ចៅក្រមTimothy Kelly បានស្នើសុំឱ្យសេតវិមានឆ្លើយបំភ្លឺ យ៉ាងយូរត្រឹមវេលោម៉ោង ១១ព្រឹក ម៉ោងនៅក្នុងសហរដ្ឋអាមេរិក (ម៉ោង៤រសៀលម៉ោងសកល) ព្រោះតុលាការបានកំណត់ពេលម៉ោងបើកសវនការ នៅរសៀលថ្ងៃពុធនេះហើយ នៅវេលាម៉ោង៣កន្លះ រសៀលម៉ោងនៅសហអាមេរិក។
សំណើរបស់ចៅក្រម ដែលតែងតាំងឱ្យកាន់តួនាទី ដោយលោកត្រាំ ផ្ទាល់កាលពីឆ្នាំទៅ ធ្វើឡើងក្រោយពីបណ្តាញCNN បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាលលោកត្រាំ ទៅតុលាការ។ CNN ទាមទារឱ្យសេតវិមានផ្តល់សិទ្ធឱ្យអ្នកកាសែត ជីម អាកូស្តា Jim Acosta ដែលបានប្រទាក់សំដីជាមួយលោកប្រធានាធិបតីក្នុងសន្និសីទកាសែត ចូលទៅយកការណ៍នៅក្នុងសេតវិមានវិញ។ បើតាមមេធាវីរបស់CNN ការដកសិទ្ធបែបនេះ ជាការរំលោភច្បាប់ស្តីអំពីសេរីភាពនៃការបញ្ចេញមតិ។
តែសម្រាប់សេតវិមាន CNN ធ្វើជ្រុលហួសហេតុពេកហើយ ! សេតវិមាននឹងទៅការពារខ្លួន នៅតុលាការ ! នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន ដោយអះអាងថា មានអ្នកកាសែតCNNចំនួន៥០នាក់ផ្សេងទៀត មានសិទ្ធពេញលេញចូលយកការណ៍នៅវិមានប្រធានាធិបតី។ សេរីភាពនៃការបញ្ចេញមតិមិនត្រូវបានគោរពឡើយ បើអ្នកកាសែត ម្នាក់ណា ចង់និយាយតែម្នាក់ឯង មិនព្រមផ្តល់មីក្រូឱ្យអ្នកកាសែត១៥០នាក់ផ្សេងនោះ។ នេះបើតាមអ្នកនាំពាក្យសេតវិមានដដែល។
CNN អះអាងថាបានប្រើគ្រប់មធ្យោបាយដើម្បីបញ្ចៀសជម្លោះជាមួយសេតវិមាននៅតុលាការទេ តែCNN គ្មានជម្រើស ទើបត្រូវទៅតតាំងជាមួយរដ្ឋបាលលោកត្រាំតាមផ្លូវច្បាប់ទេ។ សមាគមអ្នកកាសែតប្រចាំសេតវិមានបានគូសបញ្ជាក់ថានឹងគាំទ្រភាគីCNN ក្នុងសំណុំរឿងនេះ។
ក្នុងពេលរង់ចាំប្រតិកម្មរបស់លោកដូណាល់ ត្រាំ CNNបានចាក់ផ្សាយឡើងវិញ សម្រង់ខ្សែអាត់សំឡងលោក ត្រាំ កាលនៅជាបេក្ខជនប្រធានាធិបតី ដែលបានសន្យាធ្វើខ្លួនឱ្យល្អ មិនចាត់វិធានការអ្វីប្រឆាំងអ្នកសារព័ត៌មានដូច្នេះទេ ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)