វិបត្តិនោះក៏បានគំរាមកំហែងដល់ទំនាក់ទំនងការទូតជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមានថា លោកប្រហែលជាអាចលុបចោលជំនួបដែលរង់ចាំមកជាយូរជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរពូទីន។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក ប៉េត្រូ ប៉ូរ៉ូសិនកូ។ AFP
លោកត្រាំ គ្រោងជួបលោក ពូទីននៅជំនួបកំពូល G20 នៅក្រុង Buenos Aires នៅចុងសប្តាហ៍នេះ ប៉ុន្តែលោកប្រាប់កាសែត The Washington Post ថា ជំនួបនោះនឹងពឹងផ្អែកលទ្ធផលនៃរបាយការណ៍មួយអំពីឧប្បត្តិហេតុ ដែលកំពុងរៀបចំដោយក្រុមទីប្រឹក្សាសន្តិសុខជាតិរបស់លោក។លោកត្រាំ បានថ្លែងថា៖ «ប្រហែលជាខ្ញុំនឹងមិនមានជំនួបនោះទេ»។ នៅអ៊ុយក្រែន លោកប៉ូរ៉ូសិនកូ បានព្រមានថា ការប៉ះទង្គិចនៅសមុទ្រនោះ អាចនាំឲ្យមានការប្រឈមមុខដាក់គ្នារវាងយោធាអ៊ុយក្រែន និងរុស្ស៊ី។
នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ជាតិ លោកប្រធានាធិបតី បានថ្លែងថា៖ «ខ្ញុំមិនចង់ឲ្យនរណាម្នាក់ គិតថាបញ្ហានេះ គឺជាល្បែងលេងសើចទេ។ អ៊ុយក្រែន កំពុងស្ថិតនៅក្រោមការគំរាមកំហែងសង្គ្រាមពេញទំហឹងជាមួយប្រទេសរុស្ស៊ី»។
លោក ប៉ូរ៉ូសិនកូ បានថ្លែងថាចំនួនទាហានរុស្ស៊ី ដែលត្រូវបានដាក់ពង្រាយនៅតាមបណ្តោយព្រំដែនអ៊ុយក្រែន- រុស្ស៊ី បានកើនឡើងយ៉ាងច្រើនខណៈចំនួនរថក្រោះរុស្ស៊ី បានកើនឡើង ៣ ដង ដោយបានបង្ហាញរបាយការណ៍ស៊ើបអង្កេត ប៉ុន្តែមិនបានផ្តល់ចំនួនពិតប្រាកដនោះទេ។
លោក បានថ្លែងក្រោយពី កងកម្លាំងរុស្ស៊ី បានរឹបអូសយកនាវា ៣ គ្រឿងរបស់ក្រុងកៀវនៅឆ្នេរសមុទ្រគ្រីមា កាលពីថ្ងៃអាទិត្យ និងចាប់ខ្លួនទាហានជើងទឹក ២៤ នាក់។
ទាហានអ៊ុយក្រែន ដើរល្បាតនៅលើនាវាយោធាមានឈ្មោះថា Dondass ក្នុងដែនសមុទ្រ Mariulpol។ AFP
កាលពីថ្ងៃអង្គារ តុលាការមួយនៅក្នុងក្រុង Simferopol ជាក្រុងធំនៅក្នុងប្រជុំកោះគ្រីមា ដែលជាឧបសម្ព័ន្ធរបស់រុស្ស៊ី បានបញ្ជាឱ្យឃុំខ្លួន ១២ នាក់នៃទាហានជើងទឹកទាំងអស់ជាការឃុំខ្លួនមុនកាត់ទោសរយៈពេល ២ ខែ។
ចំណាត់ការនោះ បានធ្វើឱ្យភាពតានតឹងកាន់តែកើនឡើងខ្លាំងរវាងក្រុងម៉ូស្គូ និងក្រុងកៀវខណៈរុស្ស៊ីបន្តចោទក្រុមទាហានជើងទឹកទាំងនោះពីបទឆ្លងកាត់ដែនទឹករុស្ស៊ីដោយខុសច្បាប់ និងមិនខ្វល់ចំពោះការព្រមានពីឆ្មាំព្រំដែន។
ក្រុងកៀវ បានទាមទារឲ្យដោះលែងទាហានទាំងអស់នោះ និងបានអំពាវនាវឲ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិច ដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី៕