(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះគំនិតបង្កើតកងទ័ពអឺរ៉ុបរបស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ដោយចាត់ទុកថា គំនិតនេះគឺជាការប្រមាថមួយ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី១0 ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានសន្មត់ថា អឺរ៉ុបគួរតែបង្កើតកងទ័ពផ្ទាល់ខ្លួនមួយ ដើម្បីការពារខ្លួនពីសហរដ្ឋអាមេរិករុស្ស៊ី និងចិន... នេះគឺជាការប្រមាថមួយ។ ប៉ុន្តែដែលអឺរ៉ុបគួរតែធ្វើដំបូងគេនោះគឺបង់ថ្លៃឱ្យស្មើភាពដល់អង្គការណាតូ ដែលសហរដ្ឋអាមេរិក កំពុងគំាទ្រយ៉ាងពេញទំហឹង»។
គួរបញ្ជាក់ថា៖ ការលើកឡើងខាងលើរបស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងលោក ម៉ាក្រុង ដែលបានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Europe 1 នាពេលថ្មីៗនេះថា អឺរ៉ុបគួរតែបង្កើតកងទ័ពផ្ទាល់ខ្លួន ដើម្បីការពារខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក។ ប៉ុន្តែការកត់សម្គាល់បែបនេះរបស់លោក ម៉ាក្រុង ទៀតសោត ត្រូវបានធ្វើឡើង ក្រោយក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនអ្នកបាននិយាយថា អឺរ៉ុបត្រូវតែបង្កើនសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែរឹងមាំ ព្រោះទីក្រុងវ៉ាស៊ីនតោនមិនអាចការពារអឺរ៉ុប ក្នុងពេលត្រូវប្រឈមមុខជាមួយរុស្ស៊ីផង និងចិនផងនោះទេ៕