អាមេរិក​បញ្ជាក់ច្បាស់ៗទៅ​លោកស្រី អោងសាន ស៊ូជី៖ «ការធ្វើទុក្ខបុក​ម្នេញលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា គឺជារឿង​ដែលមិនអាច​អត់ឱនឲ្យបាន​ជាដាច់ខាត» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិក​បញ្ជាក់ច្បាស់ៗទៅ​លោកស្រី អោងសាន ស៊ូជី៖ «ការធ្វើទុក្ខបុក​ម្នេញលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា គឺជារឿង​ដែលមិនអាច​អត់ឱនឲ្យបាន​ជាដាច់ខាត»

15/11/2018
(សិង្ហបុរី)៖ អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានថ្កោលទោស​យ៉ាងខ្លាំងចំពោះ​អំពើហិង្សា និងការធ្វើ​ទុក្ខបុក ម្នេញ​លើជនជាតិដើមភាគតិច​រ៉ូហ៊ីងយ៉ា ដោយប្រាប់មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី អោងសាន ស៊ូជី ថាការធ្វើទុក្ខបុកម្នេញនេះ គឺជារឿងមិន​អាចអត់ឱនឱ្យ​បាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Pence ធ្វើការកត់​សម្គាល់ដូចខាងលើ ប្រាប់អ្នកសារព័ត៌មាន​នៅថ្ងៃពុធសប្ដាហ៍នេះ មុននឹងលោក​ចូលរួមកិច្ច​ប្រជុំមិនផ្លូវការមួយ នាឱកាសនៃ​កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក​ក្នុងប្រទេស​សិង្ហបុរី។ ថ្លែងនាឱកាស​នោះ លោក Pence បានគូសបញ្ជាក់យ៉ាង​ដូច្នេះ​ថា «អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ​លើជនជាតិជាដើម​ភាគតិច​រ៉ូហ៊ីងយ៉ា ពីសំណាក់យោធា​មីយ៉ាន់ម៉ា​ ដែលបង្ខំឱ្យមនុស្ស​ជាង ៧០០,០០០នាក់ រត់ភៀសខ្លួន​ទៅកាន់ប្រទេស​បង់ក្លាដែស ហើយធ្វើឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត និងរងការឈឺចាប់​គឺជារឿង​មិនអាចអត់ឱន​ឱ្យបានជា​ដាច់ខាត»
គួររំលឹកថា៖ អំពើហិង្សាលើ​ជនជាតិដើម​ភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ រ៉ាឃីន (Rakhine) បានផ្ទុះឡើងកាលពី​ខែសីហា ឆ្នាំ២០១៧ បន្ទាប់​ពីយោធា​មីយ៉ាន់ម៉ាបើក​ប្រតិបត្តិការ​​យោធា ប្រឆាំងនឹង​ក្រុមសកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា។ ចំណែកឯ ក្រុមអង្គការ​សិទ្ធិមនុស្ស​នានា​រួមទាំងអង្គការ​សហប្រជាជាតិ​បានចាត់ទុកថា ប្រតិបត្តិការយោធានេះ គឺជាមានចេតនា​បោសសំអាតជនជាតិ​រ៉ូហ៊ីងយ៉ា ដែលមាន​លក្ខណៈជាអំពើ​ប្រល័យ​ពូជសាសន៍។
ប៉ុន្តែក្រៅតែ​ពីការថ្កោលទោស គេមិនទាន់​ឃើញមានវិធានការ​រឹងមាំណាមួយ​លើរដ្ឋាភិបាល​មីយ៉ាន់ម៉ា​នៅឡើយទេ បន្ទាប់ពីចិន និងរុស្ស៊ីបានប្រើសិទ្ធិ​វ៉េតូ (ជំទាស់) ជាបន្តបន្ទាប់ជំទាស់​ទៅនឹង​ដំណោះស្រាយ ដាក់ទណ្ឌកម្ម និងថ្កោលទោស​មីយ៉ាន់ម៉ា៕