ខេត្តតាកែវ៖ ជនជាតិចិន ២៣៥នាក់ ក្នុងនោះរួមមានស្ត្រីចំនួន៣៦នាក់ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជាយ៉ាងយូនៅត្រឹមថ្ងៃទី ១០ ខែធ្នូ ខាងមុខនេះ ខណៈដែលអាជ្ញាធរកម្ពុជាកំពុងរត់ឯកសារប្រកាសបណ្តេញចេញ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ៣០ វិច្ឆិកានេះ។
គួរជំរាបជូនថា ជនជាតិចិនទាំង ២៣៥នាក់ ក្នុងនោះរួមមានស្ត្រីចំនួន៣៦នាក់ ត្រូវបានអាជ្ញាធរកម្ពុជា បង្ក្រាបនៅទីតាំង៤កន្លែងផ្សេងៗគ្នា កាលពីថ្ងៃទី ២៦ វិច្ឆិកា នៅក្នុងស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ។ ជនបរទេសជាតិចិនទាំង២៣៥នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធក្នុងករណីជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នានៅក្នុងប្រទេសចិន តាមរយៈប្រព័ន្ធអ៊ីនធឺណែត និងទូរសព្ទ VOIP ដោយប្រើប្រាស់ទឹកដីកម្ពុជា។ បច្ចុប្បន្នជនជាតិចិនទាំង២៣៥នាក់នោះ កំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ ពួកគេនឹងត្រូវមកទទួលយកដោយប៉ូលិសចិន តាមរយៈយន្តហោះពិសេស យ៉ាងយូនៅត្រឹមថ្ងៃទី ១០ ធ្នូ ខាងមុខ។
កាលពីចុងខែកញ្ញាកន្លងទៅនេះ ជនជាតិចិនចំនួន ១០២ នាក់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួននៅក្នុងទីតាំង ២ ផ្សេងគ្នាដែរ ដែល ១ កន្លែងនៅលើភ្នំបូកគោខេត្តកំពត និង ១ កន្លែងនៅភ្នំពេញដែលជាការចាប់ខ្លួនតាមការស្នើសុំពីសមត្ថកិច្ចចិន។ រឿងនេះ កន្លងមកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលចប់អាណត្តិលោក Xiong Bo បានគាំទ្រវិធានការច្បាប់របស់សមត្ថកិច្ចកម្ពុជាចំពោះជនជាតិចិន ដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជា។
ជាមួយគ្នានោះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ក៏បានគាំទ្រការលើកឡើងរបស់លោក Xiong Bo ហើយក្រសួងមហាផ្ទៃក៏មានកិច្ចសហប្រតិបត្ដិការជាមួយក្រសួងសន្ដិសុខសាធារណៈរបស់ចិនលើការងារសន្ដិសុខទាក់ទងនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយក្រសួងមហាផ្ទៃក៏បានទទួលសម្ភារជាច្រើនពីក្រសួងសន្ដិសុខចិនផងដែរ។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១៤មក កម្ពុជាបានសម្រេចបណ្តេញជនជាតិចិនប្រមាណជាង២ពាន់នាក់ហើយ បន្ទាប់ពីពួកគេបានប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសចាប់ជំរិតតាមប្រពន្ធ័អ៊ិនធឺណិត ចំនួនជាង១០លើករួចមក៕ (អត្ថបទដោយ ទេព វណ្ណះ)