ភ្នំពេញ៖ អតីតមេដឹកនាំកំពូលខ្មែរក្រហមពីររូប គឺលោក នួន ជា និងលោក ខៀវ សំផន ដែលកំពុងជាប់ឃុំឃាំងជាបណ្តោះអាសន្ននៅសាលាក្តីខ្មែរក្រហម
នៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦វិច្ឆិកា សាលាដំបូងនៃតុលាការខ្មែរក្រហម នឹងប្រកាសសេចក្ដីសង្ខេបនៃសាលក្រមនៃសំណុំរឿង០០២ វគ្គ២ នៅចំពោះមុខជនជាប់ចោទទាំងពីរ គឺ នួន ជា និង ខៀវ សំផន។ ការប្រកាសនេះ ធ្វើឡើងនៅសាលសវនាការធំនៃសាលាក្ដីខ្មែរក្រហម។
សវនាការជំនុំជម្រះក្នុងសំណុំរឿង០០២ វគ្គ២ បានចាប់ផ្ដើមតាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ មុននឹងបិទបញ្ចប់ដោយសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។ សំណុំរឿងនេះ មានជនជាប់ចោទ២រូប គឺ នួន ជា និង ខៀវ សំផន។ សាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា បានគូសបញ្ជាក់ថា សំណុំរឿង០០២ វគ្គ២ គឺជាការកាត់ក្ដីចុងក្រោយ ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់របស់របបកម្ពុជាប្រជាធិបតេយ្យ ដែលនៅរស់រានមានជីវិត។
សហមេធាវីការពារក្ដី នួន ជា និង ខៀវ សំផន បានអះអាងថា កូនក្ដីរបស់ខ្លួនមិនមែនជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលកើតឡើងឡើយ។ មេធាវីជនជាប់ចោទ បានស្ដីបន្ទោសទៅលើវៀតណាម ដែលបានធ្វើឲ្យរបបខ្មែរក្រហមបរាជ័យ។ មេធាវីការពារក្ដី ក៏ដូចជាជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែរ បានស្នើសុំឲ្យសាលាដំបូងនៃតុលាការខ្មែរក្រហម ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ចោទឲ្យមានសេរីភាព។
ផ្ទុយពីសហមេធាវីការពារក្ដីជនជាប់ចោទ សហព្រះរាជអាជ្ញា បានស្នើឲ្យតុលាការដំបូងនៃសាលាក្ដីខ្មែរក្រហម ផ្ដន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ ចង់ឲ្យដាក់ពន្ធនាគារអស់មួយជីវិត ព្រោះសហព្រះរាជអាជ្ញាពិចារណាឃើញអំពីភាពធ្ងន់ធ្ងរនៃអំពើ ឧក្រិដ្ឋរបស់ជនជាប់ចោទ ដែលបានធ្វើឲ្យប្រជាជាតិទាំងមូលរងទុក្ខវេទនា ខ្លោចផ្សារ និងបង្កឲ្យស្លាប់ជីវិតមនុស្សជាច្រើនលាននាក់។
ក្រុមមេធាវីនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណី បានសម្ដែងការគាំទ្រចំពោះសំណើរបស់សហព្រះរាជអាជ្ញា និងស្នើឲ្យអង្គជំនុំជម្រះពិនិត្យលើអង្គច្បាប់ចំពោះសំណើនេះ។ បន្ថែមពីលើនេះ សហមេធាវីនៃដើមបណ្ដឹងរដ្ឋប្បវេណី ក៏បានស្នើសុំឲ្យទទួលស្គាល់នូវភស្តុតាងរបស់ខ្លួន អំពីទុក្ខវេទនារបស់ជនរងគ្រោះ ព្រមទាំងសម្រេចផ្ដល់សំណងក្នុងករណីជនជាប់ចោទត្រូវបានរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មដែលចោទប្រកាន់។
គួររំឭកជូនដែរថា សំណុំរឿង០០២ វគ្គ២ ផ្ដោតសំខាន់លើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម។ បទចោទនៅក្នុងសំណុំរឿងនេះ ពាក់ព័ន្ធនឹងសហករណ៍ សហករណ៍ត្រាំកក់ ការដ្ឋាន១មករា ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខ ការរៀបការដោយបង្ខំ ការបោសសម្អាតផ្ទៃក្នុង និងជម្លោះប្រដាប់អាវុធជាដើម។ សហព្រះរាជអាជ្ញាចង់ឲ្យតុលាការដាក់ពន្ធនាគារជនជាប់ចោទទាំង២ គឺ នួន ជា និងខៀវ សំផន អស់មួយជីវិត បើទោះបីជាអ្នកទាំងពីរត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿង០០២វគ្គ១ហើយក៏ដោយ៕ ( អត្ថបទដោយ ទេព វណ្ណះ)
