ភ្នំពេញ៖ នេះបើតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេរថា “រកឃើញមូលហេតុដែលលោកចៅក្រម បន្ថយអាយុ យុវចោរពី ១៨ ឆ្នាំ មក ១៧ ឆ្នាំ ហើយតាមរយៈសំបុត្របញ្ជាក់កំណើតបង្ហាញអោយឃើញថា យុវចោរ ហេង ម៉េងហុង កើតថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០០០ ។ ដូច្នេះនៅខ្វះ ១ ខែ ទៀត ទើបគ្រប់អាយុ ១៨ ឆ្នាំ ។ អាយុមិនទាន់គ្រប់ ១៨ ឆ្នាំ ផង យុវចោររូបនេះជាប់គុក ២ ដងហើយគិតទាំងលើកនេះ ។ កើតមកដឹងក្ដីដើរធ្វើចោរឆក់តែម្ដង”។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានករណីដែលមន្ត្រីនគរបាលយុត្តិធម៌បានចាប់ខ្លួនជនសង្ស័យជាចោរឆក់ម្នាក់ ហើយតំណាងអយ្យការបានចោទប្រកាន់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយដាក់ថា មានអាយុ១៨ឆ្នាំ (នីតិជន) ប៉ុន្តែត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចប្តូរអាយុមកត្រឹម១៧ឆ្នាំ (អនីតិជន) វិញ ដើម្បីទទួលបានស្ថានសម្រាលទោស នៅពេលកាត់ក្តី នេះបើតាមសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយ ។
ជនត្រូវចោទឈ្មោះ ហេង ម៉េងហុង ភេទប្រុស ដែលទើបតែចេញពីគុកថ្មីៗ ត្រូវបានមន្ត្រីនគរបាលខណ្ឌចំការមន ចាប់បានខ្លួនជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ពៅ នៅ ភេទប្រុស អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ការបូប) នៅចំណុចមុខផ្ទះលេខ៧៧ ផ្លូវ១៩៣ កែងផ្លូវ៤០២ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សូមជម្រាបជូនថា អ្វីដែលគួរឲ្យកត់សម្គាល់ គឺជនត្រូវចោទ ឈ្មោះ ហេង ម៉េងហុង ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស ដោយដាក់ថា មានអាយុ១៨ឆ្នាំ គឺជានីតិជន ប៉ុន្តែនៅពេលជនត្រូវចោទរូបនេះ ត្រូវបានបញ្ជូនទៅដល់ចៅក្រម អ៊ុក សុវណ្ណារិទ្ធ គឺត្រូវប្តូរពីអាយុ១៨ឆ្នាំ មកនៅត្រឹមអាយុ១៧ឆ្នាំ ជាអនីតិជនវិញ ខណៈដែលជនត្រូវចោទម្នាក់ទៀត ជាបក្ខពួក ត្រូវបានលោកចៅក្រម អ៊ុក សុវណ្ណារិទ្ធ រក្សាទុកអាយុ១៩ឆ្នាំដដែល ក្រោយពីកែប្រែអាយុរួច ជនសង្ស័យឈ្មោះ ហេង ម៉េងហុង ត្រូវបានសម្រេចឲ្យជាប់គុកព្រៃស ម២ ព្រោះជាអនីតិជន ចំណែកយុវចោរឈ្មោះ ពៅ នៅ ត្រូវជាប់គុកនៅព្រៃស ម១ ព្រោះជានីតិជន ។
សូមបញ្ជាក់ថា ឈ្មោះ ហេង ម៉េងហុង ធ្លាប់ជាប់គុករយៈពេល១ឆ្នាំ ពាក់ព័ន្ធបទល្មើសលួច (ឆក់កាបូប កម្មការិនីរោងចក្រ) ដែលបានប្រព្រឹត្ត កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅពេលនោះ យុវចោរឈ្មោះ ហេង ម៉េងហុង មានអាយុ១៧ឆ្នាំដែរ ក្រោយពីជាប់គុករយៈពេល១ឆ្នាំ ចេញមកវិញ ធ្វើសកម្មភាពឆក់ទៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនគរបាលចាប់បានម្តងទៀត ហើយយកទៅតុលាការរក្សាទុកអាយុត្រឹម១៧ឆ្នាំដដែល នេះជាការងឿងឆ្ងល់មួយរបស់មនត្រីនគរបាល ដែលខំចាប់ជនសង្ស័យរូបនេះ ហេតុអ្វី អាយុចោរមិនកើនសោះ ? ហេតុអ្វីព្រះរាជអាជ្ញាដាក់ថា អាយុ១៨ឆ្នាំ តែចៅក្រមស៊ើបកែមក១៧ឆ្នាំវិញ ?
