ភ្នំំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះ ដោយច្រានចោលការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា ការឃុំខ្លួនលោក កឹម សុខា នឹងត្រូវបញ្ចប់យ៉ាងយូរត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ ជាប្រតិកម្មបន្ទាប់ពីលោក សម រង្ស៊ី បានបកស្រាយតាមវិទ្យុអាស៊ីសេរីកាលពីយប់ម្សិលមិញ ទាក់ទងនឹងមូលហេតុដែលលោកបានបបួល សម្តេច ហ៊ុន សែន ភ្នាល់គ្នាករណីដោះលែង ឬមិនដោះលែង លោក កឹម សុខា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ។បើតាមក្រសួងយុត្តិធម៌ លោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្រោមបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទល្មើសក្បត់ជាតិ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទឧក្រិដ្ឋនេះ មានទោសជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។ សម្រាប់បទឧក្រិដ្ឋនេះ ការឃុំខ្លួនបណ្តោះអាសន្ន គឺអាចមានរយៈពេល ៦ខែ និងអាចពន្យារពេលម្តងបាន ៦ខែចំនួនពីរដង។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានអះអាងថា អន្តរជាតិនឹងបង្ខំសម្តេច ហ៊ុន សែន ឲ្យដោះលែង លោក កឹម សុខា យ៉ាងយូរត្រឹមថ្ងៃទី៣ខែមីនាឆ្នាំ២០១៩ ហើយថា សម្តេច ហ៊ុន សែន បានចូលស៊ងរបស់លោកនៅពេលលោកបបួលភ្នាល់ករណីលោក កឹម សុខា។
ជាការបកស្រាយបន្ថែមទៅលើអ្វីដែល លោក សម រង្ស៊ី បានបបួលសម្តេច ហ៊ុន សែន ភ្នាល់គ្នាដោយដាក់លក្ខខណ្ឌថា បើលោក សម រង្ស៊ី ថា ឈ្នះការភ្នាល់ លោកសុំឲ្យសម្តេច ហ៊ុន សែន ចុះចេញពីតំណែង។ តែបើខ្លួនលោកចាញ់វិញ លោកសុខចិត្តឲ្យសម្តេច ហ៊ុន សែន ចាប់ខ្លួន យកទៅឃុំទន្ទឹមគ្នានឹងលោក កឹម សុខា ហើយ សម្តេច ហ៊ុន សែន ក៏បានទទួលយកការភ្នាល់នេះ។
ប៉ុន្តែសហមេធាវីការពារក្តីឲ្យលោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃសៅរ៍ ដោយហៅ ការយកសេរីភាព លោក កឹម សុខា ដែលជាអ្នកនយោបាយផ្សាភ្ជាប់ទៅនឹងនយោបាយជាតិមកភ្នាល់ គឺធ្វើឲ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរ និងឈឹផ្សារថែមទៀត។បើតាមក្រុមមេធាវីដដែល បើសិនជាតុលាការដោះលែង លោក កឹម សុខា ឲ្យមានសេរីភាពវិញ នោះមិនមានន័យថា សម្តេច ហ៊ុន សែន ចាញ់ការភ្នាល់នោះទេ ព្រោះជានីតិវិធីច្បាប់ដែលត្រូវអនុវត្ត ហើយថាក៏គ្មានអ្នកចាញ់ និងអ្នកឈ្នះដែរ គឺខ្មែរជាអ្នកឈ្នះ។