សភាអ៊ុយក្រែន កាលពីថ្ងៃចន្ទទី២៦ វិច្ឆិកាម្សិលមិញនេះ បានអនុម័តភ្លាមៗនូវច្បាប់អាជ្ញាសឹក ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយប្រទេសរុស្សីកាលពីយប់ថ្ងៃអាទិត្យ រំលងអាធ្រាត ចូលព្រឹកថ្ងៃចន្ទ។ ការប៉ះទង្គិចនេះបង្កឡើងដោយសារ កងទ័ពរុស្សី ចាប់នាវាចម្បាំងរបស់អ៊ុយក្រែនចំនួនបីកាលពីម្សិលមិញ។
ក្រោយភាពតានតឹង ជាមួយប្រទេសរុស្ស៊ីកើនឡើងខ្លាំង លោកប្រធានាធិបតី Petro Poroshenko បានដាក់ស្នើភ្លាមៗទៅកាន់សភាអ៊ុយក្រែន ឲ្យតែប្រកាស អនុវត្តច្បាប់អាជ្ញាសឹករយៈពេល៦០ថ្ងៃ។ សំណើនេះ ត្រូវបានសភាអនុម័តភ្លាមៗ កាលពីយប់ថ្ងៃចន្ទ ដោយអនុញ្ញាតឲ្យប្រើច្បាប់អាជ្ញាសឹកនៅតាមតំបន់ព្រំដែន ក្នុងរយៈពេល៣០ថ្ងៃ។
គួរជ្រាបថា ច្បាប់អាជ្ញាសឹកនៃប្រទេសអ៊ុយក្រែន ផ្តល់លទ្ធភាពឱ្យអាជ្ញាធរអ៊ុយក្រែន មានអំណាចអាចកែនប្រជាពលរដ្ឋដែលមានបទពិសោធន៍ខាងយោធា គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងរឹតត្បិតការប្រមូលផ្តុំគ្នាជាសាធារណៈ។ មុនការអនុម័តនូវច្បាប់អាជ្ញាសឹកនេះដែរ លោកប្រធានាធិបតី Poroshenko បានចោទប្រកាន់ទីក្រុងម៉ូស្គូថា បានធ្វើសកម្មភាពឈ្លានពានមកលើអ៊ុយក្រែនយ៉ាងគឃ្លើន។
សូមជ្រាបផងដែរថា ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានផ្តើមឡើងកម្តៅខ្លាំងកាលពីថ្ងៃចន្ទម្សិលមិញ ដោយសារកងទ័ពរុស្ស៊ីបានបាញ់រះ និងរឹបអូសយកនាវាចម្បាំង របស់អ៊ុយក្រែនចំនួនបី ខណះពេលដែល នាវាទាំងនោះកំពុងធ្វើដំណើរកាត់តាមច្រកសមុទ្រអាហ្សូវក្បែរ តំបន់គ្រីមេ។ គ្រីមេ ជាតបន់ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយកែ្រន តែក្រោយមកត្រូវរុស្ស៊ីដណ្តើមយកមកកាន់កាប់នាឆ្នាំ២០១៤។
ក្រោយហេតុការណ៍នេះ អ៊ុយក្រែនបានបញ្ចេញប្រតិកម្មប្រឆាំងយ៉ាងខ្លាំង ហើយបានចោទរដ្ឋាភិបាលទីក្រុងម៉ូស្គូ ថាបានធ្វើសកម្មភាពខុសនឹងច្បាប់អន្តរជាតិ ដែលអ៊ុយក្រែនមិនអាចទទួលយកបានឡើយ។ បន្ថែមលើនេះទៀត រដ្ឋាភិបាលអ៊ុយក្រែនថែមទាំងបានស្នើផងដែរ ឲ្យក្រុមប្រទេសលោកខាងលិច និងប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ចាត់វិធានការបន្ទាន់ប្រឆាំងទៅនឹងសកម្មភាពអាងយ៉ាងរបស់រុស៊្សីនេះ។
គួរកត់សម្គាល់ដែរថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានជួបប្រជុំគ្នាជាបន្ទាន់កាលពីយប់ថ្ងៃចន្ទ ហើយនៅក្នុងកិច្ចប្រជុំនោះដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley ក៏បានព្រមានផងដែរចំពោះសកម្មភាពរុស្ស៊ីដែលបានធ្វើដាក់អ៊ុយក្រែននេះ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)