ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការបាញ់តដៃគ្នាមួយប្រាវ រវាងកម្លាំងនគរបាល និងមន្ដ្រីយោធាស្លៀកពាក់ស៊ីវិលមួយក្រុម ដែលមានបក្ខពួក៤នាក់ បណ្ដាលឲ្យមន្ដ្រីយោធាម្នាក់រងរបួសបាក់ភ្លៅ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមមន្ត្រីនគរបាលដែលស្ថិតក្នុងហេតុការណ៍នោះបាននិយាយថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ស្ថិតក្នុងឯកសណ្ឋាន បានដេញតាមសង្ស័យម៉ូតូ២គ្រឿងជិះគ្នា៤នាក់ លុះដេញរហូតដល់មុខផ្សារឯករាជ្យ៣ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក បានដកកាំភ្លើងខ្លីបាញ់មកសមត្ថកិច្ចចំនួន៤គ្រាប់ផ្ទួនៗ។
បើតាមសេចក្ដីរាយការណ៍ ភ្លាមៗនោះកម្លាំងនគរបាល បានធ្វើការបាញ់តបតទៅវិញចំនួន៣គ្រាប់ ដោយ២គ្រាប់ដំបូងបាញ់ឡើងលើ និងមួយគ្រាប់ទៀត បាញ់ចំជើងរបស់ជនសង្ស័យ បណ្ដាលឲ្យដួលម៉ូតូ ខណៈជនសង្ស័យ៣នាក់ទៀត ដែលមានកាំភ្លើងជាប់នឹងខ្លួនដែរនោះ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ប៉ុន្ដែជុំវិញករណីនេះ អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា មិនទាន់បានបញ្ជាក់ថា មូលហេតុអ្វីឲ្យប្រាកដនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ដំបូងឡើយជនសង្ស័យបានចូលផឹកស៊ីនៅហាងមួយកន្លែង ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយក៏ទាស់ពាក្យសម្ដីគ្នា រួចជនសង្ស័យ បានទាញកាំភ្លើងបញ្ចូលគ្រាប់ ពេលនេះក៏មានពលរដ្ឋទូរស័ព្ទមករាយការណ៍ ជូនសមត្ថកិច្ច ដើម្បីចេញអន្ដរាគមន៍។
ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋ កម្លាំងនគរបាលក៏បានចេញល្បាត ដើម្បីតាមស្រាវជ្រាវរកមុខសញ្ញាខាងលើ ស្រាប់តែប្រទះឃើញ កំពុងជិះម៉ូតូតាមផ្លូវព្រៃស រួចកម្លាំងបានប្រាប់ឲ្យជនសង្ស័យឈប់ ដើម្បីធ្វើការឆែកឆេរ ប៉ុន្ដែជនសង្ស័យមិនឈប់នោះទេ ទើបសមត្ថកិច្ចដកកាំភ្លើងបាញ់៣គ្រាប់តែម្ដង ក្នុងគោលបំណងគំរាម។ ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ ព្រោះពេលនេះ កំពុងធ្វើការសួរនាំបន្ដតាមនីតិវិធី៕ (អត្ថបទដោយទេពវណ្ណះ )