Metfone ជាប្រតិបត្តិករដំបូងគេនៅកម្ពុជា ដែលនឹងដាក់ឲ្យដំណើរការប្រើប្រាស់ស៊ីមអេឡិចត្រូនិច «eSIM» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Metfone ជាប្រតិបត្តិករដំបូងគេនៅកម្ពុជា ដែលនឹងដាក់ឲ្យដំណើរការប្រើប្រាស់ស៊ីមអេឡិចត្រូនិច «eSIM»

26/11/2018
អតិថិជនមិត្តហ្វូនទាំងអស់ នឹងជិតបានប្រើប្រាស់ eSIM ហើយ ដែលជាបច្ចេកវិទ្យាអេឡិចត្រូនិចថ្មី ដែលមាននៅក្នុងទូរស័ព្ទទំនើបសេរីចុងក្រោយបំផុត ដូចជា iPhone XS ដែលទើបតែចេញលក់ ដែល eSIM នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅកម្ពុជានាដើមឆ្នាំ២០១៩ខាងមុខនេះ។

តាមនិន្នាការបច្ចេកវិទ្យា ជាពិសេសជាមួយការផ្សព្វផ្សាយទូរស័ព្ទ iPhone ថ្មីរបស់ក្រុមហ៊ុន Apple, មិត្តហ្វូនបានខិតខំយ៉ាងខ្លាំង ដើម្បីក្លាយជាក្រុមហ៊ុនទូរស័ព្ទដំបូងគេនៅកម្ពុជា ដើម្បីដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា eSIM។ នេះបើតាមព័ត៌មាន ដែលបានប្រាប់ឱ្យដឹង ដោយតំណាងរបស់ក្រុមហ៊ុនមិត្តហ្វូន។
eSIM ដែលត្រូវបានគេស្គាល់ជា SIM អេឡិចត្រូនិច គឺជាការជំនួសដ៏ល្អ សម្រាប់ស៊ីមកាតធម្មតា ដែលបានប្រើជាច្រើនទសវត្សរ៍មកហើយ ហើយត្រូវបានគេចាត់ទុកផងដែរថា ជាជំហ៊ានបន្ទាប់ ក្នុងការអភិវឌ្ឍន៍ លើវិស័យទូរគមនាគមន៍។

eSIM មានអត្ថប្រយោជន៍ល្អច្រើនដូចជា មិនងាយខូច និងមិនងាយបាក់ដូចស៊ីមកាតធម្មតាទេ ហើយអ្នកប្រើប្រាស់ អាចធ្វើការផ្លាស់ប្តូរបណ្តាញតាមចិត្ត ដោយមិនចាំបាច់ផ្លាស់ប្តូរស៊ីមកាតឡើយ។

សម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទខ្លះ បានប្រើ eSIM ដើម្បីអាចជួយឱ្យពួកគេចំនេញទំហំនៅក្នុងទូរស័ព្ទ។ វាមានសារៈសំខាន់ ជាពិសេសចំពោះឧបករណ៍ទំហំតូចដូចជា នាឡិកាឆ្លាតវៃជាដើម (smart watches)។
លោក ញ៉ុង ឌិនថន អគ្គនាយករងរបស់ក្រុមហ៊ុនមិត្តហ្វូនបានឱ្យដឹងថា «យើងខ្ញុំនៅ Metfone បានបំពេញលក្ខខណ្ឌទាំងអស់រួចរាល់ហើយ ដើម្បីដាក់អោយប្រើប្រាស់ eSIM។ យើងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ eSIM ជាផ្លូវការនៅចុងឆ្នាំ២០១៨ ឬដើមឆ្នាំ២០១៩ យ៉ាងយូរបំផុត។ ដូច្នេះ អ្នកប្រើប្រាស់ដែលចង់ប្រើប្រាស់បច្ចេកវិទ្យានេះ គ្រាន់តែត្រូវរង់ចាំរយៈពេលដ៏ខ្លីប៉ុណ្ណោះ»

ដោយស្គាល់ជាប្រតិបត្តិករឈានមុខគេ «ដើម្បីប្រជាជន និងដើម្បីសង្គម» ព្រមជាមួយនិងទស្សនៈវិស័យ «អ្នកយកចិត្តទុកដាក់-និងច្នៃប្រឌិតខ្ពស់» ថ្មីៗនេះ មិត្តហ្វូន បានវិនិយោគលើផលិតផលថ្មីៗជាច្រើនរួមមាន បច្ចេកវិទ្យា eSIM និងផលិតផលឧស្សាហកម្មជំនាន់ទី៤ដ៍ទៃទៀត (Industry 4.0)។ មិត្តហ្វូននៅតែរក្សាសន្យា និងគោលជំហរក្នុងការនាំមកនូវជីវិតបែបទាន់សម័យ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
បច្ចុប្បន្នបច្ចេកវិទ្យាមួយនេះ អាចប្រើប្រាស់បានដោយប្រតិបត្តិករតែមួយចំនួនប៉ុណ្ណោះ ក្នុងចំណោម១០ប្រទេសទូទាំងពិភពលោក ហើយភាគច្រើន គឺជាប្រទេសអភិវឌ្ឍន៍ ប្រសិនមិត្តហ្វូនជោគជ័យ ក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យានេះ វាជាសមិទ្ធិផលដ៍ធំអស្ចារ្យនៃវិស័យ ICT របស់កម្ពុជា។

ការចាប់អារម្មណ៍ និងតំរូវការ eSIM បានកើតឡើងភ្លាម បន្ទាប់ពីការប្រកាសលក់ទូរស័ព្ទ iPhone XS និង iPhone XS Max របស់ក្រុមហ៊ុន Apple កាលពីពេលកន្លងទៅ។ ទូរស័ព្ទ iPhone ម៉ូដែលថ្មីប្រើបានស៊ីមកាតពីរ តែស៊ីមមួយក្នុងចំណោមស៊ីមពីរ គឺផ្អែកលើបច្ចេកវិទ្យា eSIM និងមិនអាចប្រើបាននៅកម្ពុជាទេ។ ក្រុមហ៊ុន Apple មានទូរស័ព្ទម៉ូដែល iPhone XS Max ប្រើប្រាស់ស៊ីមពីរ មានលក់តែនៅក្នុងទីផ្សារមួយចំនួនដូចជា ចិន ហុងកុង ឬ ម៉ាកាវតែប៉ុណ្ណោះ៕