ឥណ្ឌូណេស៊ី៖ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្រុមអ្នកស៊ើបអង្កេតបានចេញផ្សាយរបាយការណ៍មួយនាថ្ងៃពុធ ទី២៨ វិច្ឆិកាស្តីពីគ្រោះថ្នាក់ធ្លាក់យន្តហោះប៊ូអ៊ីង ៧៣៧ Max ៨ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ក្នុងសមុទ្រកាលពីថ្ងៃទី២៩ តុលា។ គ្រោះថ្នាក់ដែលបានបណ្តាលឲ្យស្លាប់អ្នកដំណើរ និងក្រុមបុគ្គលិកបម្រើក្នុងយន្តហោះសរុបទាំងអស់ចំនួ ១៨៩នាក់។
នៅក្នុងរបាយការណ៍ ក្រុមអ្នកស៊ើបអង្កេតបានលើកឡើងពីបញ្ហាជាច្រើនដែលក្រុមហ៊ុន Lion Air បានជួបប្រទះ និងថា គេមិនគួរអនុញ្ញាតឲ្យយន្តហោះដែលជួបគ្រោះថ្នាក់នោះហោះហើរទេ
របាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីពេលនេះគ្រាន់ជារបាយការណ៍បឋម ចំណែករបាយការណ៍ផ្លូវការចុងក្រោយនឹងត្រូវចេញនៅក្នុងរង្វង់ឆ្នាំ ២០១៩ ឬអាចដើមឆ្នាំ ២០២០។
ទោះជាយ៉ាងនេះក្តី របាយការណ៍បឋមបានបំភ្លឺ និងឆ្លើយនឹងចម្ងល់មួយចំនួនទាក់ទងនឹងគ្រោះថ្នាក់ ពិសេសចម្ងល់ពីក្រុមគ្រួសារជនរងគ្រោះដែលកំពុងរង់ចាំការពិត។ របាយការណ៍បឋមនៅមិនបានបញ្ជាក់ច្បាស់ៗពីមូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្តហោះនោះនៅឡើយទេ តែបានលើកឡើងពីបញ្ហាបច្ចេកទេសមួយចំនួនដែលយន្តហោះនោះបានជួបប្រទះ។
បញ្ហាបច្ចេកទេសទាំងនោះរួមមាន ប្រព័ន្ធស្វ័យប្រវត្តិទាក់ទងនឹងការប្រើអ្នកបើកបរស្វ័យប្រវត្តិ និងភាពរអាក់រអួលរបស់ប្រព័ន្ធបញ្ជាមួយចំនួន ពិសេសការផ្តល់ព័ត៌មានមិនពិតទាក់ទងនឹងល្បឿន ឬកម្ពស់របស់យន្តហោះ។
ជាក់ស្តែងនៅក្នុងជើងហោះហើរដែលជួបគ្រោះថ្នាក់កាលពីថ្ងៃទី២៩ តុលា ក្រុមអ្នកបើកបរបែរជាបានសួរទៅក្រុមគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅព្រលានពីល្បឿន និងកម្ពស់របស់យន្តហោះខ្លួនទៅវិញ។ ធ្ងន់ធ្ងរជាងនេះ លោកនួរកាយ៉ូ យូតូម៉ូ អ្នកទទួលខុសត្រូវនៃទីភ្នាក់ងារសន្តិសុខផ្នែកដឹកជញ្ជូន និងជាអ្នកដឹកនាំការស៊ើបអង្កេតបានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតថា យន្តហោះដដែលនោះធ្លាប់បានជួបបញ្ហាដូចគ្នានេះនៅក្នុងជើងហោះហើរលើកមុនម្តងហើយ តែកាលណោះ ក្រុមអ្នកបើកបរចេះដោះស្រាយដោយបញ្ជៀសមិនឲ្យយន្តហោះធ្លាក់។ លោកយូតូម៉ូមិនអាចបញ្ជាក់បានទេថា តើនៅក្នុងពេលហោះហើរក្នុងថ្ងៃទី២៩ តុលា ក្រុមអ្នកបើកបរបានធ្វើកិច្ចការដូចដែលខ្លួនបានធ្វើនៅក្នុងពេលហោះហើរលើកមុនឬអត់។
អ្វីដែលលោកយូតូម៉ូបានបញ្ជាក់ច្បាស់ៗនោះគឺថា យន្តហោះនោះលែងស្ថិតក្នុងស្ថានភាពដែលអាចហោះហើរបានទៀតឡើយ និងថា គេមិនគួរណាអនុញ្ញាតឲ្យយន្តហោះនោះហោះហើរក្នុងថ្ងៃទី២៩ តុលានោះទេ ពោលគួរតែត្រូវជួសជុលឲ្យបានត្រឹមត្រូវជាមុនសិន។
