សហរដ្ឋអាមេរិក​អាចនឹងយក​កិច្ចប្រជុំ NATO ធ្វើជាថ្ងៃ​ប្រកាសដកខ្លួន​ពីសន្ធិសញ្ញា​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​អាចនឹងយក​កិច្ចប្រជុំ NATO ធ្វើជាថ្ងៃ​ប្រកាសដកខ្លួន​ពីសន្ធិសញ្ញា​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី!

28/11/2018
(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់​អាមេរិក​មួយរូប​ត្រូវគេរាយការណ៍​ថា​ នឹងប្រាប់សម្ព័ន្ធមិត្ត​ក្នុងអង្គការ NATO អំពីគម្រោង​​​​របស់ទីក្រុង​វ៉ាស៊ីនតោន ជុំវិញការដកខ្លួន​ចេញពី​សន្ធិសញ្ញាទ្វេភាគី​ ស្តីពីការគ្រប់គ្រង​អាវុធនុយក្លេអ៊ែរ​​ជាមួយរុស្ស៊ី។ នេះ​បើតាមការ​ដក​ស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
មានសេចក្តីរាយការណ៍​ថា ប្រធានស្ថាប័នស៊ើបការណ៍ជាតិ​សម្ងាត់​អាមេរិក លោក ដេន ខូតស៍ (Dan Coats) នឹង​ជួបជាមួយបណ្តា​អ្នកតំណាង​​នៃបណ្តាប្រទេសអឺរ៉ុប នៅក្នុងកិច្ចប្រជុំ​អង្គការ NATO នាសប្តាហ៍នេះ នៅឯទីក្រុងព្រុចសែល ដើម្បីជជែកអំពី​អ្វី​​ដែល​​ទីក្រុង​វ៉ាស៊ីនតោន​បានអះអាង​ថា ជាការរំលោភ​របស់រុស្ស៉ីលើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ INF ឆ្នាំ១៩៨៧។
គួរជម្រាបថា៖ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចង់​ដកខ្លួនចេញពី​សន្ធិសញ្ញា INF កាល​ពី​ខែតុលា ប៉ុន្តែពុំបាន​បញ្ជាក់ពីកាលបរិច្ឆេទ​ច្បាស់លាស់ ដើម្បីចាកចេញ​ជាផ្លូវការ​ឡើយ។ សន្ធិសញ្ញា INF ហាមមិនឲ្យ​សហរដ្ឋអាមេរិក និងរុស្ស៊ីមានមីស៊ីល​ផ្លោងប្រភេទបាញ់ចេញពី​ផ្ទៃដី ដែលមានរយៈចម្ងាយ​​វាយប្រហារ​ពី ​៥០០ ទៅ ៥,០០០គីឡូម៉ែត្រ ខណៈអាមេរិក​បានចោទ​រុស្ស៉ីថា បានបំពានលើ​សន្ធិសញ្ញានេះមុន ទើបបង្ខំឲ្យ​ខ្លួន​​សម្រេចដើរ​ចេញតែម្តង។
INF ត្រូវបានចុះហត្ថលេខា​កាលពីឆ្នាំ១៩៨៧ ដោយ​អតីត​មេដឹកនាំ​សូវៀត លោក មីឃែល ហ្គ័របាឆេវ (Mikhail Gorbachev) និងអតីត​ប្រធានាធិបតី​អាមេរិក លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ដែលបានព្រមព្រៀង​គ្នា​កម្ទេច​​មីស៊ីល​ផ្លោង​ដែល​ត្រូវបានហាមឃាត់​ចោលទាំងអស់ ហើយឈានដល់​ការបញ្ចប់ការ​ប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ​​ កាលពីសម័យ​​សង្រ្គាម​ត្រជាក់៕