ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់

29/11/2018
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់។

ទស្សនិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នេះ គឺជាទស្សនកិច្ចលើកទី១ ជាប្រវត្តិសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសនេប៉ាល់ ចាប់តាំងពីប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៩មក។
តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា សម្តេចតេជោ និងគណៈប្រតិភូនឹងចំណាយពេលប្រមាណ៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមជាមួយលោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ហើយក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។ បន្ទាប់មកថ្នាក់ដឹកនាំប្រទេសទំាងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។
ដោយឡែកក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨-នេប៉ាល់ «ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើង៖ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល»។

នៅក្នុងឱកាសស្នាក់នៅប្រទេសនេប៉ាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សូមបញ្ជាក់ថា៖ ដំណើរចេញទៅក្រៅប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺជាដំណើរចេញទៅក្រៅប្រទេសលើកទី១៣ហើយ នៅក្នុងឆ្នាំ២០១៨នេះ។


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister