ភាគហ៊ុនរបស់ក្រុមហ៊ុនរឺណូ Renaultបានដាំក្បាលចុះ បាត់បង់តម្លៃអស់១៣% នៅថ្ងៃចន្ទទី ១៩ វិច្ឆិកានេះ។ ពីព្រោះក្រុមហ៊ុនបារាំងបានទទួលដំណឹងអាក្រក់មួយ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្តរឺណូ ដែលក៏ជានាយកប្រតិបត្តិក្រុមហ៊ុនយានយន្តជប៉ុននីសាន់ Nissan និងមីស៊ូប៊ីស្ហី Mitsubishi ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួននៅទីក្រុងតូក្យូនាព្រឹកថ្ងៃចន្ទនេះ ពីបទជាប់សង្ស័យលួចកេងបន្លំថវិកា មិនគោរពវិន័យហិរញ្ញវត្ថុ និងបន្ទាបប្រាក់ចំណូល។
ប្រាក់ខែរបស់នាយកប្រតិបត្តិ ជាប្រភពនៃរឿងអាស្រូវនៅប្រទេសបារាំងយូរមកហើយ ! ៩លានអឺរ៉ូមួយឆ្នាំសម្រាប់នាមជាថៅកែក្រុមហ៊ុននៅជប៉ុន និង៧លានអឺរ៉ូនៅបារាំង ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុនRenault។ តែបើតាមប្រភពសារព័ត៌មាននៅតូក្យូ គឺកេងបន្លំគេចពន្ធពីចំណូលរាប់សិបពាន់អឺរ៉ូ ពាក់ព័ន្ធនឹងការទិញលក់ភាគហ៊ុនទេ ដែលលោកត្រូវចាប់ខ្លួននោះ។
ក្រោយពីបានឮសារព័ត៌មានជប៉ុន មួយហើយមួយទៀត បានផ្សព្វផ្សាយអំពីព័ត៌មានចាប់ខ្លួន នាយកប្រតិបត្តិ ពីបទសង្ស័យកេងបន្លំថវិកាជាតិ ! ក្រុមហ៊ុននីសាន់ ដែលរងការឆែកឆេរដែរ ក៏បានចេញថ្លែងការណ៍និងរៀបចំសន្និសីទកាសែតភ្លាម។ ក្រុមហ៊ុនបានបញ្ជាក់ថាពិតជាមានការបទចោទប្រកាន់ប្រឆាំងនាយកប្រតិបត្តិក្រុមហ៊ុន លោក Carlos Ghosn មែន ! លោកបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរជាច្រើន ប្រកាសប្រាក់ចំណូលជូនរដ្ឋតិចជាការពិត និងបានប្រើប្រាស់ថវិការបស់ក្រុមហ៊ុនដើម្បីជាប្រយោជន៍បុគ្គល។ ក្រុមហ៊ុនជប៉ុនបានស្នើឱ្យនាយកប្រតិបត្តិដើមកំណើតលីបង់ កើតនៅប្រេស៊ីល និងមានសញ្ជាតិបារាំងរូបនេះ លាលែងដើរចេញពីតំណែងភ្លាម។
ថៅកែក្រុមហ៊ុនរថយន្តដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក ដែលជប៉ុនចាត់ទុកជាគំរូ រហូតប្រសិទ្ធិនាមឱ្យថាជាសាមួរ៉ៃ ដោយបានជួយស្រោចស្រង់ក្រុមហ៊ុននីសាន់ និងមីស៊ូប៊ីស្ហ៊ី ពីការក្ស័យធន បានសម្របខ្លួនព្រមសហការជាមួយតុលាការភ្លាម។
សូមបញ្ជាក់ថា រងការរិះគន់ខ្លាំងនៅបារាំងចំពោះចំណាត់ការដឹកនាំក្រុមហ៊ុនរំពឹងខ្លាំងលើប្រាក់របស់ប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ដូចយ៉ាង ឥណ្ឌា ឬរ៉ូមានី លោក Carlos Ghosn បានទៅដល់តូក្យូនៅឆ្នាំ១៩៩៩ ដើម្បីស្តារក្រុមហ៊ុននីសាន់ បញ្ជូលជាមួយក្រុមហ៊ុនរឺណូបារាំង និងត្រូវបានតែងតាំងឱ្យធ្វើជានាយកប្រតិបត្តិនៅពីរឆ្នាំបន្ទាប់។
ក្រោមការដឹកនាំរបស់លោក នីសាន់ដែលវិះក្ស័យ មានកំណើនប្រាក់ចំណូលប្រចាំឆ្នាំឡើងដល់ជិត១០០ពាន់លានអឺរ៉ូ។ នៅឆ្នាំ២០១៧ លោក Ghosn បានលាឈប់ពីតួនាទីនាយកប្រតិបត្តិក្រុមហ៊ុននីសាន់ តែនៅកាន់អំណាចប្រធានក្រុមប្រឹក្សារដ្ឋាបាលរបស់ក្រុមហ៊ុន ដើម្បីផ្តុំកម្លាំងដឹកនាំ សម្ព័ន្ធក្រុមហ៊ុនរឺណូ និង ក្រុមហ៊ុនជប៉ុនMitsubishiមួយទៀតដែលលោកបានទៅស្រង់នៅចុងឆ្នាំ២០១៦។
ដោយសារលោក Ghosn ក្រុមហ៊ុនបីដាច់ដោយឡែកពីគ្នាតែភ្ជាប់ដោយចំណងភាគហ៊ុនខ្វែង Renault-Nissan-Mitsubishi បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏មានលំនឹងសាំញ៉ាំ និងកំពុងឈានក្លាយទៅជាក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេនៅលើពិភពលោក នាំមុខក្រុមហ៊ុនតូយ៉ូតា និងវ៉ុលវ៉ាហ្គែនបាន។
ជាមួយនឹងការចាប់ខ្លួននៅថ្ងៃនេះ សម្ព័ន្ធបីក្រុមហ៊ុនអាចនឹងក្រឡាប់ចាក់។ តែប្រធានាធិបតីបារាំងលោក អេម៉ាណុអែល ម៉ាក្រុង បានប្រកាសថារដ្ឋបារាំងនឹងប្រយ័ត្នប្រយែងខ្លាំងក្នុងការរក្សាស្ថិរភាពក្រុមហ៊ុនកូនកាត់បារាំងជប៉ុន Renault-Nissan៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
