ប្រទេចិន៖ អាលីបាបា មហាក្រុមហ៊ុនចិន លក់ទំនិញតាមអ៊ីនធ័រនែតបានបំបែកឯតទគ្គកម្ម ខាងលក់បានចំណូលច្រើនបំផុត ក្នុងមួយថ្ងៃ។ ក្នុងថ្ងៃលក់ពិសេស ថ្ងៃ១១ ខែ១១ ក្រុមហ៊ុន អាលីបាបាលក់បានទំនិញ ដែលមានតម្លៃសរុប ២៧ពាន់លានអឺរ៉ូ គឺកើនឡើងប្រមាណ ៥ពាន់លានអឺរ៉ូ បើប្រៀបធៀបនឹងថ្ងៃពិសេស ដូចគ្នានេះ កាលពីឆ្នាំ មុន។ ក្រុមហ៊ុនអាលីបាបាបានបង្កើតកន្លែងលក់ទំនិញនៅលើអ៊ីនធ័រនែត ដ៏ធំជាងគេ នៅក្នុងពិភពលោក ប៉ុន្តែ ជាមួយគ្នានោះ វាក៏ជាកន្លែងដែលសំបូរលក់ច្រើនផងដែរ ផលិតផលក្លែងក្លាយ ហើយនិងទំនិញដែលលួចចម្លងពីផលិតផលដើម។
ចិនគឺជាឋានសួគ៍ផលិត និងបញ្ចេញលក់ទំនិញក្លែងក្លាយ ដែលបានបំផ្លាញការងារ និងធ្វើឲ្យក្រុមហ៊ុន នៅអឺរ៉ុប និងអាមេរិកខាតបង់ប្រាក់រាប់ពាន់លានអឺរ៉ូនៅថ្ងៃអាទិត្យ ទំនិញរាប់លានមុខត្រូវបានលក់ដាច់ចេញ ពីTaobao ដែលជាកម្មវិធីលក់ទំនិញ នៅលើទូរស័ព្ទរបស់ក្រុមហ៊ុនអាលីបាបា។
ប៉ុន្តែ ក្នុងចំណោមផលិតផលដែលដាក់លក់ តាមទូរស័ព្ទTaobao មានផលិតផលជាច្រើន ដែល ក្លែងក្លាយ ឬជាផលិតផល ដែលលួចចម្លងតាមម៉ាកល្បីរបស់អឺរ៉ុប ឬអាមេរិក។ ទឹកអប់ ម៉ាក Gogo Chenale ដែលយកចម្លងតាមទឹកអប់បារាំងដ៏ល្បីឈ្មោះ Coco Chanel ស្បែកជើង Ababis ដែលចម្លងចេញពីស្បែកជើងក្រុមហ៊ុនAdidas។
ផលិតផលក្លែងក្លាយ ផលិតផលលួចចម្លងតាមផលិតផលប្រណិតៗ ម៉ាកល្បីៗ កំពុងចរាចរណ៍យ៉ាងចេញមុខមាត់ នៅលើទីផ្សារអ៊ីនធ័រនែតរបស់ក្រុមហ៊ុនអាលីបាបា។ កាបូបស្បែក ដែលដូចបេះបិទទៅនឹងផលិតផលម៉ាកប្រណិតរបស់បារាំង ដូចជាLouis Vittons លក់ក្នុងតម្លៃ តែ១៥អឺរ៉ូប៉ុណ្ណោះ ក្នុងវិបសៃតិ៍លក់ទំនិញរបស់អាលីបាបា នៅពេលកាបូបLouis Vuitton ផលិតផលពិតរបស់បារាំង មានតម្លៃរាប់ពាន់អឺរ៉ូឯណោះ។ នៅលើវិបសៃតិ៍លក់ទំនិញរបស់Alibaba គេអាចរកទិញអាវរូបក្រពើLacoste តែក្នុងតម្លៃ៩អឺរ៉ូតែប៉ុណ្ណោះ។
នៅឆ្នាំ ២០១៦ អាមេរិកបានដាក់បញ្ចូលកម្មវិធីលក់ផលិតផលនៅតាមទូរស័ព្ទដៃ Taobao ទៅក្នុងបញ្ជីខ្មៅ នៃក្រុមផ្សារងងឹត ដែលល្បីឈ្មោះខាងលក់ផលិតផលក្លែងក្លាយ និងដែលរំលោភកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ។ កម្មសិទ្ធិបញ្ញានេះជាចំណុចសំខាន់មួយ ដែលអាមេរិកទាមទារចង់បាន នៅមុនពេលសម្រេចប្រកាសដំឡើងពន្ធលើទំនិញចិននាំចូលអាមេរិក ដែលជាដើមចមនៃការផ្ទុះឡើងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។
