ក្រុមហ៊ុន​បច្ចេកវិទ្យា​បារម្ភ​ពី​សេចក្តី​ព្រាងច្បាប់​ស្តី​ពីសន្តិសុខ​តាមអ៊ីនធ័រនែត​របស់អូស្ត្រាលី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមហ៊ុន​បច្ចេកវិទ្យា​បារម្ភ​ពី​សេចក្តី​ព្រាងច្បាប់​ស្តី​ពីសន្តិសុខ​តាមអ៊ីនធ័រនែត​របស់អូស្ត្រាលី

05/12/2018
អូស្ត្រាលី៖ សេចក្តីព្រាងច្បាប់ ដែល​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​បាន​ព្រមព្រៀង​គ្នា ថា នឹង​បោះឆ្នោត អនុម័ត​នៅ​សប្តាហ៍នេះ បាន​ចែង ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា មិនថា ក្នុង​ស្រុក ឬ​ក្រុមហ៊ុន​អន្តរជាតិ ដែល​មាន​វត្តមាន​នៅ​អូស្រ្តាលី ត្រូវ​ចូលរួម​សហការ​ជាមួយ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អូស្ត្រាលី។

 ទៅតាម​សេចក្តីព្រាង​ច្បាប់​ថ្មី ក្រុមហ៊ុន​បច្ចេកវិទ្យា ត្រូវ​ជួយ​ប៉ូលិស​អូស្ត្រាលី ឲ្យ​អាច​ចូលទៅ​មើល​អាន សារ​ឆ្លើយឆ្លង របស់​ឧក្រិដ្ឋជន ឬ​ក្រុមភេរវជន​ដែល​គេ​សង្ស័យ ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​នៅក្នុង​ទឹកដី អូស្ត្រាលី។ ជារួម ក្រុមហ៊ុន​អ៊ីនធ័រនែត ឬ​ក្រុមហ៊ុន​បណ្តាញ​សង្គម ត្រូវ​ផ្អាកព្យួរ ប្រព័ន្ធ​ការពារ​អេឡិចត្រូនិក​របស់ខ្លួន ជួយ​បិទបាំង​បេសកកម្ម​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រដ្ឋាភិបាល ហើយ​និងជួយ​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាចចូល​ទៅ​ប្រើ គ្រប់គ្រង​បណ្តាញអ៊ីនធ័រនែត​របស់ខ្លួន។

ទៅតាម​សេចក្តីព្រាង​ច្បាប់ ក្រុមហ៊ុន​អ៊ីនធ័រនែត ក្រុមហ៊ុន​បច្ចេកវិទ្យា​​ត្រូវ​ប្រឈម​នឹង​ការបង់ប្រាក់ពិន័យ រាប់លាន​ដុល្លារ បើសិន​មិនព្រម​សហការ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​អូស្ត្រាលី។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមហ៊ុន​អ៊ីនធ័រនែត​នៅតែ​អាច​ប្រឆាំង​ នៅក្នុង​បណ្តឹង​តវ៉ា របស់ខ្លួន​តាមផ្លូវតុលាការ។

សម្រាប់​រដ្ឋាភិបាល​អភិរក្ស​និយម​អូស្ត្រាលី ច្បាប់ថ្មី​ស្តី ពី​សន្តិសុខតាមអ៊ីនធ័រនែត ជាតម្រូវការ​ដ៏​ចាំបាច់ ដើម្បី​ស៊ើបអង្កេត​ទៅលើបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចជា ភេរវកម្ម ឬ​ការរំលោភ​ផ្លូវភេទ​លើ​កុមារ។ ច្បាប់ថ្មី​ជាវិធានការ​បន្ទាន់ សម្រាប់​ទប់ស្កាត់ សកម្មភាព​ភេរវនិយម ជាពិសេស នៅក្នុង​អំឡុង​បុណ្យចុងឆ្នាំ​នេះ។ ទាំង​គណបក្ស​ប្រឆាំង ហើយ​និង​គណបក្ស​កាន់អំណាច​បាន​យល់ស្រប​គ្នា ឲ្យ​មាន​ច្បាប់​ថ្មី នេះ នៅក្រោយករណី​ចាប់ខ្លួន​ជនសង្ស័យ​ធ្វើ​ភេរវកម្ម កាលពីពេល ថ្មីៗនេះ បង្ហាញថា ឧក្រិដ្ឋជន​បាន​រៀបចំ​គម្រោង​ធ្វើភេរវកម្ម តាមរយៈ កម្មវិធី​សរសេរ​សារ​ឆ្លើយឆ្លង តាម​បណ្តាញ​សង្គម។

នៅ​ថ្ងៃអង្គារ ក្រុមការពារ​សិទ្ធិមនុស្ស បាន​លើកឡើង​ពីការរំលោភ​សិទ្ធិឯកជន​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត។ ចំណែក ក្រុមហ៊ុន​Gigital Industry Group Inc ដែល​តំណាង​ឲ្យ​ក្រុមអ៊ីនធ័រនែត​ធំៗ ដូចជា ហ្គូហ្គល ហ្វេសប៊ុក ទ្វីតធ័រ អាម៉ាហ្សូន​ជាដើម ធ្លាប់​បាន​សរសេរ​សំបុត្រ ទៅ​រដ្ឋាភិបាល​ដើម្បី​បញ្ជាក់​ពី​កង្វល់​របស់ពួកគេ ​ដែលថា សេចក្តីព្រាងច្បាប់​នឹង​ធ្វើ​ប្រព័ន្ធ​ការពារ​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​ចុះខ្សោយ និង​ដែល​ជា​ឱកាស បើកដៃ ឲ្យ​ក្រុមចោរអ៊ីនធ័រនែត​អាច​ឆ្លៀត ចូលទៅ​លួច​ទិន្និន័យ​របស់​អ្នកប្រើប្រាស់៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)