ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងកាស៊ីណូអត់ច្បាប់មួយកន្លែង យីហោ(1618សាលកម្សាន្ដបុកប៊ីយ៉ា) របស់ជនជាតិចិន ព្រមទាំងដកហូតទូរល្បែងស៊ីសងជាច្រើនគ្រឿង នឹងឃាត់ខ្លួនជនជាតិចិន ចំនួន៣នាក់ ផងដែរ ប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើធ្វើឡើងកាលពីវេលាល្ងាចថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា ដោយមានបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងឆ្មក់ចូលពិនិត្យ ដោយបានរកឃើញ ឧបករណ៍ដែលជាម៉ាស៊ីនសម្រាប់លេងល្បែងជាច្រើន នៅក្នុងទីតាំងនេះ ហើយអាជ្ញាធរបានសម្រេចបិទទ្វារជាបណ្តោះអាសន្ន ដើម្បីរង់ចាំព្រឹកស្អែកបន្តនីតិវិធីច្បាប់ ។
ពាក់ព័ន្ធករណីចុះបង្ក្រាបទីតាំងខាងលើនេះ មហាជនបានលើកឡើងថា ទីតាំងខាងលើនេះ បើកជាយូរណាស់មកហើយ ហេតុអ្វីបានជាអជ្ញាធរ និងសមត្ថកិច្ចទើបចុះបង្ក្រាប ឬមន្ដ្រីថ្នាក់ក្រោមមិនរាយការណ៍ជូនថ្នាក់លើ ? ៕ (អត្ថបទដោយទេព វណ្ណះ)