នៅមួយរយៈពេលចុងក្រោយនេះ អ្នកស្រាវជ្រាវ និងអង្គការសហប្រជាជាតិ បានចេញសារប្រមានជាច្រើនលើកច្រើនសារ អំពីគ្រោះមន្តរាយអាកាសធាតុ ដែលកំពុងកើតឡើងកាន់តែច្រើន និងមានភាពកាចសាហាវកាន់តែខ្លាំង។ ការប្រែប្រួលអាកាសធាតុខ្លាំងបែបនេះ បានក្លាយជា ការប្រឈមដ៏ខ្លាំងសម្រាប់ពិភពលោក ហើយបើគ្មានការចូលរួមដោះស្រាយពីមនុស្សលោកទេនោះ ជីវិតនៅលើផែនដីទាំងមូលនឹងជួបគ្រោះថ្នាក់។ ទាក់ទងរឿងនេះដែរ ក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ នាថ្ងៃចន្ទ ទី០៣ ធ្នូ នេះ ក្រុមប្រទេសក្រីក្រ និងអង្គការសហប្រជាជាតិ ក៏បានជំរុញជាពិសេសផងដែរ ឲ្យប្រទេសអ្នកមាន ចូលរួមកាន់តែសកម្មដើម្បីដោះស្រាយបញ្ហានេះ។
ប្រធានបទសំខាន់ ដែលមានលើតុពិភាក្សាក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុលើកទី ២៤ Cop 24ការប្រែប្រួលអាកាសធាតុ គឺពិតជាបញ្ហាសំខាន់ខ្លាំងមែនទែន ដែលគេមិនអាចមើលរំលងបាន ពីព្រោះថាគ្រោះមហន្តរាយ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ វាអាចធ្វើឲ្យពិភពលោកទាំងមូលវិនាសហិនហោចបាន។ ដូច្នោះហើយបានជា បណ្តាប្រទេសនានា ជាពិសេសក្រុមប្រទេសអ្នកមានខិតខំបង្កើតឲ្យមានជាកិច្ចពិភាក្សាគ្នា ដើម្បីពួតដៃពួតជើងគ្នាដោះស្រាយបញ្ហាចំពោះមុខរួមគ្នា។
ដោយឡែក បើងាកមកផ្តោតលើសន្និសីទអាកាសធាតុ របស់អង្គការសហប្រជាជាតិវិញ ក្រុមប្រទេសដែលជាសមាជិកចំនួនជិត ២០០ ប្រទេស នឹងពិភាក្សាលើរបៀបវីរៈសំខាន់ៗពីរ ដែលក្នុងនោះប្រធានបទទី១ គេផ្តោតលើ ការចូលរួមរបស់ប្រទេសសមាជិកទាំងអស់ក្នុងការចូលរួម អនុវត្តកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងគោលដៅទប់ស្កាត់កុំឲ្យសីតុណ្ហភាពផែនដី កើនឡើងលើស ២ អង្សាសេ ឬបើអាចកុំឲ្យលើស ១,៥ អង្សាសេ នៅត្រឹមចុងសតវត្សរ៍ទី២១នេះ។
ជាមួយគ្នានេះផងដែរ ប្រធានបទដែលសំខាន់និងក្តៅបំផុត ដែលអង្គការសហប្រជាជាតិ លើកយកមកដាក់លើ តុពិភាក្សានោះគឺ បញ្ហាថិវកា។ គេត្រូវដឹងថា ដើម្បីអាចដោះស្រាយបញ្ហាដ៏ធំដូចជាគ្រោះមហន្តរាយអាកាសធាតុ គេត្រូវការថវិកាជាចាំបាច់ ហើយចំនួនថវិកា នោះទៀតសោធក៏ត្រូវការចំនួនច្រើនក្រាស់ក្រែលផងដែរ។
ដោយឡែក ចំនួនទឹកប្រាក់នៃការចូលរួមវិភាគទានថវិកាពីបណ្តាប្រទេសអ្នកមាន ក៏ជាផ្ទាំងស៊ីបសំខាន់បំផុតដែលអង្គការសហប្រជាជាតិចង់រំលេចឡើងក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុលើកទី២៤ ដែលកំពុងប្រព្រឹត្តទៅក្នុងប្រទេសប៉ូឡូញ និងដែលប្រព្រឹត្តិធ្វើរយៈពេល២ អាទិត្យ។
ការចូលវិភាគទានប្រាក់ ក្លាយជាបញ្ហាចំបងមួយ ក្នុងកិច្ចពិភាក្សារបស់សន្និសីទស្តីអំពីអាកាសធាតុនាឆ្នាំនេះជាការពិតណាស់បញ្ហាថវិកា គឺជាបញ្ហាស្នូល ហេតុនេះហើយទើបអង្គការសហប្រជាជាតិលើកយករឿងប្រាក់វិភាគទានមកដាក់លើតុពិភាក្សាក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុលើកទី២៤ នេះ។
