ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហាយឡែនឌ័រកំពុងបើកលឿនជ្រុលបុកគូទពេញទំហឹង កាលពីវេលាម៉ោង១១នឹង០០នាទី ព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតតាមបណ្តោយផ្លូវ២១៧ មុខវត្តជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រូស ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ(ភ្នំពេញ)2AI 8434 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅឆ្ពោះពីរង្វង់ដីក្រហម(ត្បូងមកជើង)ឡើងមកកន្លែងពិនិត្យឆៀករថយន្ត ខណៈបើកមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងដៃឆ្លងផ្លូវយ៉ាងលឿនស្របពេលមានរថយន្តហាយឡែនឌ័រមួយគ្រឿងពាក់លេខ(ភ្នំពេញ)2AE4486។
កំពុងបើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង ដោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំគូទរថយន្តព្រូសពេញទំហឹង បណ្តាលអោយរថយន្តព្រូសខ្ទេចមួយកំណាត់ក្រោយ ចំណែករថយន្តហាយឡែនឌរ័ក៏រងការខូចខាតផ្នែកខាងមុខផងដែរ ប៉ុន្តែសំណាងក្នុងហេតុការណ៍នេះមិនបណ្តាលអោយមានមនុស្សរបួសនោះទេ។
ក្រោយកើតហេតុដោយសារភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញសម្រេចធ្វើការវាស់វែងអូសយករថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបណ្តោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕(អត្ថបទដោយ ទេព វណ្ណះ)