ្ងាយទៀតណាស់។ អារ៉ាប៊ីសាអូឌីត អាចធ្វើសម្បទាន ដរាបណាតែទទួលបានផលច្រើនតែប៉ុណ្ណោះ។ ហើយម្យ៉ាងទៀត ខាងពួកឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់ ពិតជាមិនងាយបោះបង់មហិច្ឆតា កាន់អំណាចរបស់ខ្លួនងាយៗឡើយ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
