ភ្នំពេញ/តាកែវ៖ លោកស្រី គ្រី ណារី នៅក្នុងស្នាក់ការធ្វើលិខិតឆ្លងដែន Aeon Mall មន្ត្រីនគរបាល ៣ នាក់ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្នដែលបានប្រព្រឹត្តខុសផ្សេងៗគ្នានៅក្នុងតួនាទីដោយសារបានប្រើអំពើហិង្សា បាញ់កាំភ្លើង និងទំនាស់ពាក្យសម្ដីដោយមិនទទួលយកប្រាក់រៀលក្នុងការផ្ដល់លិខិតឆ្លងដែនដល់ពលរដ្ឋម្នាក់។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបង្គាប់ឲ្យមន្ត្រីនគរបាលនៅក្រោមឱវាទចេញលិខិតព្រមានដោយផ្អាកពីការងារបណ្ដោះអាសន្នសិន បន្ទាប់ពីអធិការនគរបាលក្រុងដូនកែវលោក កែ សាវុធ លួចមានស្រីកំណាន់ចិត្ត ប៉ុន្ដែត្រូវប្រពន្ធតាមទាន់ ហើយមានទំនាស់ពាក្យសម្ដីគ្នារហូតឈានដល់ប្រើប្រាស់អំពើហិង្សាលើភរិយារបស់ខ្លួននៅក្នុងក្រុងដូនកែវ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។
លោក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្ដែមិនទាន់មានពាក្យបណ្តឹងពីជនរងគ្រោះ ហើយមន្ត្រីជំនាញក៏មិនអាចចាត់ការបានដែរ។ ដោយមានការណែនាំពីថ្នាក់លើ ជនបង្កនឹងត្រូវផ្អាកការងារអធិការនគរបាល ដើម្បីធ្វើការស៊ើបអង្កេតពិនិត្យអង្គហេតុ និងធ្វើការសម្របសម្រួលជាមួយក្រុមគ្រួសារវិញ។
លោកបញ្ជាក់ថា៖ «ថ្នាក់លើត្រូវឲ្យយើងចាត់វិធានការតាមច្បាប់ និងសម្របសម្រួលជាមួយគ្រួសារ ហើយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលធ្វើឲ្យខូចកិត្តិយសកងកម្លាំងនគរបាលជាតិ។ ដោយភាគីក៏បានព្រមព្រៀងគ្នា សុំទោសគ្នា និងធ្វើកិច្ចសន្យាលែងបង្កហេតុបែបនេះទៀត ហើយយើងនៅតែបន្តដាក់ពិន័យតាមច្បាប់ស្ថាប័ននគរបាលជាតិដដែល»។
បញ្ហាដោយឡែកផ្សេងទៀត មន្ត្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ ១៧ ខែវិច្ឆិកាបានប្រជុំពិភាក្សា និងសម្រេចបញ្ជូនលោកវរសេនីយ៍ឯក ឌិន វណ្ណណូរ៉ា នាយការិយាល័យភ័ស្តុភារ និងគណនេយ្យនៃនាយកដ្ឋានរដ្ឋបាលសរុបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទៅក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដើម្បីចាត់វិធានការ និងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
ការចាត់វិធានការនេះបន្ទាប់ពីលោក ឌិន វណ្ណណូរ៉ា បានប្រើប្រាស់កាំភ្លើងបាញ់មកលើរថយន្តរបស់ខ្លួនប្រមាណជាង ១០ គ្រាប់ ព្រោះខឹងម្ដាយលោកមកតាមសួរនាំពីបញ្ហាគ្រួសារដល់កន្លែងផឹកស៊ីកាលពីម៉ោង ១១ យប់ថ្ងៃទី ១៦ ខែវិច្ឆិកានៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ពិភពរាត្រី សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីហេតុការណ៍នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១៦ វិច្ឆិកា បង្ហាញថា៖ «លោក ឌិន វណ្ណណូរ៉ា នៅថ្ងៃទី ១៧ វិច្ឆិកា បានឆ្លើយប្រាប់ពីមូលហេតុឈានដល់ការផ្ទុះអាវុធនេះថា ដោយសារខ្លួនមានសេចក្តីតប់ប្រមល់តានតឹងផ្លូវចិត្តជាច្រើនខែមកហើយ ទាក់ទងនឹងបញ្ហាគ្រួសារ (កូនប្រុសរបស់ខ្លួនទើបទទួលការវះកាត់តម្រងនោម ប្អូនប្រុសទី ៣ ត្រូវចាប់ខ្លួនដោយសារប្រើប្រាស់គ្រឿងញៀន និងម្តាយក្មេកទើបកាត់ជើងស្តាំដោយជំងឺទឹកនោមផ្អែម) ហើយខ្លួនខឹងសម្បាជាមួយម្តាយបង្កើតដែលតាមសួរដេញដោល ព្រមទាំងស្តីបន្ទោសដល់ក្នុងភោជនីយដ្ឋានខាងលើ និងម្យ៉ាងទៀតដោយសារកំពុងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខ្លួនក៏បានដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនជាច្រើនគ្រាប់ដោយខ្វះការពិចារណា»។
ក្រោយពីសារភាពកំហុសរួច សាមីខ្លួនព្រមទទួលទណ្ឌកម្មតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីចាត់វិធានការ និងអនុវត្តវិន័យនគរបាលជាតិ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១៦ វិច្ឆិកា បង្ហាញថា៖ «ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានប្រជុំពិភាក្សា និងសម្រេចដកលោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រួតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព ករណីលោកស្រីបដិសេធមិនទទួលយករូបិយប័ណ្ណប្រាក់រៀលក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែន»។
ការសម្រេចដកនេះបន្ទាប់ពីមហាជនបានរិះគន់មន្ត្រីធ្វើលិខិតឆ្លងដែនខាងលើថា មិនទទួលយកលុយខ្មែរដែលទៅធ្វើលិខិតឆ្លងដែន ហើយពលរដ្ឋម្នាក់ឈ្មោះ សេង សុខរ៉េម បានប្រគល់លុយ ៤០ ម៉ឺនរៀល ប៉ុន្ដែមន្ត្រីបានទារលុយថែម ២ ម៉ឺនរៀលទៀត (ខុសអត្រាប្ដូរប្រាក់) បណ្តាលឱ្យមានការទាស់សម្តីគ្នា និងបែកធ្លាយលើបណ្ដាញសង្គមហ្វេសប៊ុក៕ (អត្ថបទដោយ ទេព វណ្ណះ)