ទោះជាយ៉ាងណា ភ្នាក់ងារសារព័ត៌មានយើងនៅមិនទាន់សុំការបកស្រាយបំភ្លឺពីលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ បើយោងតាមមាត្រ៣៥៣ និងមាត្រា៣៥៧ បទលួចមានស្ថានទម្ងន់ទោស (ដែលជនជាប់ចោទជានីតិជន) អាចប្រឈមនឹងការជាប់គុកពី៣ឆ្នាំ ទៅ១០ឆ្នាំ។
ប៉ុន្តែបើយោងតាមមាត្រា១៦៣ នៃក្រមព្រហ្មទណ្ឌ «ការមិនអនុវត្តបទប្បញ្ញត្តិស្តីពីការមិនរាងចាល» គឺបទប្បញ្ញត្តិស្តីពីការមិនរាងចាល មិនអនុវត្តទៅលើអនីតិជន ដែលមានអាយុក្រោម១៨ឆ្នាំឡើយ ។ ចំណែកមាត្រា១៦៤ នៃក្រមព្រហ្មទណ្ឌ «ការទទួលប្រយោជន៍នៃស្ថានសម្រាលទោស» ស្ថានសម្រាលទោសត្រូវអនុវត្តទៅលើអនីតិជន។ កាលបើតុលាការបានសម្រេចឲ្យមានស្ថានសម្រាលទោសអប្បបរមា នៃមូលទោសលើ អនីតិជន ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបន្ថយតាមខ្នាតដោយឡែកដូចតទៅ ៖
១.ប្រសិនបើអប្បបរមា នៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី១០ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម១ឆ្នាំ។
២.ប្រសិនបើអប្បបរមា នៃទោសជាប់ពន្ធនាគារស្មើ ឬលើសពី៥ឆ្នាំ និងតិចជាង១០ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម៦ខែ។
៣.ប្រសិនបើអប្បបរមា នៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី២ឆ្នាំ និងតិចជាង៥ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម៣ខែ។
៤.ប្រសិនបើអប្បបរមា នៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី៦ខែ និងតិចជាង២ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម១ថ្ងៃ។
៥.អប្បបរមា នៃទោសពិន័យជាប្រាក់ ត្រូវកាត់បន្ថយពាក់កណ្តាល ។
បើយោងតាមមាត្រា១៦៣ និងមាត្រា១៦៤ នៃក្រមព្រហ្មទណ្ឌនេះ យុវចោរ ឈ្មោះ ហេង ម៉េងហុង ពិតជាមានសំណាងល្អប្រសើរបំផុត ដែលត្រូវបានលោកចៅក្រម អ៊ុក សុវណ្ណារិទ្ធ ជួយរកយុត្តិធម៌ឲ្យមានអាយុ១៧ឆ្នាំ (ជាអនីតិជន) វិញ ដែលផ្ទុយពីរបាយការណ៍នគរបាលយុត្តិធម៌ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ របស់តំណាងអយ្យការ ។
គួរជម្រាបផងដែរថា នៅពេលនគរបាលបញ្ជូនខ្លួនយុវចោរឈ្មោះ ហេង ម៉េងហុង ទៅតុលាការ ក៏មានម្តាយឪពុកតាមតវ៉ា និងស្តីថា ប្រមាថមើលងាយមន្ត្រីនគរបាល ដែលហ៊ានដាក់ខ្នោះ លោកកូនចោរសំណព្វចិត្តរបស់ពួកគាត់ផងដែរ រហូតមានប៉ះពាក្យសម្តីជាមួយមន្ត្រីនគរបាលផ្អើលតុលាការក្រុងភ្នំពេញ និងមានអ្នកថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង ។
ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា យុវចោរឈ្មោះ ហេង ម៉េងហុង មានសែស្រឡាយធ្វើការងារធំ បានហៅទូរស័ព្ទ ផ្តាំផ្ញើឲ្យមន្ត្រីតុលាការជួយមើលៗផង ព្រោះជនសង្ស័យរូបនេះជាកូនក្មួយ ៕ (អត្ថបទដោយ ទេព វណ្ណះ)
