ភ្នំពេញ៖ ហាងលក់គ្រឿងមាស និងប្លាទីនមួយកន្លែង ត្រូវបានចោរគាស់ ចូលលួចគ្រឿងមាស និងប្លាទីន គិតជាទឹកប្រាក់អស់ប្រហែលជាង៥០ម៉ឺនដុល្លារ បង្កឲ្យភ្ញាក់ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងហាងលក់គ្រឿងមាស និងប្លាទីន «ហាងមាស ប្លាទីន » លេខ៥១ AB (តង់៣ AB) ស្ថិតក្នុងផ្សារសាមគ្គី ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
ជនរងគ្រោះជាម្ចាស់ហាងមាស និងប្លាទីន បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានប្រមូលទុកដាក់គ្រឿងអលង្ការ នៅក្នុងទូយ៉ាងត្រឹមត្រូវ ហើយចាក់សោទ្វារហាង រួចហើយធ្វើដំណើរទៅកាន់ផ្ទះសម្បែងរបស់គាត់តាមធម្មតា។ លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា គាត់បានធ្វើដំណើរមកដល់ហាងលក់ដូរ ហើយបម្រុងចាកសោទ្វារ ស្រាប់តែឃើញទ្វារហាងរបស់គាត់គ្មានសោ។
ម្ចាស់ហាង បានបន្ដថា ឃើញបែបនេះ គាត់មានអារម្មណ៍ភ័យពីការបាត់បង់ទ្រព្យសម្បត្ដិរបស់គាត់ ទើបគាត់បើកទ្វារចូលទៅ ឃើញបាត់គ្រឿងមាស និងប្លាទីន អស់រលីង។ ភ្លាមៗនេះ គាត់បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ និងបង្កឲ្យភ្ញាក់ផ្អើលតែម្ដង។ នៅក្នុងអំពើគាស់ទ្វារហាងមាសរបស់គាត់នេះ ក្រុមចោរបានលួចយកអស់គ្រឿងមាស និងប្លាទីនជាច្រើន ហើយបើគិតជាទឹកប្រាក់វិញ មានប្រហែលជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
មន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ម្ចាស់ហាងដែលត្រូវចោរគាស់លួចយកគ្រឿងអលង្ការនោះឈ្មោះ ជា ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាអ្នកលក់មាស និងប្លាទីន។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែនេះ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យមើលជាក់ស្ដែង ឃើញមានស្នាមគាស់ពីខាងក្រោយ។ ប៉ុន្តែទ្វារខាងមុខមិនឃើញមានការកាច់សោទ្វារនោះទេ ហើយក្រុមចោរបានប្រមូលយកគ្រឿងមាស និងប្លាទីនអស់ជាច្រើន។ រីឯចំនួនទឹកប្រាក់ប៉ុន្មាននោះ គឺសមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយ ហើយនៅពេលនេះ សមត្ថកិច្ចកំពុងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ ស្នាមក្រយៅដៃរបស់ជនល្មើស ដើម្បីកំណត់មុខសញ្ញា តាមចាប់ខ្លួននាំមកដាក់ទោសតាមច្បាប់។
មន្ត្រីនគរបាលដដែល បានបន្ដថា ក្រោយពេលពិនិត្យមើលពីភាពជាក់ស្ដែងហើយ សមត្ថកិច្ចបានកោះហៅលោកប្រធានផ្សារ និងក្រុមសន្តិសុខដែលយកប្រចាំការ មកសាកសួរ នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកំណត់មុខសញ្ញា។ ដោយឡែកក្រុមសន្តិសុខវិញ បានឆ្លើយប្រាប់សមត្ថកិច្ចថាពួកគាត់យាមតែខាងក្នុងទេ ចំណែកខាងក្រៅ គឺមិនទទួលខុសត្រូវឡើយ។
សូមជម្រាបថា កន្លងមកនៅក្នុងផ្សារសាមគ្គីនេះ មានបំពាក់កាមេរ៉ាសុវត្ថិភាពពេញផ្សារដែរ តែបច្ចុប្បន្ននេះ លោកប្រធានផ្សារដែលទើបនឹងចូលមកកាន់តំណែងថ្មី មិនបានបើកភ្លើងបំភ្លឺនោះឡើយ៕ (អត្ថបទដោយ ទេព វណ្ណះ)
