ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Copa Libertadores ជើងទីពីររវាងក្រុមខ្លាំងរបស់អាហ្សង់ទីនទាំងពីរ Boca Juniors និង River Plate ត្រូវបានផ្លាស់ប្ដូរមកលេងនៅកីឡដ្ឋាន Bernabeu ដែលជាដីរបស់ក្រុម Real Madrid។
ការប្រកួតរវាងក្រុមទាំងពីរត្រូវបានផ្អាកកាលពីសប្ដាហ៍មុន ដោយសារក្រុមអ្នកគាំទ្ររបស់ River Plate បានវាយប្រហារលើឡានក្រុងរបស់ក្លឹប Boca Juniors។ មានកីឡាករមួយចំនួនបានរងរបួសដោយសារអំបែងកញ្ចក់រថយន្ត មុនពេលក្រុមប៉ូលិសបាញ់ឧស្ម័នបង្ហួរទឹកភ្នែកបំបែកក្រុមអ្នកគាំទ្រ។
ការរៀបចំប្រកួតឡើងវិញនេះនឹងប្រកួតនៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ខាងមុខ។ តាមការចុះផ្សាយពី The Sun យប់មិញថា កាតារបានប្រជែងចង់ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ដោយផ្ដល់១០លានផោនលេងក្នុងកីឡដ្ឋាន Khalifa International Stadium។
យ៉ាងណាក្ដីប្រធានក្លឹប Real Madrid លោក Florentino Perez ត្រូវបានគេដឹងថាមានទំនាក់ទំនងល្អជាមួយប្រធានក្លឹប Boca Juniors និង River Plate លោក Daniel Angelici និង Rodolfo D'Onofrio ដែលជាកត្តាមួយជំរុញឲ្យមានការប្រកួតនៅទីក្រុង Madrid៕