ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧០ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ និងកសិកររាប់ពាន់នាក់នៅតាមសហគមន៍មូលដ្ឋាននឹងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ខែធ្នូ។ ប្រជាកសិករក៏អំពាវនាវឲ្យអាជ្ញាធរលើកកម្ពស់សិទ្ធិ និងជីវិភាពរស់នៅតាមរយៈការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋផងដែរ។
ក្នុងឱកាសប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧០ ប្រជាពលរដ្ឋ និងកសិករប្រមាណ៧ពាន់នាក់ ពីខេត្តព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កណ្តាល កំពត និងរាជធានីភ្នំពេញ នឹងរៀបចំវេទិកាសាធារណៈដើម្បីជជែកពីបញ្ហាសិទ្ធិមនុស្ស ដាក់ញ្ញតិ្ត និងសំណើជូនទៅអាជ្ញាធរមូលដ្ឋានស្តីពីកង្វល់បញ្ហាសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីប្រកាសរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបញ្ជាក់ថា ខ្លួនក៏បង្កើតបរិយាកាសឲ្យគ្រប់ភាគីពាក់ព័ន្ធ ដែលចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧០នេះ បង្កើនកិច្ចសហប្រតិបត្តិការវាងអាជ្ញាធរ សង្គមស៊ីវិល និងប្រជាសហគមន៍ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងកិច្ចគាំពារសង្គម និងឈានទៅដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងផលប៉ះពាល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន រដ្ឋាភិបាលដោះស្រាយបញ្ហាសំខាន់របស់កសិករ ដូចជា អាជ្ញាធរមូលដ្ឋានត្រូវបង្កបរិយាកាសងាយស្រួល និងបង្កើតកិច្ចសហការជាមួយសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ សមាគមនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលឲ្យជំរុញការលើកកម្ពស់សិទ្ធិ និងជីវិភាពរស់នៅរបស់ពលរដ្ឋ កសិករ តាមរយៈការដោះស្រាយបញ្ហាដីធ្លី។
សូមជម្រាបជូនថានៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រី រ៉ូណាស ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកាកន្លងទៅ លោកស្រីបានបង្ហាញការព្រួយបារម្ភទាក់ទងនឹងបញ្ហាដីធ្លី និងបានអំពាវនាវឲ្យរដ្ឋាភិបាលកែលម្អនូវមធ្យោបាយទាំងឡាយ ដើម្បីដោះស្រាយបញ្ហាសិទ្ធិដីធ្លីដ៏ស្មុកស្មាញនៅក្នុងប្រទេសកម្ពុជា។
ជាការកត់សម្គាល់ ក្រៅពីសមាគមតំណាងកសិករខាងលើនេះ អង្គការសង្គមស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាក៏គ្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះដែរ។ ដោយឡែករដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាសេនាធិការ ក៏គ្រោងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស៕ (អត្ថបទដោយ ទេព វណ្ណះ)