បើតាមធនាគារពិភពលោកប្រកាសប្រាប់នៅថ្ងៃចន្ទនេះ គេត្រូវការទឹកប្រាក់ចំនួនប្រមាណជា២០០ពាន់លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងរយៈពេល៥ឆ្នាំ ពោលគឺចន្លោះឆ្នាំ ២០២១-២០២៥ ដើម្បីអាចដោះស្រាយទល់នឹងបញ្ហាគ្រោះមន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ដូចជា ការកើនឡើងកំពស់ទឹកសមុទ្រ គ្រោះរាំងស្ងួត និងទឹកជំនន់បាន។
វាមានន័យថា រាល់ប្រទេសនៃសមាជិក កិច្ចព្រមព្រៀងស្តីអំពីអាកាសធាតុទាំងជិត ២០០ ប្រទេស ត្រូវធ្វើយ៉ាងណារៃអង្គាសប្រាក់ឲ្យបានចំនួន ២០០ ពាន់លានដុល្លារ អាមេរិក សម្រាប់ប្រើប្រាស់ក្នុងមូលនិធិដែលគេឲ្យឈ្មោះថា កញ្ចប់ថវិកាបៃតង។
ប៉ុន្តែ ការចូលរួមវិភាគទានលុយនេះទៀតសោធ ក៏បានក្លាយទៅជាការមិនយល់ព្រមគ្នា ពីព្រោះថា មានប្រទេសខ្លះចេញតិច មានប្រទេសខ្លះចេញច្រើនជាងសូមរឭកថា ស្របទៅតាមកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុទីក្រុងប៉ារីសក្រុមប្រទេសអ្នកមាន មានកាតព្វកិច្ច ផ្តល់វិភាគទាន ដល់កញ្ចប់ថវិកាបៃតង ក្នុងចំនួនច្រើនជាងក្រុមប្រទេសក្រីក្រ។
ឧទាហរណ៍ជាក់ស្តែង ប្រទេសក្រីក្រតួយ៉ាងដូចជា ប្រទេស ហ្វីជី នីហ្សេរីយ៉ា និងនេប៉ាល់ បានលើកឡើងថា ប្រទេសអភិវឌ្ឍន៍-ប្រទេសអ្នកមាន គួរតែមានការទទួលខុសត្រូវខ្ពស់ចំពោះការបំភាយឧស្ម័នកាបូនិក ហើយត្រូវជួយផ្តល់ប្រាក់ និងផ្ទេរបច្ចេកវិទ្យាថ្មីៗ ដល់ប្រទេសក្រីក្រដើម្បីធ្វើការកាត់បន្ថយឧស្ម័នពុល។
ដោយឡែកជុំវិញការបង់វិភាគទានថវិកានេះដែរ ក្រុមប្រទេសអ្នកមាន ដឹកមុខដោយអាមេរិកវិញ រហូតមកដល់ពេលនេះ នៅតែមិនចង់បង្ហាញពីចំនួនទឹកប្រាក់ ដែលប្រទេសទាំងនោះ ចូលរួមបរិច្ចាគ ទៅតាមសំណើរបស់អង្គការសហប្រជាជាតិ ក្នុងបេសកកម្ម បង្កើត ផែនការថាមពលបៃតង ឲ្យលេចចេញជារូបរាងឡើង។
ផែនការថាមពលបៃតងដើម្បីសង្គ្រោះផែនដី កំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជាបើប្រទេសនៅលើពិភពលោក នៅតែអាត្មានិយម គិតពីប្រយោជន៍ខ្លួនឯងខ្លាំងជាងប្រយោជន៍រួមនោះ វាច្បាស់ណាស់គេអាចនិយាយបានថា ពិភពលោកទាំងមូលនឹងត្រូវបំផ្លិចបំផ្លាញ តាមរយៈការបញ្ចេញឧស្ម័នពុល ឬការបំភាយឧស្ម័នផ្ទះកញ្ចក់បាន នាពេលអនាគតខាងមុខ។
តែទោះជាយ៉ាងណាក៏ដោយ នាពេលនេះ គេអាចទាញសេចក្តីសន្និដ្ឋានបានថា ការចាកចេញរបស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាឆ្នាំ២០១៧ និងការបដិសេដមិនចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសប៉ូឡូញ ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីអំពីអាកាសធាតុនាខណៈនេះ វាជាកត្តាជំរុញសំខាន់មួយ ដែលអាចនាំឲ្យផែនការថាមពលបៃតង ដើម្បីជួយសង្គ្រោះពិភពលោកពីគ្រោះមន្តរាយអាកាសធាតុអាច ជួបភាពមិនប្រាកដប្រជា៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)