សៀវភៅ៖ ការសម្ពោធនិងផ្សព្វផ្សាយនូវសៀវភៅ ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានៅពេលនេះ គឺធ្វើឡើងមុនពេលកម្ពុជានឹងប្រារព្ធខួបលើកទី៤០ឆ្នាំនៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅស្តូបអនុស្សាវរីយ៍ នាស្រុកស្នួល ខេត្តក្រចេះនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ពិធីប្រារព្ធខួបលើកទី៤០ឆ្នាំនៃថ្ងៃបង្កើតរណសិរ្សនេះ នឹងមានការចូលរួមដោយផ្ទាល់សម្តេច ហេង សំរិន តែម្តង។
សៀវភៅ ការតស៊ូរបស់ប្រជាជន៖កម្ពុជារស់ឡើងវិញ ត្រូវបានចងក្រងឡើងជាភាសាអង់គ្លេសដោយបង្ហាញពីការពិតនៃសង្គ្រាមនៅប្រទេសកម្ពុជាទៅដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត។ ជាប្រវត្តិសាស្រ្តនៃការតស៊ូរំដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិ និងដំណើរ ស្តារកម្ពុជាឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ នេះបើតាមការបញ្ជាក់របស់សម្តេច ហេង សំរិន នៅលើទំព័រហ្វេសប៊ុករបស់សម្តេចនៅថ្ងៃនេះ។
សៀវភៅនេះ ក៏បានរៀបរាប់ផងដែរពីជីវប្រវត្តិរបស់សម្តេច ហេង សំរិន ដោយសរសេរថា ប្រសូត្រនៅក្នុងគ្រួសារកសិករនៅទីជនបទមួយក្នុងខេត្តកំពង់ចាមក្នុងឆ្នាំ១៩៣៤ សម្រេច ហេង សំរិន គឺជាប្រធានស្ថាបនិកចលនាមហាជនធំមួយឈ្មោះថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា“ ។ ក្រោយមក រណសិរ្យនេះ បានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលបានបង្កើតឡើងនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ គឺផ្តើមចេញពីខេត្តក្រចេះនោះហើយ ដែលសម្តេច ហេង សំរិន បានប្រកាសផែនការ ១១ ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សៀវភៅដដែលនេះ បានសរសេរបន្តឲ្យដឹងដែរថា សម្តេច ហេង សំរិន គឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ១៤រូប ដែលនៅរស់រានមានជីវិត រួមមានដូចជា សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រីមែន សំអាន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកាព្រឹទ្ឋសភា លោករស់ សម័យ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលនិង លោកចាន់ វ៉ែន អតីតអគ្គលេខាធិការរដ្ឋសភាជាដើម។
សូមបញ្ជាក់ថា សៀវភៅ "ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ “ ត្រូវបានរៀបចំបោះពុម្ពផ្សាយដោយក្រុមហ៊ុន EDM Books នៅប្រទេសសិង្ហបូរី និងធ្វើការចែកផ្សាយនៅកម្ពុជាដោយបណ្ណាគារ Monuments Books ។ សៀវភៅថ្មីនេះក៏នឹងអាចរកទិញបានផងដែរនៅតាមវេបសាយ Amazon.com នាដើម ឆ្នាំ ២០១៩៕ (អត្ថបទដោយ ទេព វណ្ណះ)