ខេត្តរតនគិរី៖ មន្រ្តីកិច្ចការព្រំដែន បានឲ្យដឹងថា ប្រទេសកម្ពុជា និងវៀតណាម បានបញ្ចប់ការបោះបង្គោលព្រំដែនក្នុងខេត្តរតនគិរី និងមណ្ឌលគិរី នៅលើទីតាំងដែលបានព្រមព្រៀងគ្នា ប៉ុន្តែបានរក្សាទុកកន្លែងដែលមានជម្លោះឲ្យនៅដដែល ដោយមិនទាន់ធ្វើអ្វីឲ្យប៉ះពាល់នោះទេ។ ការប្រកាសរបស់មន្រ្តីកិច្ចការព្រំដែន គឺនៅខណៈប្រទេសទាំងពីរកំពុងរង់ចាំជំនួយពីប្រទេសបារាំង លើផែនទីព្រំដែន។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី បានសរសេរនៅលើហ្វេសប៊ុករបស់លោកស្រីនៅថ្ងៃទី២៣ខែវិច្ឆិកាថាទោះជាមានឧបសគ្គយ៉ាងណាក៏ត្រូវតែខិតខំសម្រេចឲ្យបាន។ សូមអបអរសាទរចំពោះលទ្ធផលបញ្ចប់ទាំងស្រុងនៃការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ដែលឯកភាព។
ចំណែក លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការបោះបង្គោលព្រំដែនជាមួយវៀតណាមត្រូវបានបញ្ចប់ ៨៤ ភាគរយហើយ ខណៈនៅសល់ ១៦ ភាគរយទៀតកំពុងនៅរង់ចាំជំនួយពីប្រទេសបារាំង។ ប្រទេសបារាំងដែលជាអ្នកគូសផែនព្រំដែនកម្ពុជា និងវៀតណាម។
កាលពីខែវិច្ឆិកាឆ្នាំ ២០១៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីវៀតណាមបានឯកភាពគ្នាស្នើសុំការជួយពីប្រទេសបារាំងឲ្យផ្តល់ក្រុមអ្នកជំនាញបច្ចេកទេសដើម្បីជួយបំប្លែងផែនទីដែលមានស្រាប់ពីខ្នាត ១/១០០ ០០០ ទៅជាខ្នាត ១/៥០ ០០០ ដែលមានលម្អិតជាងនេះ។
បើតាម លោក វ៉ា គឹមហុង តំបន់ដែលមិនទាន់មានការឯកភាពគ្នាដូចជា តំបន់ដាក់ដាំ និងដាក់ហ៊ូត គឺភាគីទាំងពីរមិនទាន់បានធ្វើសកម្មភាពអ្វីនៅឡើយ ពោលការបញ្ចប់ការបោះបង្គោលព្រំដែន ធ្វើឡើងតែក្នុងទីតាំងដែលភាគីទាំងពីរបានព្រមព្រៀងគ្នាតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងវៀតណាមមានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនរួមគ្នាចំនួន៣១៤បង្គោល។ រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្ដេជ្ញាថា កម្ពុជានិងវៀតណាមនឹងបញ្ចប់ការបោះបង្គោលព្រំដែនឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១៨នេះដើម្បីកសាងព្រំដែនរួមគ្នាមួយប្រកបដោយសន្តិភាព។
ប៉ុន្តែមន្រ្តីអតីតគណបក្សសង្រោះជាតិ បានរិះគន់ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមធ្វើឡើងដោយគ្មានតម្លាភាព ដោយសារគ្មានការចូលរួមឃ្លាំមើលពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីសហគមន៍អន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍ឯករាជ្យ៕ (អត្ថបទដោយ ទេព វណ្ណះ)
