ប៉ាណាម៉ា៖ នៅក្នុងទស្សនកិច្ចរយៈពេល២៤ម៉ោង ដែលបិទបញ្ចប់ នៅយប់ថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានចូលរួមជាអធិបតីនៃពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងចំនួន ២០ ជាមួយប្រទេសប៉ាណាម៉ា ដែលមានតាំងពីផ្នែកពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការទូត សហប្រតិបត្តិការផ្នែកអភិវឌ្ឍ ហើយនិងពាណិជ្ជកម្មជើងទឹក។
ឈរនៅក្បែរប្រធានាធិបតីប៉ាណាម៉ា លោកស៊ី ជីនពីងបានប្រកាសកោតសរសើរដល់ទំនាក់ទំនងទ្វេរភាគី ចិន-ប៉ាណាម៉ា- ដែលបានរីកចម្រើនខ្លាំង តែ ក្នុងរយៈពេលមួយឆ្នាំកន្លះសោះ។ សម្រាប់ប្រធានាធិបតីចិន ប៉ាណាម៉ា ហើយនិងចិនបានសន្យាសហការគ្នា ដើម្បីកសាងរួមគ្នា ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅតំបន់អាមេរិកឡាទីន។
ប្រធានាធិបតី ប៉ាណាម៉ា ដែលទើបបានផ្តាច់ចំណងការទូតជាមួយ តៃវ៉ាន់ កាលពីឆ្នាំមុន បានឆ្លើយតប ជាវិជ្ជមានទៅសមភាគីចិន ដោយថា ប៉ាណាម៉ាគាំទ្រការផ្តួចផ្តើមរបស់ចិន ដែលចង់តភ្ជាប់បណ្តាញក្នុងពិភពលោក។ តាមលោកប្រធានាធិបតី Juan Carlos Varela ប៉ាណាម៉ាដែលមានទីតាំងនៅជាប់មហាសមុទ្រទាំងពីរ ប៉ាស៊ីហ្វិក និងអាត្លង់ទិក នឹងក្លាយជាប្រទេសដៃស្តាំ ពាណិជ្ជកម្ម ហើយនិងជាច្រកទ្វារចូលរបស់ចិន ទៅតំបន់អាមេរិកកណ្តាល។
ស្ថិរភាពនយោបាយ ហើយនិងទីតាំងភូមិសាស្រ្តដ៏អំណោយផលរបស់ប៉ាណាម៉ា ដែលមានព្រែកជីក អន្តរជាតិជាទីដែលមានឆ្លងកាត់ កប៉ាល់ទំនិញចំនួន ៥%ក្នុងពិភពលោក ជាចំណុចទាក់ទាញខ្លាំង សម្រាប់ប្រទេសចិន ដែលចង់បានប៉ាណាម៉ា ជាប្រទេសគ្រឹះគោលសម្រាប់អភិវឌ្ឍ ផ្លូវសេដ្ឋកិច្ចរបស់ចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅអាមេរិកឡាទីន។ សម្រាប់សេដ្ឋកិច្ចវិទូ Francisco Bustamante ចិនមិនមែនជាសង្គមដែលគិតជួយផ្នែកមនុស្សធម៌នោះទេ។ ចិនជាប្រទេសដែលមានយុទ្ធសាស្រ្ត និងមានគោលដៅច្បាស់លាស់។ ចិនទៅប៉ាណាម៉ា ក៏ដោយសារតែ ចិនសំលឹងឃើញប្រយោជន៍ដ៏សំខាន់សម្រាប់ច្រកផ្លូវសេដ្ឋកិច្ចរបស់ខ្លួន។ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលចិនចង់បង្កើតថ្មី មួយទៀត នៅអាមេរិកឡាទីន ជាយុទ្ធសាស្រ្តរបស់ចិន ដែលចង់ពង្រីកដែនឥទ្ធិពលរបស់ខ្លួន នៅក្នុងពិភពលោក។
ប្រទេសចិនបានចរចាផងដែរ ចង់បានកិច្ចព្រមព្រៀងដោះដូរសេរីជាមួយ ប៉ាណាម៉ា ដែលសង្ឃឹមចង់ឃើញការវិនិយោគរាប់លានដុល្លាររបស់ចិន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ មួយវិញទៀត ប៉ាណាម៉ា ដែលគេចោទប្រកាន់ថា ជាឋានសួគ៌ សម្រាប់អ្នកគេចពន្ធ ក៏កំពុងចង់បានសម្ព័ន្ធមិត្តមួយផ្សេងទៀតក្រៅតែពីអាមេរិក។ ដោយពិតទៅ ទស្សនកិច្ចរបស់ប្រធានាធិបតីចិន ទៅប៉ាណាម៉ា ធ្វើឡើងនៅតែមួយសប្តាហ៍ក្រោយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកMike Pompeo បាននិយាយព្រមានប៉ាណាម៉ាពីការដែលចិន ចង់បោះទីតាំងនៅក្នុងតំបន់ ដែលអាមេរិកចាត់ទុកចូលក្រោមដែនឥទ្ធិពលរបស់ខ្លួន។
សម្រាប់សាស្ត្រាចារ្យ Carlos Guevara Mann ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យ ហ្វ្លរីដា វត្តមានរបស់ចិន នៅប៉ាណាម៉ា គឺចង់បញ្ជាក់ពីការឡើងឋានៈរបស់ចិន នៅក្នុងពិភពលោក ដែលនឹងធ្វើឲ្យខូចដល់ប្រយោជន៍របស់អាមេរិក៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
