ភ្នំពេញ៖ សហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃពុធម្សិលមិញ បានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នានៅក្នុងសំណុំរឿង០០៣ ដែលមានជនសង្ស័យ មាស មុត ទាក់ទងថា តើមាស មុត ត្រូវស្ថិត ឬមិនត្រូវស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ក្នុងចំណោមជនទាំងឡាយ ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ជុំវិញសំណុំរឿង០០៣ ដែលមានជនសង្ស័យ មាស មុត នេះ សហចៅក្រមស៊ើបអង្កេតជាតិ យល់ឃើញថា មាស មុត មិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ដែលទទួលខុសត្រូវខ្ពស់បំផុត ដែលសហចៅក្រមស៊ើបអង្កេតជាតិ ទាមទារឲ្យលើកលែងការចោទប្រកាន់លើ មាស មុត ដោយសារមូលហេតុនេះ។
សហចៅក្រមស៊ើបអង្កេតជាតិ បានពិចារណាលើកម្រិតនៃការចូលរួមរបស់ មាស មុត និងស្ថានទម្ងន់នៃឧក្រិដ្ឋកម្ម ព្រមទាំងកត្តាផ្សេងៗទៀត ដូចជា ខ្លឹមសារនៃច្បាប់ និងកិច្ចព្រមព្រៀង អ.វ.ត.ក ព្រមទាំងគោលបំណងនៃអ្នកតាក់តែងកិច្ចព្រមព្រៀង និងច្បាប់ទាំងនោះ។
ដោយឡែក សហចៅក្រមស៊ើបអង្កេតអន្តរជាតិវិញ យល់ឃើញថា មាស មុត ត្រូវស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ក្នុងនាមជាជនម្នាក់ក្នុងចំណោមជនទាំងឡាយ ដែលទទួលខុសត្រូវខ្ពស់បំផុត ហើយមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទបញ្ជូនគាត់ទៅជំនុំជម្រះ ចំពោះបទចោទនៃអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើមនុស្សឃាតគិតទុកជាមុន យោងតាមច្បាប់កម្ពុជា។ បទចោទខ្លះមិនអាចមានភស្តុតាងបញ្ជាក់ទេ នៅក្នុងអំឡុងពេលស៊ើបសួរ ហេតុនេះត្រូវលើកលែងបទចោទទាំងនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានដាក់ដីកាសន្និដ្ឋានស្ថាពររបស់ខ្លួន ក្នុងសំណុំរឿង០០៣ ពាក់ព័ន្ធនឹងកិច្ចស៊ើបសួរលើ មាស មុត។ សហព្រះរាជអាជ្ញាទាំងពីរ បានដាក់ដីកាសន្និដ្ឋានស្ថាពរដាច់ដោយឡែកពីគ្នា ដោយឆ្លុះបញ្ចាំងទស្សនៈខុសគ្នាអំពីថាតើសហចៅក្រមស៊ើបអង្កេតត្រូវចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង មាស មុត ដែរឬយ៉ាងណា។
សូមរំលឹកដែរថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ សហព្រះរាជអាជ្ញាអន្តរជាតិបានដាក់ដីកាបញ្ជូនរឿងឲ្យស៊ើបសួរចំនួន ២ ទៅសហចៅក្រមស៊ើបអង្កេត ស្នើសុំឲ្យបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជនសង្ស័យ ចំនួនប្រាំរូបទៀត។ ដីកាបញ្ជូនរឿងឲ្យស៊ើបសួរទាំងពីរនេះគឺសំណុំរឿង០០៣ និង សំណុំរឿង០០៤។
មាស មុត និង ស៊ូ ម៉េត ត្រូវបានគេដាក់ឈ្មោះថាជាជនសង្ស័យក្នុងសំណុំរឿង០០៣។ ការស៊ើបអង្កេតរបស់តុលាការប្រឆាំង លោក ស៊ូ ម៉េត ត្រូវបានបញ្ចប់នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៥ បន្ទាប់ពីគាត់បានស្លាប់។ លោក មាស មុត ត្រូវបានចោទប្រកាន់ដោយកំបាំងមុខនៅក្នុងខែមីនាឆ្នាំ ២០១៥។ គាត់បានបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅចំពោះមុខសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅខែធ្នូ២០១៥ ជាកន្លែងដែលគាត់ត្រូវបានគេជូនដំណឹងអំពីការចោទប្រកាន់បន្ថែម៕ (អត្ថបទដោយ ទេព វណ្ណះ)