អាល្លឺម៉ង់៖ នៅថ្ងៃអង្គារទី ១៣វិច្ឆិកា នេះ លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ Angela Merkel បានប្រកាសគាំទ្រសេចក្តីអំពាវនាវរបស់ប្រធានាធិបតីបារាំង កាលពីសប្តាហ៍មុន ចង់បង្កើតកងទ័ពអឺរ៉ុបរួម ដើម្បីការពារអឺរ៉ុបខ្លួនឯង។ ការប្រកាសជំហររបស់អាល្លឺម៉ង់នេះ ធ្វើឡើងក្នុងខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការប្រឆាំងយ៉ាងខ្លាំង និងបានបង្ហោះសារវាយប្រហារលោកម៉ាក្រុង យ៉ាងធ្ងន់ៗ។
នៅក្នុងសុន្ទរកថាទៅកាន់អង្គសភាអឺរ៉ុប ដើម្បីបង្ហាញទស្សនៈវិស័យអាល្លឺម៉ង់ចំពោះអឺរ៉ុប លោកស្រី មែរកិល បានអំពាវនាវឱ្យអឺរ៉ុបរៀបចំបង្កើតឱ្យមានកងទ័ពរួម នាពេលអនាគត។ លោកស្រីមិនបានលម្អិតថាតើ កងទ័ពអឺរ៉ុបនឹងត្រូវបង្កើតឡើងនៅពេលណា និងមានទម្រង់យ៉ាងដូចម្តេចទេ។ ប៉ុន្តែលោកស្រីបានរំលឹកអំពីការចង់មានស្ថាប័ន ក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប សហការជាមួយប្រធានផ្លាស់វេនសហភាពអឺរ៉ុប ដែលអាចសម្រេចការណ៍ធំៗឱ្យបានឆាប់រហ័ស។ សម្រាប់លោកស្រី អឺរ៉ុបគួរតែដោយបោះបង់ចោលគោលការណ៍អនុម័តជាឯកច្ឆន្ទ តាមដែលអាចធ្វើទៅបាន ដើម្បីអាចធ្វើសេចក្តីសម្រេចបានលឿន។
លោកស្រី មែរកិល ក៏បានរំលឹកប្រសាសន៍របស់លោកប្រធានគណៈកម្មការអឺរ៉ុប Jean Claude Juncker កាលពីបួនឆ្នាំ ដែលថា ការបង្កើតកងទ័ពអឺរ៉ុបរួមមួយ ជាសារប្រាប់ពិភពលោកទាំងមូល ថាលែងមានសង្គ្រាមហើយ ក្នុងរង្វង់សមាជិកសហភាពអឺរ៉ុប។ កងទ័ពអឺរ៉ុប មិនប្រឆាំងនឹងអូតង់ទេ ! គ្មាននរណាប៉ះពាល់ទំនាក់ទំនងជាប្រពៃណីរបស់អឺរ៉ុបជាមួយអូតង់ឡើយ ! ផ្ទុយទៅវិញវាគឺជាសេវាបន្ថែមដើម្បីការពារខ្លួន។ នេះជាការអះអាងបន្ថែមរបស់លោកស្រីមែរកិល ដើម្បីបញ្ចៀសពាក្យរិះគន់។
ជំហររបស់លោកស្រីមែលកិលនេះ ជាការគាំទ្របារាំងដែលមិនអាចខ្វះបាន ! ព្រោះថ្វីបើបានបង្ហាញមុខរួមគ្នាកាលពីពីរថ្ងៃមុននៅទីក្រុងប៉ារីស ដើម្បីប្រារព្ធខួប១០០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទីមួយមែន តែលោកត្រាំ បាននិងកំពុង សម្តែងការប្រឆាំងយ៉ាងខ្លាំង នឹងប្រធានាធិបតីបារាំង។ សម្រាប់លោកត្រាំ សំណើរបស់ប្រធានាធិបតីបារាំង ចង់ឱ្យអឺរ៉ុបបង្កើតកងទ័ពរួម ដើម្បីការពារខ្លួន ពីការគំរាមកំហែងមកពីចិន ពីរុស្ស៊ី រាប់ទាំងសហរដ្ឋអាមេរិកមួយទៀត គឺការប្រមាថអាមេរិក។ នៅថ្ងៃអង្គារម្សិលមិញ លោកត្រាំ បានបង្ហោះសារ ដោយមិនខ្វល់ពីបែបបទការទូត វាយប្រហារលោកម៉ាក្រុង យ៉ាងខ្លាំង៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
