ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័មួយគ្រឿង ពីបុរសម្នាក់ ខណៈកំពុងជិះម៉ូតូនិយាយទូរសព្ទ័ ភ្លាមៗត្រូវបានម្ចាស់ជិះដេញតាមពីក្រោយរួចជិះបំបុក បណ្តាលឲ្យជនសង្ស័យដួល ត្រូវបានប្រជាលរដ្ឋជួយចាប់បានម្នាក់វាយទ្រមខ្លួន និងដកហូតបានម៉ូតូមួយគ្រឿង ចំណែកបក្ខពួកម្នាក់ទៀត យកទូរសព្ទ័ជនរងគ្រោះ ម៉ាកអាយហ្វូន៦ រត់គេចខ្កួនបាត់ស្រមោល ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតស្ថិតនៅចំណុចស្តុបអូឬស្សី តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាតវាលវង់ ខណ្ឌ៧មករា ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលអង្គុយនៅខាងក្រោយ និងជាអ្នកធ្វើសកម្មភាពឆក់ មានឈ្មោះ ឡៃ សុផានី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញខណ្ឌសែនសុខ ។ ចំណែកបក្ខពួកម្នាក់ទៀតនិងជាម្ចាសម៉ូតូហុងដាឌ្រីមសង់ ស៊េរី២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1GH-6788 មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះសូមមិនបញ្ចេញអត្តសញ្ញាណ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1CM-5529 ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះ បំណងទៅយកប្រពន្ធ នៅម្តុំគីរីរម្យ ដើម្បីយកត្រឡប់មកផ្ទះវិញដោយជិះបណ្តើរនិយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង មកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរសព្ទ័ដែលគាត់កំពុងនិយាយបានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះរូបគាត់ ក៏បានជិះម៉ូតូដេញតាមក្រោយ ហើយបានស្រែកខ្លាំងៗថា ចោរៗ លុះជិះដេញមកដល់ចំណុចផ្លូវ២១៧ផ្សារដើមគ ជនសង្ស័យបានវាក់អើ នឹងរថយន្តមួយគ្រឿង បើកនៅខាងមុខស្របពេលរូបគាត់ជិះដល់ល្មម ហើយជិះបំបុកឲ្យសង្ស័យទាំងពីរនាក់ដួលភ្លាមៗស្រាប់តែប្រជាពលរដ្ឋ ឃើញហេតុការណ៍ បាននាំគ្នាជួយដេញចាប់បានម្នាក់វាយឡើងទ្រមខ្លួន រួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ចំណែកកប្ខពួកម្នាក់ទៀតយកទូរសព្ទ័ជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគ ឃាត់ខ្លួនសួរនាំ ៕ (អត្ថបទដោយ ទេព វណ្ណះ)
