យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក ឧកញ៉ា ឡេង ណាវ៉ាត្រា ឱ្យដឹងថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យក្នុងគម្រោងពុះដីធ្លីលក់រៀងៗខ្លួនរួចមកឥឡូវអ្នកទាំងពីរបានសម្រេចចិត្តបោះទុនរួមគ្នាជាមួយក្រុមហ៊ុនឡេងណាវ៉ាត្រាតែម្ដង។ ដោយគម្រោងថ្មីនេះធំជាងមុនៗទ្វេដង ហើយសម្រាប់ដើមទុនក្នុងការចូលហ៊ុនគ្នាមិនតិចជាង២០លានដុល្លារអាមេរិកទេ។
ការបង្ហោះរបស់ផេក ឧកញ៉ា ឡេង ណាវ៉ាត្រា ខាងលើបន្ថែម ថាតារាចម្រៀងទាំងពីរក្រៅពីចូលចូលហ៊ុនគ្នាវិនិយោគលើដីឡូត៍ហើយនោះពួកគេបានចាយទុនទៅលើគម្រោងសង់វីឡាដាក់លក់ថែមទៀត ដែលអ្នកសិល្បៈនៅក្នុងស្រុកខ្មែរមួយចំនួនមិនទាន់មានអ្នកណាម្នាក់ធ្វើបានដូចកំពូលតារាចម្រៀងហង្សមាសទាំងពីររូបនេះឡើយ។
ការបង្ហោះខាងលើឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា កំពូលតារាចម្រៀងទាំងពីរពិតជាចំណាយទុនបើកគម្រោងរកស៊ីចូលគ្នាពិតមែនដោយគម្រោងថ្មីនេះ គឺមិនមានរវាងលោក និង ព្រាប សុវត្ថិ ឬរវាងលោក និង ខេមរៈ សិរីមន្ត ដាច់គ្នាដូចពេលមុននោះទេ។ ប៉ុន្តែវាគឺជាគម្រោងបោះទុនរួមទាំង៣ បញ្ចូលគ្នាតែម្ដង ដើម្បីឱ្យបានដើមទុនច្រើន ហើយឈានទៅសង់វីឡាដាក់លក់។
ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បន្ថែមថា៖ "គម្រោងថ្មីដែលពួកខ្ញុំទាំង៣វិនិយោគរួមគ្នានោះ ស្ថិតនៅព្រៃទទឹង លើផ្លូវជាតិលេខ៣ក្បែរគម្រោងចាស់។ គ្រាន់តែគិតដើមទុនចូលគ្នាហ្នឹង២០លានដុល្លារបាត់ទៅហើយមិនរាប់បញ្ចូលទៅលើការចំណាយហេដ្ឋារចនាសម្ពន្ធផ្សេងៗទៀតផង"។ ចំពោះទឹកប្រាក់ ២០លានដុល្លារអាមេរិកនេះគឺកំពូលតារាចម្រៀងទាំងពីរ និង ឧកញ៉ា ឡេង ណាវ៉ាត់ត្រា វិនិយោគទៅលើទំហំដី ៥០ ហិចតា៕
រូបថត៖ ពីហ្វេសប៊ុក ឡេង ណាវ៉ាត្រា