ចិន៖ លោក Xi Jinping និងលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ចាប់ដៃគ្នា នៅទីក្រុងម៉ាឌ្រីត ថ្ងៃទី២៨វិច្ឆិកា ២០១៨លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កំពុងតែបំពេញទស្សនកិច្ចនៅក្នុងទីក្រុងម៉ាឌ្រីត ជាទីដែលលោកបានជួប ជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ ប៉េដ្រូ សាន់ឆេ មុននឹងបន្តទៅកាន់ ប្រទេសព័រទុយហ្កាល់ នៅថ្ងៃទី៤ធ្នូខាងមុខ។ ទស្សនកិច្ច របស់លោក ស៊ី ជីនពីង នៅអេស្ប៉ាញ និងនៅព័រទុយហ្កាល់ ក្នុងពេលនេះ គឺធ្វើឡើង ក្នុងស្មានភាពមួយ ដែលចិនកំពុងតែស្វែងរកបង្អែកនឹងការគាំទ្រ ក្នុងសកម្មភាពវិនិយោគរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិក កំពុងរកវិធីដាក់សំពាធមកលើផលិតផលចិន រីឯសហភាពអឺរ៉ុបវិញ កំពុងពិចារណាទប់ស្កាត់ការវិនិយោគខ្លះរបស់ចិន។ អេស្ប៉ាញ និងព័រទុយហ្កាល់ អាចជាក្តីសង្ឃឹមសម្រាប់ចិន ក្នុងការឈរជើងនៅអឺរ៉ុប។
លោក Angel Saz Carranza អគ្គនាយកមជ្ឈមណ្ឌលសិក្សាវិទ្យាសាស្ត្រនយោបាយអេស្ប៉ាញ បានលើកឡើងថា កាលៈទេសៈបច្ចុប្បន្ននេះ គឺជាកាលៈទេសៈដ៏ពិបាកសម្រាប់ចិន ហើយដែលចិន កំពុងព្យាយាមរកមធ្យោបាយ ដើម្បីការពារផលប្រយោជន៍វិនិយោគ និងការនាំចេញរបស់ខ្លួន។ ប្រទេសធំៗជាច្រើន ចាប់ផ្តើមមុនគេពីសហរដ្ឋអាមេរិក កំពុងតែរកវិធី រំដោះខ្លួន ចេញពីក្រញ៉ាំវិនិយោគ និងទំនិញគ្រប់មុខរបស់ចិន។
គួររំលឹកថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូល លើផលិតផលចិន ដែលគិតជាទឹកប្រាក់ ប្រមាណជា២០ម៉ឺនលានដុល្លារ។ ហើយបើតាមការគ្រោងទុក រដ្ឋាភិបាលអាមេរិក កំពុងពិចារណា ដាក់បន្ថែមពន្ធនាំចូលថ្មីទៀត ទៅលើផលិតផលចិន ដែលគិតជាទឹកប្រាក់ ប្រមាណ២៦៧ពាន់លានដុល្លារ។
សម្រាប់សហភាពអឺរ៉ុប ថ្វីបើពុំមានវិធានការណាមួយ គំរាមដល់ការនាំចូលផលិតផលរបស់ចិនក៏ដោយ តែសហភាពអឺរ៉ុប កំពុងតែពិចារណា ពិនិត្យមើលលើការវិនិយោគរបស់ចិននៅក្នុងទីផ្សារអឺរ៉ុប។ នៅរវាងខែធ្នូខាងមុខនេះ ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ នឹងត្រូវសម្រេចគ្នា ក្នុងការដាក់ចុះនូវវិធានការមួយ ដើម្បីរិតត្បិតការចាក់បញ្ចូលប្រាក់វិនិយោគរបស់ចិន ទៅក្នុងវិស័យយុទ្ធសាស្ត្រមួយចំនួន។
គួតកត់សំគាល់ថា ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប គឺមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ដែលទាមទារឲ្យមានការរិតត្បិតដល់ការវិនិយោគរបស់ចិន ព្រោះមានវិស័យខ្លះ ចិនបានជះប្រាក់ ដើម្បីកេងចំណេងយកបច្ចេកវិទ្យា ហើយព្រមទាំងអនុវត្តការប្រកួតប្រជែង ដោយមិនស្មោះត្រង់ទៀតផង។ ផ្ទុយទៅវិញ អេស្ប៉ាញ និងព័រទុយហ្កាល់ ដែលកំពុងត្រូវការប្រាក់វិនិយោគ ហាក់ដូចជាបើកទ្វាស្វាគមន៍លុយវិនិយោគរបស់ចិន។
បើតាមការវិភាគ លោកប្រធានាធិបតីចិន កំពុងតែស្វះស្វែងរកការគាំទ្រ ពីសំណាក់ប្រទេសសមាជិកអឺរ៉ុបខ្លះ ដើម្បីទប់ កុំឲ្យអឺរ៉ុបអាចបោះឆ្នោត ដាក់ចេញជាវិធានការណាមួយ ដែលបង្កការលំបាកដល់ការវិនិយោគរបស់ចិន។ អេស្ប៉ាញ និងព័រទុយហ្កាល់ អាចជាកម្លាំងដែលចិនអាចប្រើបាន ដើម្បីរារាំងសហភាពអឺរ៉ុប ក្នុងបញ្ហានេះ។ នេះបើតាមការលើកឡើង របស់លោក Jean François Di Meglio អ្នកវិភាគនៅមជ្ឈមណ្ឌលAsia Centre នៅទីក្រុងប៉ារីស៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)