ពីចំណែកខាងសហភាពអឺរ៉ុបវិញ ការិយាល័យសហភាពអឺរ៉ុបដើម្បីកម្មសិទ្ធិបញ្ញាបានលើកឡើងថា ផលិតផលក្លែងក្លាយ បានបំផ្លាញការងារជាង ៤សែនការងារនៅអឺរ៉ុប ហើយនិងធ្វើឲ្យអឺរ៉ុបខាតបង់ទឹកប្រាក់ប្រមាណ ៦០ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំៗ។
នៅក្នុងរបាយការណ៍របស់ខ្លួន សម្រាប់ឆ្នាំ ២០១៧ ទីភ្នាក់ងារប៉ូលិសអឺរ៉ុប បានរកឃើញថា នៅឆ្នាំ២០១៥ ៨៦ភាគរយនៃផលិតផលក្លែងក្លាយក្នុងពិភពលោក មានប្រភពចេញមកពីប្រទេសចិន និងកោះហុងកុង។ តាំងពីសាប៊ូកក់សក់ សំលៀកបំពាក់ ផលិតផលម៉ាកប្រណិតៗ គ្រឿងអេឡិចត្រូនិក ចំណីអាហាររហូតដល់ថ្នាំពេទ្យ ក្លែងក្លាយត្រូវបានដាក់លក់យ៉ាងចំហរ ទៅដល់ដៃរបស់អតិថិជន ដែលមិនសូវយកចិត្តទុកដាក់ ប្រយ័ត្នពីផលិតផលក្លែងក្លាយ។
សម្រាប់ប្រធានទីភ្នាក់ងារប៉ូលិសអឺរ៉ុប លោក Rob Wainwright ផលិតផលក្លែងក្លាយមិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចរបស់អឺរ៉ុបតែប៉ុណ្ណោះទេ ប៉ុន្តែ វាបានប៉ះពាល់ផងដែរ ទៅដល់សុខភាព របស់អ្នកប្រើប្រាស់សូមអាន៖ របាយការណ៍៖ជំនួញផលិតផលក្លែងក្លាយក្នុងលោកមានទឹកប្រាក់ជិត ៥០ម៉ឺនលានដុល្លារក្នុង១ឆ្នាំ
ប្រធានរបស់សមាគមបារាំង ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ បានវាយតម្លៃថា ពាក់កណ្តាលនៃក្រុមហ៊ុនឧស្សាហកម្ម នៅប្រទេសបារាំងរងគ្រោះដោយសារការរំលោភកម្មសិទ្ធិបញ្ញានៅពេលដែលក្រុមហ៊ុនធំៗចំណាយ ប្រាក់ប្រមាណ ១០ភាគរយ នៃទុនវិនិយោគសរុបរបស់ខ្លួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ ដែលជាសត្រូវគ្រោះថ្នាក់ របស់ផលិតផលម៉ាករបស់ខ្លួន ក្រុមហ៊ុនបារាំងធុនមធ្យមវិញ បានរងគ្រោះខាតបង់ រហូតត្រូវបិទទ្វារ ទៅវិញដោយសារតែការលួចចម្លងម៉ាក ហើយនិងផលិតផលក្លែងក្លាយ។
