ប្រទេសហូឡង់៖ ទីស្នាក់ការកណ្តាលរបស់អង្គការហាមឃាត់អាវុធគីមីអន្តរជាតិ OPCW នៅទីក្រុងឡាអេ ប្រទេសហូឡង់។
នៅក្នុងកិច្ចប្រជុំ រៀបចំឡើងដោយអង្គការហាមឃាត់អាវុធគីមីអន្តរជាតិ នៅថ្ងៃចន្ទនេះ ប្រធានបទក្តៅមួយចំនួន នឹងត្រូវគេលើកយកមកដេញដោលគ្នា ដែលក្នុងនោះក៏មានផងដែររឿងអាស្រូវចារកម្ម ប្រើប្រាស់អាវុធគីមីពុល ដោយប្រទេសរុស្ស៊ី។ ការនេះ ជាហេតុធ្វើឲ្យគេគិតថា ក្រុមប្រទេសមហាអំណាចធំៗលើលោក អាចនឹងទាស់ទែងសម្តីគ្នាខ្លាំងជាក់ជាមិនខាន។
នៅថ្ងៃចន្ទ ទី១៩ វិច្ឆិកានេះ ប្រទេសចំនួន១៩៣ បានមកជួបពិភាក្សាគ្នា នៅទីក្រុងអាឡេ ប្រទេសហូឡង់ ជុំវិញការវាយប្រហារដោយអាវុធគីមីខុសច្បាប់ និងអនាគតរបស់អង្គការហាមឃាត់អាវុធគីមីអន្តរជាតិ ដែលកំពុងបន្តចុះខ្សោយឥទ្ធិពលរបស់ខ្លួន។
ប្រធានបទក្តៅសំខាន់ៗ ដែលគេនឹងលើកយកមកដាក់លើតុចរចានោះរួមមាន ការទទួលខុសត្រូវរបស់ប្រទេសរុស្ស៊ី និងរដ្ឋាភិបាលស៊ីរី ដែលជាសម្ព័ន្ធមិត្តនឹងគ្នា ក្នុងការប្រើអាវុធគីមីវាយប្រហារក្នុងប្រទេសស៊ីរី។ ក្រោយការវាយប្រហារនេះ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលស៊ីរី និងរុស្ស៊ីដែលជាសម្ព័ន្ធមិត្ត។ ប៉ុន្តែ រុស្ស៊ីប្រឆាំងជាដាច់ខាត ចំពោះការលើកឡើងបែបនេះ របស់ប្រទេសលោកខាងលិចទាំង៣។
សូមរឭកជូនថា កាលពីខែមីនា ឆ្នាំ២០១៨ ការវាយប្រហារដោយសារធាតុគីមី បានសម្លាប់មនុស្សជាង ៤០នាក់ក្នុងទីក្រុងឌូម៉ា នៅតំបន់ហ្គូតា ភាគខាងកើតនៃប្រទេសស៊ីរី។
គួរកត់សម្គាល់ទៀតថា ដោយសារតែការប្រើប្រាស់អាវុធគីមីនៅតែបន្តមាន ទើបគេក៏ចាប់ផ្តើមចោទជាសំនួរផងដែរអំពីតួនាទី ព្រមទាំងដែនអំណាចរបស់អង្គការហាមឃាត់អាវុធគីមីអន្តរជាតិ នាពេលបច្ចុប្បន្ន។
ទន្ទឹមគ្នានេះដែរ លោក Fernando Arias នាយកថ្មីរបស់អង្គការហាមឃាត់អាវុធគីមីអន្តរជាតិ ក៏បានទទួលស្គាល់ផងដែរ នៅក្នុងបទសម្ភាសមួយកាលពីសប្តាហ៍មុនថា អង្គការកំពុងឆ្លងកាត់គ្រាដ៏លំបាកមួយ។ ដោយឡែក អតីតអ្នកគ្រប់គ្រងអង្គការហាមឃាត់អាវុធគីមី កាលពីដើមឆ្នាំ២០១៨នេះ ក៏ធ្លាប់បាននិយាយដោយទទូចដែរថា ការហាមឃាត់ជាដាច់ខាត មិនឲ្យមានការប្រើអាវុធពុលគីមី គឺត្រូវការចាំបាច់ខ្លាំងក្នុងបរិបទពិភពលោកនាបច្ចុប្បន្ននេះ។
តែទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ អ្នកតំណាងអង្គការហាមឃាត់អាវុធគីមីអន្តរជាតិបានបញ្ជាក់ប្រាប់ថា អង្គការបានត្រួតពិនិត្យមើល ការកំទេចចោលនូវកន្លែងស្តុកអាវុធគីមីរបស់ពិភពលោក ចំនួន ៩៦,៥ ភាគរយ។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អង្គការបាននិងកំពុងបន្តពង្រីកបេសកកម្មរបស់ខ្លួន ក្នុងការស៊ើបអង្កេតអំពីករណីនៃការប្រើអាវុធគីមី វាយប្រហារក្នុងប្រទេសស៊ីរី និងករណីឃាតកម្មដោយសារធាតុពុល ទៅលើបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង ដែលបានកើតឡើងកាលពីឆ្នាំ២០១៧ កន្លងទៅផងដែរ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ )