ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារម្សិលមិញ បានបង្ហាញជំហរចង់ឲ្យវិទ្យុបរទេសចំនួន២ បើកការិយាល័យរបស់ពួកគេនៅប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីវិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា មុនបោះឆ្នោតឆ្នាំ២០១៨។ ជំហរនេះ បង្ហើបឲ្យដឹងតាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងជំនួបជាមួយ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅឯក្រសួងព័ត៌មាន។
«កម្ពុជាចង់ឲ្យមានការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងការិយាល័យវិទ្យុអាស៊ីសេរី RFA នៅកម្ពុជា ដើម្បីងាយស្រួលប្រាស្រ័យទាក់ទងការងារអ្វីមួយ»។ នេះជាអ្វីដែលលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ប្រាប់លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fresh News ។
កាលពីមុនបោះឆ្នោតខែកក្កដាឆ្នាំ២០១៨ ស្ថានីយវិទ្យុក្នុងស្រុកជាង ៣០ ដែលជួលម៉ោងផ្សាយឲ្យវិទ្យុ RFA និង VOA ត្រូវបានបិទ។ ប៉ុន្តែលោក ខៀវ កាញារីទ្ធ ថ្លែងថា ការដែលវិទ្យុបរទេសទាំងពីរនេះមិនអាចផ្សាយលើស្ថានីយវិទ្យុក្នុងស្រុកបាន ដោយសារស្ថានីយវិទ្យុក្នុងស្រុកបំពានវិធាននៃការជួលដោយមិនគោរពតាមនីតិវិធីដែលក្រសួងបានកំណត់។
យ៉ាងណាក៏ដោយ វិទ្យុ RFA ដែលបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា កាលពីខែកញ្ញាឆ្នាំ២០១៧ បានលើកហេតុផលថា ខ្លួនមិនអាចបន្តប្រតិបត្តិការទៅមុខបានដោយសារតែមានការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីការបិទវិទ្យុនេះ អ្នកយកព័ត៌មាន ២ រូបរបស់ RFA ត្រូវបានចាប់ខ្លួន និងចោទពីបទ «ប្រមូលព័ត៌មានខុសច្បាប់សម្រាប់ប្រភពបរទេស» ប៉ុន្តែពួកគេត្រូវបានដោះលែងនៅក្រៅឃុំ បន្ទាប់ពីការបោះឆ្នោតជាតិថ្ងៃទី ២៩ ខែកក្កដា។
ទាក់ទងនឹងប្រព័ន្ធផ្សាយដែរ ក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត ថ្ងៃទី ០៦ វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សថា កម្ពុជាមិនមានការរឹតត្បិតសេរីភាពសារព័ត៌មានតាមអនឡាញនោះទេ។ ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ គឺជាការឆ្លើយតបទៅនឹងសំណួរបស់លោកស្រី រ៉ូណា ស្មីត ទាក់ទងនឹងប្រកាសអន្តរក្រសួង ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៨ និងការមិនចេញអាជ្ញាប័ណ្ណដល់អ្នកកាសែតនៅកម្ពុជាជាដើម។