ភ្នំពេញ៖ រដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ហើយ ដោយសម្លេងគាំទ្រ ១១៣សម្លេង លើ១១៥។ ការប្រជុំនិងអនុម័តសេចក្តីព្រាងច្បាប់ថវិការបស់រដ្ឋសភា សម្រាប់ចាយវាយឆ្នាំ២០១៩នេះ ធ្វើឡើងបន្ទាប់ពី សេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់គណៈរដ្ឋមន្ត្រីកម្ពុជា កាលពី៣សប្តាហ៍កន្លងទៅ។
ការអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៩ នៅព្រឹកមិញនេះ គឺជាកិច្ចប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ បន្ទាប់ពីសមាជិករដ្ឋសភាថ្មី ដែលមានសមាសភាពតែគណបក្សប្រជាជននេះទទួលបានការគ្រប់គ្រងអាសនៈ១០០%។
តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៦តុលាកន្លងទៅ បានគ្រោងចំណាយថវិកាជាតិដល់ទៅជាង២៧ លាន លាន រៀល គឺប្រមាណជា ៦.៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៩ខាងមុខ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនមកកាន់រដ្ឋសភា ដោយឆ្លងកាត់គណៈកម្មការជំនាញ និងដាក់ចូលសភាពេញអង្គនៅថ្ងៃនេះតែម្តង ដោយការសម្រេចរបស់សភាពេញអង្គ មិនមានការកែប្រែខ្លឹមសារអ្វីឡើយ។
ជាការកត់សម្គាល់ថវិកាសម្រាប់ចាយវាយឆ្នាំ២០១៩ បានកើនឡើងចំនួន ១១,៤% បើប្រៀបធៀបនឹងច្បាប់ឆ្នាំ២០១៨ ដែលមានថវិកាសរុបជាង២៤លានលានរៀល(២៤,៣៧៥,១០២លានរៀល) ឬប្រហែល៦០៣៣ លានដុល្លារ។
នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦នៃរដ្ឋសភានេះ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានតាក់តែងឡើងក្នុងទិសដៅធានាដល់កំណែទម្រង់ស្របទៅ តាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងការសម្រេច ឲ្យបានគោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំ ណើនការងារសមធម៌ និងប្រសិទ្ធភាព។ ច្បាប់ថវិកាឆ្នាំ២០១៩ ធានារក្សាបាន កំណើនម៉ាក្រូសេដ្ឋកិច្ចរង្វង់៧% ដែលមានលក្ខណៈល្អប្រសើរដល់ការបង្កើនប្រាក់ បៀវត្សរ៍ ជូនមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដោយឡែក លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋាភិបាល បានលើកឡើងថាថវិកាជាតិ ឆ្នាំ ២០១៩ ត្រូវបានគិតគូរនិងរៀបចំឡើងដើម្បីទ្រទ្រង់នូវសមិទ្ធិផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ដោយលំបាកនៅ ក្នុងនីតិកាលមុនៗក៏ដូច ជា អាទិភាពគោលនយោបាយសំខាន់ៗនិងវិធានការណ៍កែទម្រង់ជាក់ស្តែងនឹងត្រូវអនុវត្តនៅឆ្នាំ២០១៩ ព្រមទាំងផ្តល់ការឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខណ្ឌ ផ្ទៃក្នុងប្រទេស ទាំងក្របខណ្ឌតំបន់ និងពិភពលោក។ ជាពិសេសដើម្បីសម្រេចឲ្យបានជាអតិប្បរមានូវគោលដៅ យុទ្ធសាស្ត្រទាំង៤ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព ក៏ដូចជាផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព ៤យ៉ាង គឺ មនុស្ស ផ្លូវ ភ្លើងនិងទឹក ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ មាន៦ជំពូក និង១៣ មាត្រា។ បន្ទាប់ពីរដ្ឋសភាអនុម័តរួចហើយ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាបន្តពិភាក្សាអនុម័តរួចបញ្ជូនមករដ្ឋសភាជាតិវិញ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រម ព្រោះច្បាប់នេះ ត្រូវបានចាត់ទុកជាការប្រញាប់៕ (អត្ថបទដោយ ទេព វណ្ណះ)
