សៀមរាប៖ រឿងរ៉ាវកំពុងតែក្ដៅគគុក នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់កុមារាល្បីអាចនិយាយ ១៥ភាសា ធុច សាឡិក មហាជនជាច្រើនមានការងើយឆ្ងល់ ហេតុអ្វីបានជាឪពុកម្ដាយរបស់ ធុច សាឡិក ជំពាក់បំណុលគេច្រើនយ៉ាងនេះ រហូតទៅដល់៥ម៉ឺនដុល្លារ មានទាំងឯកជន សាច់ញាតិ និងធនាគារផង ឬពួកគាត់កុហក? សំណួរចាក់ដោតមួយនេះ បានធ្វើឲ្យមហាជនមួយចំនួនចង់ដឹង ព្រោះមើលឃើញថា ពួកគាត់ជាគ្រួសារក្រីក្រ រស់នៅផ្ទះខ្ទមតូច មិនមានរបស់បញ្ចាំឲ្យធនាគារផង ហេតុអ្វីធនាគារឲ្យខ្ចីប្រាក់រាប់ម៉ឺនៗដុល្លារដូច្នេះ?
តោះចូលសាច់រឿងយើងវិញ ធុច សាឡិក មានឪពុកឈ្មោះ ស៊ុន វុទ្ធី អាយុ៤១ឆ្នាំ មុខរបរជាងគំនូរជាង១០ឆ្នាំ និងជាងកាត់សក់ ថែមទាំងធ្លាប់ជាកីឡាករប្រដាល់សេរីឆ្នាំ១៩៩៦ តែបោះបង់អាជីពនោះ ក្រោយវ៉ៃចាញ់កីឡាករ ជា តក់ ២ដង ដណ្ដើមពានរង្វាន់មួយរបស់សម្ដេច។ ឯម្ដាយឈ្មោះ ម៉ាន់ វណ្ណា អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរវត្ថុអនុស្សាវរីយ៍ នៅមុខប្រាសាទតាព្រហ្មទាំងអស់គ្នា។
គាត់មានកូនចំនួន ៣នាក់ ប្រុសទាំង៣ គឺកូនប្រុសច្បងមានឈ្មោះ ធុច សីហា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ កូនទី២.ឈ្មោះ ធុច សាឡិក អាយុ១៤ឆ្នាំ ដែលចេះភាសាបរទេស ១៥ភាសា ជាសិស្សថ្នាក់ទី៩ និងកូនពៅឈ្មោះ ធុច ទិត្យា អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៥ ចេះ១២ភាសា។ ពួកគាត់រៀននៅអនុវិទ្យាល័យស្រះស្រង់ មានទីលំនៅបច្ចុប្បន្ននៅក្រុមទី៥ ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។
ចំពោះមូលហេតុដែលធ្វើឲ្យអ្នកស្រីជំពាក់បំណុលច្រើននោះ អ្នកស្រីប្រាប់ដំណើរដើមទងថា ពីមុនធ្លាក់ខ្លួនសុំសំយាបផ្ទះគេរស់នៅទាំងសមាជិកគ្រួសារ៥នាក់។ បន្ទាប់មកមើលឃើញការលំបាកពេកស្ទើររាល់ថ្ងៃ ព្រោះជួបភ្លៀងធ្លាក់ផង ខ្យល់បក់ប៉ើងរបើកសំយាបផង គាត់ក៏បានសន្សំប្រាក់ទិញដីក្នុងតម្លៃប្រមាណ ១៧ ៩០០ដុល្លារ ប្រាក់ខ្លួនឯងមានជាង ៥ពាន់ដុល្លារ និងខ្ចីប្រាក់បងប្អូន ឯកជន និងធនាគារផងជាង ១ម៉ឺនដុល្លារ រួចធ្វើផ្ទះបន្ថែម។ អ្នកស្រីប្រាប់ថា ទាំងដើមទាំងការកើនរាល់ថ្ងៃ ថែមទាំងម្ដាយឈឺទៀត ធ្វើឲ្យបំណុលគាត់កើនជាលំដាប់ រហូតប្រាក់ជំពាក់សរុបទាំងអស់ប្រមាណ ៥ម៉ឺនដុល្លារបែបនេះតែម្ដង។
ចំណែកលោក វុទ្ធី ជាឪពុកប្រាប់ថា សមាជិកគ្រួសារទាំង៥នាក់ ត្រូវចេញរកប្រាក់ទាំងអស់គ្នា មិនមានអ្នកណាទំនេរដេកផ្ទះទេ។ ចំពោះរបរជាងគំនូររបស់គាត់ ក្នុង១ផ្ទាំង ត្រូវគូររយៈពេល២ថ្ងៃ ទើបបានយកទៅលក់ក្នុង១ផ្ទាំង បានតម្លៃចាប់ពី ៥ដុល្លារ ទៅដល់១៥ដុល្លារ ហើយក្នុង១អាទិត្យ ទើបដាច់បាន១អីក៏មាន។ ឯអ្នកស្រី វណ្ណា ត្រូវស្ពាយក្រណាត់មានកន្សែង ក្រមា និងវត្ថុអនុស្សាវរីយ៍ច្រើនទៀតទម្ងន់ប្រមាណ ២០គីឡូ ដើរឬរត់រកភ្ញៀវជួយទិញរាល់ថ្ងៃ។ ឯកូនៗលក់របស់ស្រាលៗមានបន្តោង ដែកឆក់ និងខ្សែដៃជាដើម។
លោកក៏បានបន្ថែមទៀតថា ចំពោះសំណួរលេងហ្វេសប៊ុកដែលបានចោទសួរគាត់ថា ពិត ឬអត់ជំពាក់គេ ៥ម៉ឺនដុល្លារ? គាត់ប្រាប់ថា គ្រួសារលោកជាអ្នកទៀងត្រង់ រកសុីដោយភាពស្មោះត្រង់ ឯការខ្ចីប្រាក់ទាំងនោះ លោកមានលិខិតស្នាម ឯកសារទាំងអស់ មិនបានភូតកុហកមហាជនទេ។ បំណុលទាំងនោះ១០០ដុល្លារ មានការ១ដុល្លារ ក្នុងមួយខែ។
ដោយសារជំពាក់ច្រើនបែបនេះ សមាជិកគ្រួសារទាំងអស់ ត្រូវមានការងាររកលុយព្រមគ្នា ទើបអាចទប់ទល់សងឯកជន ធនាគារ និងជីវភាពប្រចាំថ្ងៃ។ អ្នកស្រី វណ្ណា បាននិយាយថាក្នុងមួយខែ ត្រូវសងត្រលប់ទៅធនាគារ និងឯកជនប្រមាណ ៧០០ដុល្លារ។ ការខ្ចីប្រាក់នោះ គឺមានរយៈពេល ៥ឆ្នាំ ដែលត្រូវរំលស់ទៅវិញទាំងការទាំងដើម។ ទោះលំបាកបែបនេះក្ដី អ្នកស្រីមិនឱ្យកូនៗ បោះបង់ការសិក្សាឡើយ គ្រាន់តែជួយលក់ពេលរសៀល និងល្ងាចប៉ុណ្ណោះ ៕ (អត្ថបទដោយ ទេព វណ្ណះ)