វៀតណាម៖ នៅទីក្រុងហាណូយ ប្រមុខការបរទេសកូរ៉េខាងជើង លោករី យុងហូ បានជួបពិភាក្សាជាមួយ សមភាគីវៀតណាម មុននឹងគ្រោងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វ៊ុក។ នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសវៀតណាមលើកនេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង គ្រោងផងដែរនឹងទៅធ្វើទស្សនកិច្ច នៅតំបន់ព័ត៌មានវិទ្យារបស់វៀតណាម ហើយនិងជួបប្រជុំជាមួយ អ្នកជំនាញវៀតណាមខាងផ្នែកកសិកម្ម។
តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ ប្រមុខការបរទេសកូរ៉េខាងជើង ធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បី រៀនសូត្រ យកគំរូតាមកំណែទម្រង់សេដ្ឋកិច្ច Doi moi របស់វៀតណាម ដែលបានជួយប្រែក្លាយប្រទេសមួយនេះ ឲ្យមានកំណើនសេដ្ឋកិច្ច ប៉ុន្តែ ដោយនៅតែរក្សារបបដឹកនាំឯកបក្ស កុម្មុយនិស្ត។
នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ វៀតណាមបានធ្វើកំណែទម្រង់សេដ្ឋកិច្ច កំណែទម្រង់ទីផ្សារ តាមរយៈ ការបើកចំហរ ស្វាគម អ្នកវិនិយោគបរទេស ហើយនិងជំរុញការដោះដូរពាណិជ្ជកម្ម រហូតធ្វើឲ្យវៀតណាម មានសេដ្ឋកិច្ចរីកលូតលាស់លឿន ជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ។ វៀតណាមបានធ្វើកំណែទម្រង់សេដ្ឋកិច្ច ដោយនៅតែអាចបន្តរក្សា អំណាចដឹកនាំរបស់បក្សកុម្មុយនិស្ត ជាមួយនឹងអំណាចផ្តាច់ការ បិទសិទ្ធិសេរីភាពរបស់ក្រុមអ្នកប្រឆាំងរិះគន់។
វៀតណាម ធ្លាប់ជាប្រទេសដែលប្រមុខការបរទេសអាមេរិក លោកMike Pompeo ធ្លាប់បាននិយាយប្រាប់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ឲ្យយកគំរូតាម ព្រោះថា វៀតណាម មានសេដ្ឋកិច្ចរីកចម្រើន និងបានប្រែក្លាយ ពីសត្រូវមកជាដៃគូ ដ៏សំខាន់របស់អាមេរិក។
សម្រាប់អ្នកជំនាញ ក្នុងនាមជាប្រទេសកុម្មុយនិស្តដូចគ្នា វៀតណាមអាចជាប្រទេស ដែលកូរ៉េខាងជើង ចង់យកគំរូ ធ្វើតាម។ វៀតណាម និងកូរ៉េខាងជើង បានចាប់ផ្តើមចងសម្ព័ន្ធការទូតនឹងគ្នា តាំងពីឆ្នាំ ១៩៥០ ប៉ុន្តែ ការដោះដូរសេដ្ឋកិច្ចរវាងប្រទេសកុម្មុយនិស្តទាំងពីរនៅតែទាប។ តាមទិន្នន័យរបស់ការិយាល័យរដ្ឋាភិបាលវៀតណាម ការនាំចេញរបស់វៀតណាម ដែលភាគច្រើន ជាទំនិញបរិភោគ ទៅប្រទេសកូរ៉េខាងជើង មានតម្លៃ ជាង ៧លានដុល្លារ កាលពី២០១៧។
គេវាយតម្លៃដែរថា កូរ៉េខាងជើង ដែលធ្លាប់ឯកោរ និងមានសេដ្ឋកិច្ចចុះទន់ខ្សោយ ដោយសារទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ក្នុងរឿងផលិតអាវុធ នុយក្លេអ៊ែរ កំពុងចង់ឆ្លៀត យកជំនួបជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដើម្បី កសាងឡើងវិញ មុខមាត់របស់ខ្លួនឡើងវិញ ក្នុងឆាកអន្តរជាតិ។
នៅមុនទៅប្រទេសវៀតណាម ប្រមុខការបរទេសកូរ៉េខាងជើង លោករី យ៉ុងហូ ធ្លាប់ទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ រុស្ស៊ី តួមេនីស្ថាន អាហ្សែបៃហ្សង់។ តាមអ្នកជំនាញ ការបង្កើន ដំណើរទស្សនកិច្ចទៅបរទេសជាសញ្ញាបញ្ជាក់ថា ក្រុងព្យុងយ៉ាង ចង់បង្កើន បង្កើតទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច ជាមួយ ប្រទេសដទៃ ដើម្បី កាត់បន្ថយ ការពឹងផ្អែកទាំងស្រុង តែទៅលើដង្ហើមសេដ្ឋកិច្ចរបស់ចិនតែមួយ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)