ស្រែកទ្រហោយំពេញ​យន្តហោះ​ ក្រោយឃើញ​គំរបម៉ាស៊ីន​របើកខ្ទេច ​ទាំងពេលកំពុងហោះហើរ​លើអាកាស​ នៅសហរដ្ឋអាមេរិក

(ឡាសវែហ្គាស)៖ គ្មាននរណាអាចទប់អារម្មណ៍បានឡើយ ពេលឃើញហេតុការណ៍បែប​នេះ ដោយយន្តហោះមួយគ្រឿងចេញពីដំណើរពីទីក្រុង​ ឡាសវែហ្គាស រដ្ឋណេវ៉ាដា ភាគខាងលិច សំដៅទៅកាន់រដ្ឋផ្លូរីដា ​ដែលស្ថិតនៅភាគ​និរតីសហរដ្ឋអាមេរិកនោះ នៅសុខៗស្រាប់​តែសន្ទះម៉ាស៊ីននៅស្លាបមួយចំហៀងរបស់វា បានរបូតចេញខ្ទេច​តែម្តង ហើយអ្នកដំណើរទាំងអស់​បានជ្រួលច្របល់ និងខ្លះទៀតស្រែកទ្រហោធំ ព្រោះគិតថា យន្តហោះនឹងធ្លាក់​ហើយនាគ្រានោះ។ នេះបើតាម​ការចេញផ្សាយដោយ Channel News Asia នាព្រឹក​ថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
យន្តហោះកើត​ហេតុខាងលើនេះ គឺជារបស់​ក្រុមហ៊ុនអាកាសចរណ៍ ហ្វ្រុនធៀ (Frontier Airlines) នៃសហរដ្ឋអាមេរិក ដោយបានផ្ទុះ​ករណីរបើកគំរបម៉ាស៊ីនខាងលើនេះ កាលពីថ្ងៃសៅរ៍​​ចុងសប្តាហ៍មុន។ អ្នកដំណើរឈ្មោះ ហ្គាន់ណឺសុន (CJ Gunnerson) បានផ្ញើរូបថតមួយចំនួន និងសាររៀបរាប់ពីស្ថានភាពជាក់ស្តែងនាគ្រានោះ ទៅកាន់មិត្ត​របស់លោកឈ្មោះ ប្រ៊ែនដុន រីតទីមែន (Brandon Rittiman) ដែល​បម្រើការងារ​ឱ្យទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក ABC10។
តាមរយៈរូបភាព​នោះ អ្នកសារព័ត៌មាន​ឈ្មោះ Rittiman បង្ហោះនៅលើ​បណ្តាញ Twitter របស់លោកថា «យន្តហោះមួយគ្រឿង​ដែលមានមនុស្សជិះ ១៧៧នាក់ បានធ្វើការ​ចុះចត​ជាបន្ទាន់ទៅវិញ​នៅក្នុងព្រលានយន្តហោះទីក្រុង ឡាសវែហ្គាស (Las Vegas) បន្ទាប់ពីគំរប​ម៉ាស៊ីនខាងឆ្វេងរបស់​​វា បានរបូតចេញអស់​នៅពេល​យន្តហោះនោះ ហោះហើរឡើងដល់កណ្តាល​អាកាសទៅ​ហើយ»
បើតាមលោក Gunnerson ដែលស្ថិតនៅលើ​យន្តហោះនោះផ្ទាល់ បានប្រាប់​លោក Rittiman ថា «វាប្រៀបបីដូច​ជាភាពកោលាហលមួយ បានកើតមានឡើង​នៅលើយន្តហោះ​នោះអ៊ីចឹង...អ្នកដំណើរមួយ​ចំនួនបានក្រោកឈរឡើង​ហើយស្រែក និងខ្លះ​ទៀតប្រើដៃ​គោះដំបូលយន្តហោះ​ទៀតផង...»។ បន្ថែមពីនេះ​អ្នកដំណើរមួយចំនួនទៀត​ស្រែកយំ និងខ្លះបានផ្តែផ្តាំ​មនុស្សដែលខ្លួន​ស្រឡាញ់ព្រោះគិតថា ពួកគេនឹងមិន​រស់នៅនោះ​ឡើយ។
គួរបញ្ជាក់ថា៖ ទោះបីជាយ៉ាង​ណាក៏​យន្តហោះប្រភេទ Airbus A320 នោះ​​មិនបាន​ជួបគ្រោះថ្នាក់​អ្វីនោះឡើយ ដោយបានបកត្រឡប់​មកចុះចតនៅព្រលាន​យន្តហោះ​ទីក្រុង Las Vegas វិញ។ ក្រុមហ៊ុន Frontier Airlines បានសម្រេច​ប្រគល់​ថ្លៃសំបុត្រជូន​អ្នកដំណើរ​​ទាំងអស់វិញ និងមានកាដូជា​សំបុត្រធ្វើដំណើរ​ដោយឥតគិតថ្លៃ នៅជើងយន្តហោះក្រោយៗ​ទៀត​សម្រាប់អ្នកដំណើរទាំងអស់ ដោយក្នុង​ម្នាក់ៗទទួលបាន​ប័ណ្ណទឹក​ប្រាក់ ៥០០ដុល្លារ៕
ស្រែកទ្រហោយំពេញ​យន្តហោះ​ ក្រោយឃើញ​គំរបម៉ាស៊ីន​របើកខ្ទេច ​ទាំងពេលកំពុងហោះហើរ​លើអាកាស​ នៅសហរដ្ឋអាមេរិក ស្រែកទ្រហោយំពេញ​យន្តហោះ​ ក្រោយឃើញ​គំរបម៉ាស៊ីន​របើកខ្ទេច ​ទាំងពេលកំពុងហោះហើរ​លើអាកាស​ នៅសហរដ្ឋអាមេរិក Reviewed by Laiheang VOBFM on 12/03/2018 Rating: 5
Powered by Blogger.