អារ៉ាប៊ីសាអូឌី៖ តម្លៃប្រេងឆៅ នៅទីផ្សារ បានកើនឡើងមកវិញ នៅថ្ងៃចន្ទទី ១២វិច្ឆិកានេះ នៅក្រោយអារ៉ាប៊ី សាអូឌីត ប្រទេសមហាសេដ្ឋីប្រេង ទើបបានប្រកាសកាត់បន្ថយការផលិតបូមប្រេងរបស់ខ្លួន នៅខែធ្នូក្រោយ។ អារ៉ាប៊ីសាអូឌីតទំនងចាត់វិធានការនេះ ដើម្បីទប់ទល់កុំឲ្យតម្លៃប្រេងធ្លាក់ចុះបន្តទៅទៀត បន្ទាប់ពី បានធ្លាក់ថយចុះ ខ្លាំង ពី៨៦ដុល្លារ នៅចុងខែតុលា មកដល់តម្លៃ ៧០ដុល្លារ នៅថ្ងៃសុក្រទី ៩ វិច្ឆិកា។
តម្លៃប្រេងឆៅ នៅលើទីផ្សារ បានហក់ កើនឡើង ជិត២ភាគរយ នៅថ្ងៃចន្ទនេះ។ កាលពីថ្ងៃសុក្រ ប្រេងឆៅមួយបារីល ថ្លៃ៧០ដុល្លារ ប៉ុន្តែ នៅថ្ងៃចន្ទ តម្លៃប្រេងឆៅ បានកើនឡើងដល់ ៧១,៥៤ ដុល្លារក្នុងមួយបារីល។
តម្លៃប្រេងឆៅឡើងថ្លៃខ្លាំង នៅមួយថ្ងៃក្រោយការប្រកាសរបស់រដ្ឋមន្រ្តីប្រេងអារ៉ាប៊ីសាអូឌីត ដែលថា អារ៉ាប៊ី សាអូឌីតនឹងកាត់បន្ថយការផលិតប្រេង របស់ខ្លួន នៅខែធ្នូខាងមុខ ពោលគឺនឹងកាត់បន្ថយការបូមប្រេងប្រមាណ ៥សែនធុង ក្នុងមួយថ្ងៃ។ ការសម្រេចចិត្តយ៉ាងដូច្នេះ របស់អារ៉ាប៊ី សាអូឌីតនឹងធ្វើឲ្យការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារធ្លាក់ថយចុះ ប្រមាណ ០,៥ភាគរយ។ វាអាចជាវិធានការរបស់អារ៉ាប៊ី សាអូឌីតដើម្បីជួយទប់តម្លៃប្រេង កុំឲ្យធ្លាក់ថយចុះ តទៅទៀត។
សូមបញ្ជាក់ថា តាំងពីឆ្នាំ ២០១៦ ការសម្រេចកាត់បន្ថយការផលិតបូមប្រេងរបស់ក្រុមប្រទេស នាំចេញប្រេង បានជួយឲ្យតម្លៃប្រេងឆៅ កើនឡើងខ្ពស់ដល់ ៨៦ដុល្លារ ក្នុងមួយបារីល នៅខែចុងខែតុលា មុននឹងធ្លាក់មកវិញ មកត្រឹមតម្លៃ ៧០ដុល្លារ ក្នុងមួយបារីល កាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះ។
នៅក្រោមការដាក់សម្ពាធរបស់អាមេរិក ហើយនិងប្រទេសផលិតប្រេងផ្សេងទៀត អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងច្រើនជាងគេ នៅលើពិភពលោក បានយល់ព្រមព្រៀងបង្កើនការផលិតប្រេងរបស់ខ្លួន ឲ្យដល់ ១លានបារីល ក្នុងមួយថ្ងៃ ពោលគឺដើម្បីទប់ទល់ ប៉ះប៉ូវ ដល់ការខ្វះខាតប្រេង នៅលើទីផ្សារ ក្នុងករណីអ៊ីរ៉ង់រងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។
ប៉ុន្តែ ស្ថានការណ៍បានផ្លាស់ប្តូរទៅវិញ ព្រោះថា នៅក្នុងទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ អាមេរិកបានធ្វើការលើកលែងមួយចំនួន ពោលគឺនៅតែអនុញ្ញាតឲ្យអ៊ីរ៉ង់ អាចលក់ប្រេងទៅឲ្យចិន និងឥណ្ឌា ដែលជាប្រទេសទិញនាំចូលប្រេងច្រើនជាងគេនៅក្នុងពិភពលោក។ ដោយសារតែអ៊ីរ៉ង់នៅតែអាចលក់ នាំចេញប្រេង ការបារម្ភរបស់អ្នកវិនិយោគដែលខ្លាចថា ការផ្គត់ផ្គង់ប្រេងមានច្រើនហួស លើសតម្រូវការ ធ្វើឲ្យតម្លៃប្រេង ធ្លាក់ចុះ ចាប់ពីទណ្ឌកម្មអាមេរិកទៅលើអ៊ីរ៉ង់ បានចូលជាផ្លូវការ កាលពីដើមខែវិច្ឆិកា៕ ( អត្ថបទដោយលោក ទេព វណ្ណះ)
