បារាំង៖ នៅក្នុងប្រទេសបារាំង ថ្ងៃសៅរ៍ ទី១ ធ្នូនេះជាលើកទី៣ ដែលក្រុមអាវកាក់លឿងបានចុះផ្លូវធ្វើបាតុកម្ម។ ក្បួនបាតុកម្មក្នុងថ្ងៃសៅរ៍នេះក៏ដូចក្បួនបាតុកម្មកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដែរបានធ្វើឡើងនៅជុំវិញ និងលើមហាវិថីហ្សង់អេលីហ្សេចំកណ្តាលក្រុងប៉ារីស។ តែនៅលើនេះ រដ្ឋអំណាចបានដាក់ពង្រាយកម្លាំងប៉ូលិស និងប៉េអឹមយ៉ាងច្រើនសម្បើមដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សាដូចសប្តាហ៍មុន។ ក៏ប៉ុន្តែគេសង្កេតឃើញជារួមថា ភាពប្រទូសរ៉ាយរវាងបាតុករ និងកម្លាំងប៉ូលិសបានកើតមានយ៉ាងខ្លាំងក្លាដោយមានមនុស្សប្រមាណជា ១០៧នាក់ត្រូវបានឃាត់ខ្លួន។
កម្មវត្ថុនៃបាតុកម្មរបស់ក្រុមអាវកាក់លឿងនៅថ្ងៃសៅរ៍ ទី១ ធ្នូនេះក៏មិនខុសពីថ្ងៃសៅរ៍សប្តាហ៍មុនដែរ គឺប្រឆាំងនឹងរដ្ឋាភិបាលដែលបានសម្រេចដំឡើងពន្ធលើទំនិញមួយចំនួន ពិសេសដំឡើងពន្ធលើប្រេងឥន្ធនៈ។ ក្រៅពីរៀបចំក្បួនបាតុកម្មរៀងរាល់ថ្ងៃសៅរ៍តាំងពីថ្ងៃសៅរ៍ ទី១៧ វិច្ឆិកា ក្បួនបាតុកម្មតវ៉ារបស់ក្រុមអាវកាក់លឿងក៏ត្រូវបានរៀបចំជាប្រចាំថ្ងៃតាំងពីជាង ២សប្តាហ៍មកហើយនៅតាមតំបន់ផ្សេងៗនៅទូទាំងប្រទេសបារាំង។ តែក្បួនបាតុកម្មរៀបចំនៅជុំវិញ និងនៅលើមហាវិថីហ្សង់អេលីហ្សេត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះវាបានធ្វើឡើងនៅក្បែរវិមានប្រធានាធិបតី រដ្ឋសភាជាតិ និងមិនឆ្ងាយប៉ុន្មានពីក្រសួងមហាផ្ទៃ។
តែអ្វីជាការកត់សម្គាល់នៅក្នុងក្បួនបាតុកម្មនាថ្ងៃសៅរ៍ ទី១ ធ្នូនេះ គឺការដាក់ពង្រាយកម្លាំងប៉ូលិស ទាហានមិនតិចជាង ៤ ០០០នាក់ ព្រមទាំងមានការឆែកឆេរលើមនុស្សម្នាក់ៗដែលទៅចូលរួមនៅក្នុងក្បួនបាតុកម្ម។ វិធានការទាំងអស់នេះគឺដើម្បីចៀសវាងកុំឲ្យកើតមានហេតុការណ៍ហិង្សាដូចកាលពីថ្ងៃសៅរ៍ ទី២៤ វិច្ឆិកា។ តែគេបានសង្កេតឃើញជារួមថា ទោះបីជាមានវិធានការតឹងតែងយ៉ាងណាក៏ដោយក៏គេមិនអាចបញ្ជៀសអំពើហិង្សាបានដែរ។ ខណៈនេះ រូបភាពនៃអំពើហិង្សា និងអន្តរាគមន៍របស់កម្លាំងប៉ូលិសជាមួយនឹងការបាញ់ទឹក និងបាញ់គ្រាប់បែកបង្ហូរទឹកភ្នែកកំពុងបន្តមានយ៉ាងគគ្រឹកគគ្រេងនៅចំកណ្តាលបេះដូងក្រុងប៉ារីស។
មហាវិថីហ្សង់អេលីហ្សេដែលជាមហាវិថីដ៏ស្អាតជាងគេក្នុងលោក និងដែលជាទីកន្លែងទេសចរណ៍មួយដ៏សំខាន់កំពុងគ្របដណ្តប់ដោយផ្សែងហុយទ្រលោម និងភាពវឹកវរ។ អ្វីដែលកម្លាំងប៉ូលិសកំពុងប្រឈម គឺនៅម្ខាង ពួកបាតុករអហិង្សាដែលជាពួកអាវកាក់លឿង និងនៅម្ខាងទៀត គឺក្រុមជ្រុលនិយមដែលបន្លំខ្លួនចូលកម្ទេច បង្កចលាចល និងអំពើហិង្សា។ ខណៈនេះ មានមនុស្សប្រមាណជា ១០៧នាក់ត្រូវបានប៉ូលិសចាប់ខ្លួន៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)