របាយការណ៍បានស្នើឲ្យ Lion Air ពង្រឹងសន្តិសុខទោះបីរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីមិនបានចង្អុលចំមុខ ឬទម្លាក់ការទទួលខុសត្រូវលើនរណាម្នាក់ក៏ដោយក៏គេដឹងថា ក្រុមអ្នកស៊ើបអង្កេតចង់និយាយសំដៅខ្លាំងលើក្រុមហ៊ុន Lion Air ព្រោះចង់ឬមិនចង់ ក្រុមហ៊ុនអាកាសចរណ៍ដែលលក់សំបុត្រតម្លៃថោកមួយនេះមានចំណែកទទួលខុសត្រូវសឹងតែទាំងស្រុងលើរាល់បញ្ហាទាំងអស់។ នៅក្នុងន័យនេះ របាយការណ៍បានផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុន Lion Air ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីពង្រឹងសន្តិសុខយន្តហោះរបស់ខ្លួន ពិសេសរឿងបច្ចេកទេសដោយកត់ត្រាឲ្យបានច្បាស់លាស់នូវបញ្ហាគ្រប់យ៉ាងដែលយន្តហោះនីមួយៗបានជួបប្រទះ និងបញ្ហាដែលបានដោះស្រាយជាស្ថាពរ។
គួររម្លឹកថានៅក្នុងគ្រោះថ្នាក់កាលពីថ្ងៃទី២៩ តុលា អ្នកដំណើររួមទាំងក្រុមបុគ្គលិកទាំង ១៨៩នាក់នៅក្នុងយន្តហោះបានស្លាប់ទាំងអស់គ្មានសល់ម្នាក់។ រហូតមកដល់ពេលនេះ ទើបមានសាកសពតែ ១២៥នាក់ប៉ុណ្ណោះដែលបានរកឃើញអត្តសញ្ញាណផ្លូវការ។ ដោយឡែក នៅក្នុងចំណោមប្រអប់ខ្មៅទាំងពីរនៅក្នុងយន្តហោះដែលប្រអប់ទី១ សម្រាប់ថតទិន្ន័យរបស់យន្តហោះ និងប្រអប់ទី២ សម្រាប់ថតកិច្ចសន្ទនារបស់អ្នកបើកបរ គឺទើបមានប្រអប់ទី១ ដែលថតទិន្ន័យរបស់យន្តហោះដែលបានរកឃើញ។
ក្រុមហ៊ុនប៊ូអ៊ីងឈរនៅកណ្តាលរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីមិនបាននិយាយដល់ក្រុមហ៊ុនប៊ូអ៊ីងទេ ពោលមិនបានទម្លាក់កំហុសដាក់ប៊ូអ៊ីងពីបញ្ហាបច្ចេកទេសដែលកើតចេញពីការផលិតរបស់ប៊ូអ៊ីងឡើយ។ តែសម្រាប់ប៊ូអ៊ីងវិញ ក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះបានចាប់អារម្មណ៍លើការងាររបស់ក្រុមអ្នកបច្ចេកទេស Lion Air។ ចូរកុំភ្លេចថា ការដែលយន្តហោះជួបគ្រោះថ្នាក់ធ្លាក់អាចហោះហើរបានក៏ដោយសារមានការអនុញ្ញាតពីក្រុមអ្នកបច្ចេកទេសដែរ។ នៅមួយថ្ងៃមុនថ្ងៃហោះហើរ ក្រុមអ្នកបើកបរបានប្រាប់ពីបញ្ហាដល់ក្រុមអ្នកបច្ចេកទេស តែបន្ទាប់ពីបានពិនិត្យរួចរាល់ ក្រុមអ្នកបច្ចេកទេសក៏បានសម្រេចឲ្យយន្តហោះនោះហោះហើរដូចដែលបានគ្រោងទុក។
នៅក្នុងរបាយការណ៍របស់ខ្លួន ក្រុមហ៊ុនប៊ូអ៊ីងហាក់មិនបានទម្លាក់កំហុសដាក់ក្រុមអ្នកបច្ចេកទេស ឬក្រុមអ្នកបើកបរទេ តែបានចោទជាសំណួរដូចក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីដែលថា តើក្រុមអ្នកបើកបរនៃជើងហោះហើរក្នុងថ្ងៃទី២៩ តុលាមានបានអនុវត្តន៍នីតិវិធីដូចដែលខ្លួនធ្លាប់បានធ្វើដើម្បីចៀសវាងគ្រោះថ្នាក់ធ្លាក់ដែរឬទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនប៊ូអ៊ីងក៏មិនបានបញ្ជាក់ពីការផ្លាស់ប្តូរឧបករណ៍មួយចំនួននៅក្នុងយន្តហោះដែរ។ យ៉ាងណាក៏ដោយ អគ្គនាយកក្រុមហ៊ុន Lion Air បានប្តេជ្ញាគោរពតាមអនុសាសន៍របស់ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី ពិសេសចាត់វិធានការពង្រឹងសន្តិសុខលើគ្រប់យន្តហោះរបស់ខ្លួន៕ (អត្ថបទដកស្រង់ ទេព វណ្ណះ)