ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍បឋមពីក្រុងព្រះសីហនុបានឱ្យដឹងថា ជនជាតិចិនម្នាក់បានត្រូវជនជាតិចិនដូចគ្នាចាក់ស្លាប់ រឿងយកស្រីទៅម៉ាស្សាជាន់លេខរៀងគ្នា ដោយខាងអ្នកចាញ់ស្លាប់ ឯជនដៃដល់គេ ច ខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១ ខែធ្នូ នៅចំណុចហាងម៉ាស្សា ក្នុងក្រុមទី២២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនជាតិចិនដែលស្លាប់ឈ្មោះ Dong Li ភេទប្រុស អាយុ៥០ឆ្នាំ កាន់លិខិតឆ្លងដែនលេខEB៧១៩៤០៦១ ។ តាមអ្នកឃើញហេតុការណ៍ប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គេឃើញជនជាតិចិន១ក្រុម មានគ្នា៤នាក់ កំពុងអង្គុយលេងនៅកន្លែងម៉ាស្សា ទំនងចាំមិត្តភក្តិចូលចាប់សរសៃ ។ បន្តិចក្រោយមក ក៏មានជនជាតិចិន៥ នាក់ផ្សេងទៀត មានបំណងទៅរកស្រីម៉ាស្សានៅទីនោះដែរ ។
លុះពេលជនជាតិចិន២ក្រុមនោះជួបគ្នា ក៏កើតមានទំនាស់រឿងយកស្រីជាន់លេខរៀងគ្នា ធ្វើឲ្យក្រុមចិនមានគ្នា៥នាក់ ដែលទើបមករកម៉ាស្សាក្រោយនោះ យកកាំបិតចុងស្រួចចាក់ជនជាតិចិនម្នាក់ក្នុងចំណោម៤នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមជនដៃដល់បានរត់គេចខ្លួនបាត់អស់ ។
ភ្លាមៗ ជនរងគ្រោះត្រូវបានគេដឹកតាមរថយន្តយកទៅសង្គ្រោះមន្ទីរពេទ្យអន្តរជាតិឆាងហៃ(ពេទ្យជនជាតិចិន) ប៉ុន្តែនៅពេលដឹកតាមផ្លូវ ជនរងគ្រោះក៏បានស្លាប់ទៅដោយសារឈាមហូរច្រើនពេក ។ សមត្ថកិច្ចបានហៅអំពើហិង្សាដែលបណ្តាលឲ្យជនរងគ្រោះខាងលើស្លាប់នេះគឺជារឿងគំនុំ ហើយកម្លាំងជំនាញកំពុងដុតដៃដុតជើង ស្រាវជ្រាវវែកមុខចាប់ខ្លួនក្រុមជនជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ ។
ដោយឡែក ករណីមួយទៀត កាលពីវេលាម៉ោងប្រមាណ១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានអំពើហិង្សាកាប់ចាក់គ្នាមួយ រវាងជនជាតិចិនដូចគ្នា បណ្តាលឱ្យម្នាក់ស្លាប់និងម្នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ជនដៃដល់ក្នុងអំពើហិង្សានេះឈ្មោះ Li Ruming ភេទប្រុស អាយុ២៤ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ Wa Rong ភេទប្រុស ទាំង២នាក់ជាបុគ្គលិកភោជនីយដ្ឋាន Hu Ming Tan ដូចគ្នា ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ករណីជនជាតិចិនកាប់សម្លាប់គ្នានេះ គឺជារឿងគំនុំ ហើយជនដៃដល់បានត្រូវនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនភ្លាមដែរ ជាមួយវត្ថុតាងមានកាំបិតចែត១ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងតាមនីតិ វិធី ៕ (អត្ថបទដោយ ទេព វណ្ណះ)