នៅថ្ងៃចន្ទ សប្តាហ៍មុន នៅពេលបើកសម្ពោធពិព័រណ៌នៃការនាំចូល ប្រធានាធិបតីលោកស៊ីជីនពីង បានសន្យាបើកចំហទីផ្សារសម្រាប់ផលិតផលបរទេស។ ដើម្បីទាក់ទាញ អ្នកវិនិយោគបរទេស ទៅក្នុងប្រទេសចិន ប្រធានាធិបតីចិនបានសន្យាផងដែរថា នឹងពង្រឹង ការការពារកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន តាមរយៈ ការដាក់ពិន័យធ្ងន់ធ្ងរ ដល់អ្នកដែលលក់ផលិតផលក្លែងក្លាយ។ ក្រៅតែពីប្រកាសបង្កើត តុលាការពិសេសសម្រាប់ជំនុំជម្រះករណីរំលោភកម្មសិទ្ធិបញ្ញា ច្បាប់ថ្មីមួយទៀត ដែលនឹងចូលជាធរមាន ចាប់ពីខែមករាឆ្នាំក្រោយ នឹងចាប់តម្រូវឲ្យក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធ័រនែតដូចជា អាលីបាបាជាដើម ត្រូវតែបោសសម្អាត មិនឲ្យមានផលិតផលក្លែងក្លាយ នៅលើទីផ្សារអ៊ីនធ័រនែតរបស់ខ្លួន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលទីភ្នាក់ងារព័ត៌មានបារាំង បានទទួល នៅដើមសប្តាហ៍នេះ ក្រុមហ៊ុនអាលីបាបាបានបញ្ជាក់ថា ក្រុមហ៊ុនបានដាក់ប្តឹងចំនួន៤៨ករណីប្រឆាំងនឹងអ្នកដែលលក់ផលិតផលក្លែងក្លាយនៅលើផ្សារអ៊ីនធ័រនែតរបស់អាលីបាបាទៅតាមច្បាប់ថ្មីស្តីពីពាណិជ្ជកម្មនៅលើអ៊ីនធ័រនែត វិបសៃតិ៍ ធំៗ ដូចជាអាលីបាបានឹងជាអ្នកទទួលខុសត្រូវ ក្នុងករណីដែលគេឃើញមានចរាចរណ៍ផលិតផលក្លែងក្លាយ នៅវិបសៃតិ៍លក់ទំនិញ។
សម្រាប់ទីប្រឹក្សារបស់ក្រុមហ៊ុននាំចេញស្រាបារាំង La Guyennoise ដែលរងគ្រោះដោយសារតែ ការលួចចម្លង ផលិត និងដាក់លក់ស្រាក្លែងក្លាយ ក្រោមឈ្មោះស្រាបារាំង ដល់ទៅ ៥លានដប ក្នុងមួយឆ្នាំៗ នៅប្រទេសចិន ការទម្លាក់កំហុស ទំនួលខុសត្រូវទៅលើវិបសៃតិ៍លក់ទំនិញ តែម្នាក់ គឺគំនិតលាក់ពុតសុទ្ធសាធ ព្រោះថា ដោយពិតទៅ នៅតាមខេត្តខ្លះរបស់ចិន គឺអាជ្ញាធរថ្នាក់មូលដ្ឋាន ដែលចូលរួមផ្សំគំនិត ស៊ុំគ្រលំជាមួយក្រុមឧក្រិដ្ឋជន ដែលលួចផលិតទំនិញក្លែងក្លាយ ជាបណ្តាញ។
នេះគេនៅមិនទាន់និយាយដល់ចំណង់ចំណូលចិត្តរបស់ប្រជាជនចិន ដែលចង់បានទំនិញ ម៉ាកល្បីៗ ប៉ុន្តែ ក្នុងតម្លៃថោកនោះទេ។ ដរាបណា ផ្នត់គំនិតរបស់ប្រជាជនចិន នៅមិនទាន់ដូរ មិនទាន់យល់ និងផ្តល់តម្លៃដល់កម្មសិទ្ធិបញ្ញា ដល់គំនិតស្រាវជ្រាវ របស់អ្នកដទៃ នោះ ការសន្យាប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយរបស់ប្រធានាធិបតីចិន គឺមានតែនៅលើក្រដាសតែប៉ុណ្ណោះ៕ (អត្ថបទដកស្រង់ទេព វណ្ណះ)
